​សហភាពអឺរ៉ុប ​គ្រោង​បង្កើត​​​​​តុលាការ​​ជំនាញ​​ដើម្បី​​ស៊ើប​អង្កេត​​ឧក្រិដ្ឋកម្ម​​សង្គ្រាម​របស់​​​រុស្ស៊ី​នៅ​អ៊ុយក្រែន​​

អ៊ីយូ៖​ សហភាព​អឺរ៉ុប (EU) ​​បាន​ស្នើ​កាល​ពី​ថ្ងៃ​ពុធ​​ទី​ ៣០ ខែ​វិច្ឆិកា​​ ​​ឱ្យ​បង្កើត​តុលាការ​ដែល​គាំទ្រ​ដោយ​អង្គការ​សហប្រជាជាតិ​ដើម្បី​ស៊ើប​អង្កេត​ឧក្រិដ្ឋកម្ម​សង្គ្រាមរបស់​កង​ទ័ព​រុស្ស៊ី​​ដែល​អាច​កើត​មាន​​នៅ​អ៊ុយក្រែន​ ​និង​ប្រើ​ប្រាស់​ទ្រព្យ​សម្បត្តិ​របស់​រុស្ស៊ី​ដែល​បាន​បង្កក​ ដើម្បី​​ស្ដារ​​អ៊ុយក្រែន​ឡើង​វិញ​។ ​

​ប្រធាន​គណៈកម្មការ​អឺរ៉ុប​លោក​ស្រី​ អួរស៊ូឡា វ៉ុនឌែរ ឡេយែន ​បាន​​ថ្លែង​​​នៅ​ក្នុង​សារ​ជា​វីដេអូ​ថា​ EU ​​នឹង​ធ្វើ​ការ​ជាមួយ​ដៃគូ​អន្តរជាតិ​ដើម្បី​ទទួល​បាន​​ការ​គាំទ្រ​អន្តរជាតិ​ដ៏​ទូលំ​ទូលាយ​​បំផុត​​​តាម​តែ​​អាច​ធ្វើ​ទៅ​បាន​​​សម្រាប់​ការ​បង្កើត​តុលា​ការ​នេះ ​ខណៈ​ពេល​ដែល​ខ្លួន​នៅ​តែ​​បន្ត​គាំទ្រ​ដល់​តុលាការ​ឧក្រិដ្ឋ​កម្ម​អន្តរ​ជាតិ​ (ICC)។

​សកម្មភាព​បែប​នេះ​របស់សហភាពអឺរ៉ុប ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​មាន​ការ​ចោទ​​ប្រកាន់​ជា​ច្រើន​​​ពី​បទ​​ឧក្រិដ្ឋ​កម្ម​សង្រ្គាម​ ចំពោះ​កង​ទ័ព​រុស្ស៊ី​ដែល​ចាប់​ផ្ដើម​ការ​​ឈ្លាន​ពាន​អ៊ុយក្រែន​​ទូទាំង​ប្រទេស​នៅ​ចុង​ខែ​កុម្ភៈ​។ ឧក្រិដ្ឋកម្ម​ទាំង​នោះ​ រួម​មាន​ទាំង​ការ​សម្លាប់ និង​​​ការ​វាយ​ប្រហារ​លើ​គោល​ដៅ​​ជន​ស៊ីវិល​។ ​

អ្វី​ដែល​​គួរ​ឱ្យ​កត់​សម្គាល់​នោះ​គឺ​ថា​ ការ​ស៊ើប​អង្កេត​លើ​ឧក្រិដ្ឋកម្ម​យោធា​ដែល​បាន​ប្រព្រឹត្ត​កំឡុង​សង្គ្រាម​នៅ​អ៊ុយក្រែន​ កំពុង​ដំណើរការ​នៅ​ជុំវិញ​អឺរ៉ុប​ ហើយ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡាអេ​ បាន​បើក​ការ​ស៊ើប​អង្កេត​រួច​ហើយ​។​ ​ប៉ុន្តែ​ដោយ​សារ​តែ​រុស្ស៊ី​មិន​ទទួល​យក​យុត្តាធិការ​របស់​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ គណៈកម្មការ​អឺរ៉ុប​បាន​​លើក​ឡើង​ថា​ ​ខ្លួន​បាន​បង្ហាញ​ជម្រើស​​២​ដល់​ប្រទេស​សហភាពអឺរ៉ុប ទាំង ​២៧​ ដើម្បី​ឱ្យ​វិមាន​ក្រឹមឡាំង​ទទួល​ខុស​ត្រូវ​។ ជម្រើស​ទាំង​នោះ​រួម​មាន​ បង្កើត​ឱ្យ​មាន​​តុលាការ​អន្តរជាតិ​ឯករាជ្យ​ពិសេស​មួយ​​ដែល​ផ្អែក​លើ​សន្ធិសញ្ញា​ពហុ​ភាគី​ និង​តុលាការ​ឯកទេស​​មួយ​​ដែល​រួម​បញ្ចូល​នៅ​ក្នុង​​ប្រព័ន្ធ​យុត្តិធម៌​ជាតិ​​ជាមួយ​ចៅ​ក្រម​អន្តរជាតិ​ ពោល​គឺ​តុលាការ​កូន​កាត់​។  ​

គួរ​គូស​បញ្ជាក់​ថា​ ការ​ស្វែង​រក​បង្កើត​តុលារ​​នេះ​ ធ្វើ​ឡើង​ទន្ទឹម​នឹង​ការ​ទាម​ទារ​រក​យុត្តិធម៌​ពី​អ៊ុយក្រែន​។ ​​ស្ត្រី​ទី​១​អ៊ុយក្រែន​ លោក​ស្រី​ អូឡេណា ហ្សេលេនស្គី (Olena Zelenska)​ កាល​ពី​ថ្ងៃ​អង្គារ​ ​​បាន​​ជំរុញ​ឱ្យមាន​ការ​ដាក់​សម្ពាធ​លើ​​​​​រុស្ស៊ី​​ឱ្យ​ទទួល​ខុស​ត្រូវ​។

លោក​ស្រី​​​បាន​​ប្រាប់​​សមាជិក​​សភា​​ក្នុង​​ទីក្រុង​​ឡុងដ៍ថា ​៖ «​ជ័យ​ជម្នះ​មិន​មែន​ជា​រឿង​តែ​មួយ​គត់​ដែល​យើង​ត្រូវ​ការ​នោះ​ទេ​» និង​បាន​​​​ប្រៀប​ធៀប​​ឧក្រិដ្ឋកម្ម​​សង្រ្គាម​​របស់​​រុស្ស៊ី​​ទៅ​នឹង​​អំពើ​​ឃោរឃៅ​​ដែល​​ណាស៊ី​​អាល្លឺម៉ង់​​បាន​​ប្រព្រឹត្ត​​ក្នុង​​សង្រ្គាម​​លោក​​លើក​​​ទី​២​​

មិន​ត្រឹម​តែ​ប៉ុណ្ណេះ លោក​ស្រី ហ្សេលេនស្គី ថែម​ទាំង​បាន​​​អំពាវ​នាវ​ឱ្យ​ចក្រភព​អង់គ្លេស​ដឹក​នាំ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​បង្កើត​តុលាការ​ព្រហ្មទណ្ឌ​​កាត់​ទោស​​​មន្រ្តី​រុស្ស៊ី​ជាន់​ខ្ពស់​ ដែល​ស្រដៀង​នឹង​ការ​កាត់​ទោសនៅ​ក្រុង​​​ Nuremberg ​នៅ​ប្រទេស​​អាល្លឺ​ម៉ង់​​ចំពោះ​ក្រុម​មេដឹកនាំ​ណាស៊ី​ ដែរ​។

ងាក​ទៅ​មើល​ផែន​ការ​របស់​អឺរ៉ុប​វិញ​ លោក​ស្រី វ៉ុនឌែរ ឡេយែន ​​បាន​បន្ថែម​ថា​ សហភាព​អឺរ៉ុប​ចង់​ធ្វើ​ឱ្យ​រុស្ស៊ី​ចំណាយ​ស​ម្រាប់​ការ​បំផ្លិច​បំផ្លាញ​ដែល​ប្រទេស​នេះ​​បង្ក​ឡើង​នៅ​​អ៊ុយក្រែន​ ដោយ​ប្រើ​ទ្រព្យ​សម្បត្តិ​របស់​រុស្ស៊ី​ ដែល​​ប្លុក​អឺរ៉ុប​​​បង្កក​ក្រោម​ទណ្ឌកម្ម​។ លោក​ស្រី​បាន​​​ប៉ាន់​ប្រមាណ​ថា​ ​រហូត​មក​ទល់​ពេល​នេះ​ អ៊ុយក្រែន​មានការ​ខូត​ខាត​​រហូត​ដល់​ ៦១៧ ប៊ីលាន​ដុល្លារ​។  ​

ប្រធាន​គណៈ​កម្មការ​អឺរ៉ុប​ដដែល​ និយាយ​យ៉ាង​ដូច្នេះ​ថា ​៖ «​​​រុស្ស៊ី ​និង​មន្ត្រី​រាជ​ការ​របស់​ខ្លួន​ត្រូវ​ផ្តល់​សំណង​ដល់​អ៊ុយក្រែន​សម្រាប់​ការ​ខូច​ខាត​ និង​ត្រូវ​ចំណាយ​សម្រាប់​ការ​កសាង​ប្រទេស​នេះ​​ឡើង​​វិញ​​​។​ ​យើង​មាន​មធ្យោបាយ​ធ្វើ​ឱ្យ​រុស្ស៊ី​បង់​ប្រាក់​»​។ ជុំ​វិញ​បញ្ហា​នេះ​ លោក​ស្រី​បញ្ជាក់​ថា​ ​ប្រាក់​ ៣០៨ ប៊ី​លាន​ដុល្លារ​​​នៃ​ទុន​បម្រុង​របស់​ធនាគារ​កណ្តាល​រុស្ស៊ី​​ត្រូវ​បាន​បង្កក​ ជាមួយ​នឹង​ប្រាក់​របស់​​មហាសេដ្ឋី​រុស្ស៊ី​ចំនួន​ ២០ ប៊ីលាន​ផ្សេង​ទៀត​។ ​

លោក​​ស្រី​​​ វ៉ុនឌែរ ឡេយែន បាន​​​​​អះ​អាង​ថា ​អឺរ៉ុប​នឹង​​បង្កើត​​​​​រចនា​​សម្ព័ន្ធ​​មួយ​​ដើម្បី​​គ្រប់​​គ្រង​​មូលនិធិទាំង​នេះ​​​ ​​​ហើយ​នៅ​ពេល​ដែល​ទណ្ឌកម្ម​ដក​ចេញ​ ​​មូលនិធិ​ទាំង​នេះ​នឹង​​​អាច​ត្រូវ​​​ប្រើ​ប្រាស់​ដើម្បី​ឱ្យ​រុស្ស៊ី​ផ្តល់​សំណង​ពេញ​លេញ​សម្រាប់​ការ​ខូច​ខាត​នៅ​អ៊ុយក្រែន​។

សូម​រំឭក​ថា កន្លង​មក​រុស្ស៊ី​តែង​ព្រមាន​​មិន​ឱ្យ​លោក​ខាង​លិច​យក​​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន​ទៅ​ប៉ះ​ប៉ូវ​អ៊ុយក្រែន​ ដោយ​និយាយ​ថា​ ការ​បង្កក​ទុក​​បម្រុង​នៅ​បរទេស​របស់​ធនាគារ​កណ្ដាល​រុស្ស៊ី​ និង​ទ្រព្យ​សម្បត្តិ​នៃ​ពល​រដ្ឋ​របស់​ខ្លួន​គឺ​ជា​ទង្វើ​ខុស​ច្បាស់​។ជាមួយ​គ្នា​នេះ​ អ្នក​ជំនាញ​ផ្នែក​ច្បាប់​ក៏​ព្រមាន​ផង​ដែរ​ថា​  ​​តាម​ទស្សនៈ​ច្បាប់​អន្តរជាតិ​ ការ​ប្រើ​ប្រាស់​ទ្រព្យ​សកម្ម​របស់​ធនាគារ​កណ្តាល​រុស្ស៊ី​ នឹង​មាន​ការ​លំបាក​ផ្នែក​ច្បាប់​បើ​​គ្មាន​ការ​យល់​ព្រម​ពី​រុស្ស៊ី​៕

ដោយ៖ហួន ឌីណា ប្រភព​៖ EU seeks specialized court to investigate Russia war crimes

ads banner