ក្រសួងសុខាភិបាលសម្រេចផ្អាកមន្ទីរសម្រាកព្យាបាលដើមអង្គ្រង និងដាក់ទណ្ឌកម្មដល់ឆ្មបមួយរូបពីការប្រកបវិជ្ជាជីវៈឆ្មបជាបណ្តោះអាសន្នរយៈពេល២ឆ្នាំ
ភ្នំពេញ៖ក្រសួងសុខាភិបាល បានរកឃើញថា ករណីស្រី្តរំលូតកូនខុសបច្ចេកទេសដែលបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ស្រ្តីជាម្តាយ គឺបណ្តាលមកពីឆ្មបនៃមន្ទីរសម្រាកព្យាបាលដើមអង្គ្រង មិនបានទទួលការបណ្តុះបណ្ដាលបន្ថែមស្ដីពីការរំលូតកូននៅឡើយ ខណៈឆ្មបនោះ ត្រូវបានក្រសួងដាក់ទណ្ឌកម្មដោយផ្អាកការប្រកបវិជ្ជាជីវៈឆ្មបជាបណ្តោះអាសន្នរយៈពេល២ឆ្នាំ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី៣០ ខែវិច្ឆិកា បានឱ្យដឹងថា ក្រោយពីទទួលបានព័ត៌មានតាមការចុះផ្សាយក្នុងបណ្ដាញព័ត៌មានសង្គម ស្ដីពីមានហេតុការណ៍រំលូតគ៌ភក្នុងផ្ទៃស្ត្រីដែលមានឈ្មោះ សឿន ស្រីអូន អាយុ ២២ឆ្នាំ នៅមន្ទីរសម្រាកព្យាបាលដើមអង្គ្រង (ព្រៃទទឹង) ក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ នាថ្ងៃទី២៩ ខែវិច្ឆិកាភ្លាមៗនោះ ក្រសួងបានចាត់បញ្ចូន ក្រុមការងារបច្ចេកទេសរបស់ក្រសួង សហការជាមួយអាជ្ញាធរ និងមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ ចុះពិនិត្យស្រាវជ្រាវករណីកើតហេតុបណ្តាលមកពីការរំលូតគ៌ភក្នុងផ្ទៃស្រ្តីនេះ។
ក្រសួងបានបន្តថា ៖ «ក្រសួងមានការសោកស្តាយជាពន់ពេកនូវហេតុការណ៍រំលូតកូនក្នុងផ្ទៃអាយុ ១៨សប្តាហ៍របស់ស្ត្រីជាម្តាយ នៅមន្ទីរសម្រាកព្យាបាលដើមអង្គ្រង ដោយមន្ទីរសម្រាកព្យាបាលនេះ មានការធ្វេសប្រហែសបានអនុញ្ញាតឱ្យឆ្មបដែលមិនទាន់ទទួលបានការបណ្តុះបណ្ដាលបន្ថែមស្ដីពីការ រំលូតគ៌ភនៅឡើយ អនុវត្តខុសបច្ចេកទេសគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសការណែនាំបច្ចេកទេសពីមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក និងបទដ្ឋានគតិយុត្តនានារបស់ក្រសួង និងពីគណៈវិជ្ជាជីវៈឆ្មប»។
តាមរយៈការពិនិត្យនិងស្រាវជ្រាវក្រសួងក៏បានសម្រេចបិទជាបណ្តោះអាសន្នមន្ទីរសម្រាកព្យាបាលដើមអង្គ្រង ដើម្បីបន្តនីតិវិធីស្រាវជ្រាវតាមច្បាប់ជាធរមាននូវហេតុការណ៍ដែលបានកើតឡើងគួរឱ្យសោកស្តាយជាទីបំផុតនេះ។
ជាមួយគ្នានេះ ក្រសួងតម្រូវឱ្យមន្ទីរសម្រាកព្យាបាលដើមអង្គ្រង ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន លើបាតុភាពដែលបានកើតមានឡើង ដែលបណ្ដាលមកពីការធ្វេសប្រហែសរបស់ខ្លួន។
ក្រសួងបញ្ជាក់ថា ចំពោះករណីឆ្មបដែលបានអនុវត្តការរំលូតគភ៌ក្នុងផ្ទៃអាយុ ១៨សប្តាហ៍នោះ ក្រសួងក៏បានចាត់ឱ្យគណៈវិជ្ជាជីវៈឆ្មប ចុះធ្វើការស្រាវជ្រាវជាបន្តជាបន្ទាន់ផងដែរ ដោយអនុលោមតាមច្បាប់គ្រង់គ្រងអ្នកប្រកបវិជ្ជាជីវៈ សុខាភិបាលដែលមានជាធរមាន។
ក្រសួងបានបន្តថា ៖ « គណៈវិជ្ជាជីវៈឆ្មបដែលស្ថិតនៅក្រោមសមត្ថកិច្ចរបស់ខ្លួន បានស្រាវជ្រាវ និងពិនិត្យលក្ខណៈបច្ចេកទេសឆ្មបយ៉ាងល្អិតល្អន់ ហើយបានសម្រេចដាក់ទណ្ឌកម្មខាងវិន័យទៅលើឆ្មបឈ្មោះ អ៊ុង ធារិន ដោយផ្អាកការប្រកបវិជ្ជាជីវៈឆ្មបជាបណ្តោះអាសន្ន រយៈពេល២ឆ្នាំ) យោងតាមមាត្រាទី១៥ នៃច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈ វិស័យសុខាភិបាល»។
អគ្គលេខាធិការរងទី១នៃកាកបាទក្រហមកម្ពុជា លោកជំទាវ ម៉ែន នារីសោភ័គ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាចំនួន ៥លានរៀល ជូនដល់គ្រួសារស្ត្រីរងគ្រោះ ដែលកំពុងសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត។
ក្នុងឱកាសជួបសំណេះសំណាលជាមួយគ្រួសាររងគ្រោះ លោកជំទាវបាននិយាយថា ៖ «សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្ទាប់ពីបានឃើញព័ត៌មានអំពីករណីមួយនេះ សម្តេចមានអារម្មណ៍ក្តុកក្តួល ក្តីសោកស្តាយ និងក្តីអាណិតអាសូរយ៉ាងក្រៃលែង ហើយបានចាត់ឱ្យក្រុមការងារចុះភ្លាមៗដើម្បីជួយសម្រាលការលំបាកក្នុងពេលព្យាបាល ហើយនឹងចេញថ្លៃព្យាបាលទាំងស្រុង»។
ទន្ទឹមនឹងនេះ លោកជំទាវ បានអំពាវនាវដល់ក្រសួងសុខាភិបាលឱ្យពិនិត្យមើលពីគុណភាពសុខាភិបាលតាមបណ្តាគ្លីនិក និងពង្រឹងពីសមត្ថភាពវិជ្ជាជីវៈ និងក្រមសីលធម៌របស់គ្រូពេទ្យ ដើម្បីផ្តល់ក្តីសង្ឃឹមភាពជឿទុកចិត្ត និងភាពកក់ក្តៅដល់ប្រជាពលរដ្ឋដែលទៅរកសេវាសុខាភិបាល។
ស្វាមីរបស់ស្ត្រីរងគ្រោះ លោក ផេង វឿន អាយុ ២៨ឆ្នាំ បានប្រាប់ពីហេតុការណ៍ដែលបានកើតឡើងថា លោកបាននាំប្រពន្ធទៅឆ្លុះអេកូមើលនៅមន្ទីរសម្រាកព្យាបាលដើមអង្គ្រង ដើម្បីចង់ដឹងថាជាកូនប្រុស ឬស្រី ប៉ុន្តែក្រោយឆ្លុះអេកូរួចហើយ គ្រូពេទ្យប្រាប់ថាកូននោះខូចបាត់ទៅហើយ ដោយសារបេះដូងអត់លោត ហើយគ្រូពេទ្យប្រាប់ឱ្យលោកទៅឆ្លុះអេកូនៅមន្ទីរពេទ្យផ្សេងទៀតដើម្បីផ្ទៀងផ្ទាត់ហើយលទ្ធផលគឺដូចគ្នា។
ក្រោយមកលោកបាននាំប្រពន្ធមករំលូតកូននៅមន្ទីរសម្រាកព្យាបាលដើមអង្គ្រង ដោយសារគ្រូពេទ្យប្រាប់ថាមន្ទីរពេទ្យមានឧបករណ៍គ្រប់គ្រាន់ និងមានការក្រុមការងារនេះផងដែរ។
លោកថា ៖ «យើងពិភាក្សាជាមួយគ្រូពេទ្យ គាត់ថាធ្វើឱ្យមួយស្អាត យកកូនលើកទីមួយមិនអីទេ ហើយឱ្យយើងសម្រាកនៅមន្ទីរពេទ្យមួយយប់ លុះព្រលឹមឡើង យើងចេញទៅផ្ទះវិញធម្មតា។ លុះកន្លងរយៈពេល ១១ថ្ងៃ ដល់ថ្ងៃណាត់យើងត្រឡប់ទៅមន្ទីរពេទ្យម្តងទៀត ក៏ជួបរឿងរ៉ាវដែលនឹកស្មានមិនដល់ ហើយខាងមន្ទីរពេទ្យឆ្លុះអេកូមើលធម្មតា ឃើញកាកសំណល់បន្តិចបន្តួចហើយយកម្តងទៀត»។
លោក ផេង វឿន បានបន្តថា ៖ «ខ្ញុំឆ្ងល់ថាកាកសំណល់សល់បន្តិចសោះ ហេតុអ្វីពេលយកចេញមកសល់ច្រើនម្ល៉េះ ហើយទាញសំណល់ច្រើនទៅៗ ក៏មានធ្លាក់សរសៃមួយដ៏វែង ខ្ញុំ និងប្រពន្ធក៏សួរថាស្អីគេវែងម៉េ្លះអ្នកគ្រូ ហើយគ្រូពេទ្យប្រាប់ថាទងសុក ហើយប្រពន្ធខ្ញុំឈឺប្រកាច់លើគ្រែពេទ្យនោះ»។
លោកបានបន្ថែមទៀតថា ប្រពន្ធលោកឈឺចុកខ្លាំងពេក ទ្រាំមិនបានគាត់សុំឱ្យគ្រូពេទ្យចាក់ថ្នាំសន្លប់ ដល់ពេលចុកពេក គ្រូពេទ្យប្រើលោកឱ្យទិញទឹកកកយកមកស្អំ ពេលឡើងមកវិញឃើញឈាមប្រឡាក់ច្រើន ហើយមានគ្រូពេទ្យមួយទៀតឡើងដល់បន្ទប់គាត់ថា អ្នកជំងឺធ្ងន់ធ្ងរទុកអត់បានទេ ទាល់តែរៀបចំបញ្ជូនចេញ។
បច្ចុប្បន្ននេះ ស្ត្រីរងគ្រោះកំពុងតែសម្រាកព្យាបាល និងជួយសង្គ្រោះអាយុជីវិត ដោយយកចិត្តទុកដាក់បំផុតពីក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យកាល់ម៉ែត និងដោយមានការយកចិត្តទុកដាក់ស់ជួយគាំទ្រដល់ការព្យាបាលទាំងស្រុងពីប្រធានកាកបាទក្រហមកម្ពុជាសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផងដែរ៕ ដោយ៖ឡាយ សាមាន