លោក សាម អុីន៖ គណបក្សប្រជាធិបតេយ្យមូលដ្ឋានប្តេជ្ញាបន្តបេសកកម្មភាពបក្ស ទោះមនុស្សសំខាន់ពីររូបចាកចេញក៏ដោយ
ភ្នំពេញ៖បន្ទាប់ពីមានការចាកចេញរបស់សមាជិកស្នូលពីររូប ពីគណបក្សប្រជាធិបតេយ្យមូលដ្ឋាន(GDP) គឺលោក យ៉ង សាំង កុមារ ប្រធានគណៈកម្មាធិការនាយកគណបក្សព្រមទាំងជាសហស្ថាបនិកសំខាន់របស់បក្ស និងលោក ឡឹក សុធារ អ្នកនាំពាក្យគណបក្ស ដែលបានទៅចូលរួមជាមួយគណបក្សប្រជាជនកម្ពុជាក្រោមហេតុផលចូលជួយរដ្ឋាភិបាលកម្ពុជាដើម្បីដោះស្រាយបញ្ហាវិស័យកសិកម្មនៅក្នុងស្រុក គណបក្សប្រជាធិបតេយ្យមូលដ្ឋានត្រូវបានមតិសាធារណៈ និងអ្នកតាមដានស្ថានការណ៍នយោបាយនានាមើលឃើញពីជោគវាសនាមិនសូវល្អរបស់គណបក្សនេះអាចនឹងកើតឡើង។
លោក សាម អុីន អគ្គលេខាធិការគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានផ្តល់បទសម្ភាសពាក់ព័ន្ធនឹងដំណើរការបន្តរបស់គណបក្ស ព្រមទាំងគោលជំហររបស់គណបក្សបន្តក្នុងលាននយោបាយកម្ពុជា ស្របនឹងគណបក្សក្មេងខ្ចីនេះមានអាយុកាលប្រមាណ ៧ឆ្នាំ បន្ទាប់ពីការចាកចេញនៃបុគ្គលសំខាន់ក្នុងបក្ស ខណៈរងការទិទៀនមួយចំនួនជុំវិញសមាជិកស្នូលទៅចូលរួមជាមួយនឹងគណបក្សកាន់អំណាចដូច្នេះ។
ឆ្លើយនឹងសំណួរថា នៅមុន និងបន្ទាប់ពីការចាកចេញរបស់លោកយ៉ង សាំង កុមារ និងលោកឡឹក សុធារ តើនៅក្នុងផ្ទៃក្នុងបក្សបានរៀបចំសេណារីយ៉ូដូចម្តេចដែរ?
លោក សាម អុីន បានបញ្ជាក់ថា យើងបានបញ្ជាក់រួចហើយថា ការចាកចេញរបស់លោកបណ្ឌិត យ៉ង សាំង កុមារ និងលោក ឡឹក សុធារ នេះ គឺមានការផ្តល់ព័ត៌មានជាមុនដោយមានការពិគ្រោះយោបល់ជាមួយនឹងថ្នាក់ដឹកនាំគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ជាពិសេសជាមួយលោកប្រធាន យ៉េង វីរៈ អ្នកគ្រូ ប្រុប វន្នី ជាមួយខ្លួនខ្ញុំផ្ទាល់។ បន្ទាប់ពីការចាកចេញនេះ យើងមានវិធានការដើម្បីជ្រើសតាំងសមាសភាពជំនួសលោកទាំងពីរ ដែលយើងនឹងប្រើយន្តការផ្ទៃក្នុងបក្សរបស់យើងក្នុងការជ្រើសរើសមនុស្សជំនួសក្នុងផ្ទៃក្នុងបក្សដែលយើងមានលក្ខន្តិកៈ និងយន្តការបក្សផ្ទាល់ក្នុងពេលឆាប់ៗនេះ ដោយមិនលើសពី ២សប្តាហ៍ទៀតនោះទេ។ ដោយយើងប្រើយន្តការប្រជាធិបតេយ្យ ក្នុងនោះមានការប្រជុំគណៈកម្មការប្រតិបត្តិ និងគណៈកម្មការនាយកជាដើម នៅក្នុងការជ្រើសរើសប្រធានគណៈកម្មាធិការនាយក និងអគ្គលេខាធិការរង។
ចំពោះសំណួរថា បន្ទាប់ពីការចាកចេញរបស់សហស្ថាបនិកសំខាន់ តើគណបក្សនេះអាចនឹងមានការផ្លាស់ប្តូរលក្ខន្តិកៈ និងរចនាសម្ព័ន្ធផ្ទៃក្នុងបក្ស ឬទេ?
លោក សាម អុីន បានបញ្ជាក់ថា គណបក្សប្រជាធិបតេយ្យមូលដ្ឋាន នឹងពុំមានការផ្លាស់ប្តូរលក្ខន្តិកៈណាមួយឡើយ ព្រមទាំងរចនាសម្ព័ន្ធផ្ទៃក្នុងបក្សជាដើម ដោយយើងនៅរក្សាការប្រើប្រាស់យន្តការដែលគណបក្សបានកំណត់ក្នុងសុពលភាពរួចទៅហើយនោះដដែល ដោយគ្រាន់តែជ្រើសរើសមនុស្សថ្មីមកជំនួសអ្នកចាកចេញប៉ុណ្ណោះ។
ចំពោះសំណួរថា មានការលើកឡើងពីសាធារណមតិ និងអ្នកវិភាគនយោបាយថា គណបក្សប្រជាធិបតេយ្យមូលដ្ឋាន អាចនឹងមានជោគវាសនាអាក្រក់ អស្ថេរភាពបក្សផង បន្ទាប់ពីការចាកចេញរបស់លោកយ៉ង សាំង កុមារ តើលោកមានអ្វីជាការឆ្លើយតបដែរ?
លោក សាម អុីន បានពន្យល់ថា ជាធម្មតា អ្នកវិភាគ ពួកគាត់តែងនៅឈរតាមទីតាំងរបស់ពួកគាត់ ដោយធ្វើការប៉ាន់ប្រមាណផ្ទាល់ខ្លួន ដោយពួកគាត់មិនបានយល់ដឹងស៊ីជម្រៅអំពីស្ថានការណ៍ជាក់ស្តែងរបស់ផ្ទៃក្នុងបក្សប្រជាធិបតេយ្យមូលដ្ឋាននោះទេ។ ពួកគាត់មានសិទ្ធិវិភាគ បញ្ចេញយោបល់ ប៉ុន្តែគណបក្សប្រជាធិបតេយ្យមូលដ្ឋាន យើងមានយន្តការផ្ទៃក្នុងរបស់យើងក្នុងការដោះស្រាយបញ្ហានេះ ហើយយើងនឹងចាត់វិធានការឆាប់ៗ ដោយរើសយកមនុស្សដែលមានសមត្ថភាពមកជំនួសលោកបណ្ឌិតយ៉ង សាំង កុមារ ដើម្បីបន្តដំណើររបស់បក្សយើងជាបន្តទៀត។ ដូច្នេះ សូមអំពាវនាវដល់អ្នកវិភាគ ធ្វើការតាមដានជាបន្តទៀត ហើយព្រមទាំងទទួលព័ត៌មានឱ្យគ្រប់ជ្រុងជ្រោយ ដើម្បីធ្វើការវិភាគឱ្យកាន់តែត្រឹមត្រូវជូនដល់មហាជន។
ឆ្លើយនឹងសំណួរថា បន្ទាប់ពីនេះ តើគណបក្សប្រជាធិបតេយ្យមូលដ្ឋាននឹងធ្វើអ្វីជាបន្តទៀត ហើយថាតើគណបក្សនេះនឹងប្រកាន់ជំហរមោះមុតក្នុងឆាកនយោបាយខ្មែរ ឬយ៉ាងណា?
លោក សាម អុីន បានតបថា ខ្ញុំសូមធ្វើការបញ្ជាក់ថា តាំងពីការកកើតគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៥ រហូតមកដល់ពេលនេះ គណបក្សយើងបានជួបប្រទះ និងប្រឈមជាមួយនឹងបញ្ហាលំបាកៗជាច្រើនរួចទៅហើយ។ រាប់ចាប់តាំងពីការជេរប្រមាថ ការលាភពណ៌ ការមើលស្រាល កង្វះខាតផ្នែកហិរញ្ញវត្ថុ ការចាកចេញពីសំណាក់សមាជិកបក្សមួយចំនួន ជាពិសេសក្នុងឆ្នាំ២០១៦ គឺការបាត់បង់បិតាស្ថាបនិកគណបក្សគឺលោកបណ្ឌិត កែម ឡី និងនាពេលថ្មីៗនេះទៀត ក៏មានការចាកចេញពីសហស្ថាបនិកមួយរូបទៀតគឺលោកបណ្ឌិត យ៉ង សាំង កុមារ។
យើងធ្លាប់បានឆ្លងកាត់ឧបសគ្គជាច្រើនជំពូកទៅហើយ ប៉ុន្តែគណបក្សយើងនឹងបន្តដំណើរទៅមុខបន្តទៀត ជាមួយភាពស្វាហាប់ និងប្រកបដោយក្តីសង្ឃឹមដើម្បីចូលរួមចំណែកលើកស្ទួយលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងដំណើរសំដៅទៅរកគោលដៅវែងឆ្ងាយរបស់យើង ដើម្បីពលរដ្ឋកម្ពុជារស់នៅក្នុងជីវភាពមួយដែលថ្លៃថ្នូរ ប្រទេសជាតិមានអធិបតេយ្យភាពពេញលេញ ហើយយើងនៅបន្តគោរពគោលការណ៍សាមគ្គីជាតិ យុត្តិធម៌ អហិង្សា ក្នុងការបន្តដំណើរតស៊ូនយោបាយរបស់យើងបន្តទៀត ដែលសូមអំពាវនាវដល់សមាជិកសមាជិការ អ្នកគាំទ្រយើង សាធារជនទាំងអស់ ជ្រាបជាព័ត៌មាន។
សារចុងក្រោយ ខ្ញុំ សាម អុីន សូមបញ្ជាក់ថា ដើមឈើមួយដើមរីកលូតលាស់ចាក់ឬសរឹងមាំ វាតែងតែជួបប្រទះនូវព្យុះភ្លៀងជាច្រើន ដែលនេះជារឿងធម្មតាក្នុងច្បាប់ធម្មជាតិ៕
ដោយ៖សំបាន ច័ន្ទដារ៉ា (រូបភាព៖ ហ្វេសប៊ុក)