ព្រឹត្តិការណ៍អង្គរសង្រ្កាន នឹងរៀបចំជាថ្មីឡើងវិញ បន្ទាប់ពីអាក់ខានអស់រយៈពេលពីរឆ្នាំ
ភ្នំពេញ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសឱ្យដឹងថា ព្រឹត្តិការណ៍អង្គរសង្រ្កាន នឹងរៀបចំជាថ្មីឡើងវិញ នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នាខែមេសាឆ្នាំ២០២៣ ខាងមុខនេះ បន្ទាប់ពីអាក់ខានអស់រយៈពេល២ឆ្នាំ ដោយសារការរាតត្បាតនៃមេរោគកូវីដ១៩។ការប្រកាសបែបនេះធ្វើឡើងក្នុងពិធីបិទព្រឹត្តិការណ៍កីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិលើកទី១ ឆ្នាំ២០២២ នៅពហុកីឡាដ្ឋានមរតកតេជោ កាលពីយប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ៖ «ខ្ញុំក៏សូមបញ្ជាក់ជូនចំពោះបងប្អូនជនរួមជាតិ នៅទូទាំងប្រទេសឲ្យបានជ្រាបថា នៅចូលឆ្នាំខ្មែរ ខែមេសា ឆ្នាំ២០២៣ខាងមុខនេះ យើងនឹងធ្វើអង្គរសង្ក្រានសារជាថ្មីម្ដងទៀត ពេលនោះសង្ឃឹមថាកីឡាល្បុក្កតោរបស់យើង និងក្លាយទៅជានិមិត្តរូបដ៏សំខាន់ នៃការជួបជុំនៅក្នុងអង្គរសង្រ្កាននៅពេលនោះ»។
ជុំវិញរឿងនេះ លោក ឈត ប៊ុនថង មន្ត្រីស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា និងអ្នកជំនាញទស្សនវិជ្ជា បានប្រាប់កាលពីថ្ងៃទី១ ខែធ្នូ ថា ពាក់ព័ន្ធនឹងការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន ឬក៏រៀបចំព្រឹត្តិការណ៍ប្រពៃណីផ្សេងៗ វាគឺជាសុទ្ធតែរឿងដែលមានប្រយោជន៍ ពីព្រោះថាបើកាលណាមានការរៀបចំពីពីប្រពៃណី ដូចជា បុណ្យចូលឆ្នាំ និងបុណ្យផ្សេងៗទៀតរបស់ខ្មែរ។
លោកថា ពិធីបុណ្យទាំងនោះ គឺវាមានន័យថាធ្វើឲ្យប្រពៃណី និងទំនៀមទម្លាប់របស់ខ្មែរ មានភាពរស់ឡើងវិញ ដែលមានជីវិត និងការវិវត្តន៍ ក៏ដូចជាការអភិរក្សផងដែរ។ ក្រៅពីនេះទៀត ទន្ទឹមហ្នឹងមានការរៀបចំហើយ ធ្វើឲ្យមានការវិវត្តន៍ឡើងវិញ មានន័យថា ការរៀបចំនេះ វាបានផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរបរទេសផងដែរ ដែលមកចូលរួមទស្សនា។
លោក ឈត ប៊ុនថង បានបបន្ថែមទៀតថា វាជាបង្រៀន និងផ្សព្វផ្សាយទៅដល់ក្មេងៗជំនាន់ក្រោយឱ្យស្គាល់ពីតម្លៃ ប្រពៃណី ទំនៀមទម្លាប់ រប្បធម៌របស់ប្រទេសកម្ពុជាជាដើម។
មន្ត្រីស្រាវជ្រាវរូបនេះ បានថ្លែងថា៖ «ប្រសិនជាព្រឹត្តិការណ៍នៃកម្មវិធីទាំងនោះ ត្រូវធ្វើនៅតំបន់ទេសចរណ៍ដូចជាខេត្តសៀមរាបដែលជាតំបន់រប្បធម៌ នោះវាជាការបង្ហាញឲ្យបងប្អូនខ្មែរយើង និងភ្ញៀវបរទេស បានស្គាល់ បានឃើញ ពីតំបន់រប្បធម៌នេះ ដើម្បីគេជួយក្នុងផ្សព្វផ្សាយទៅកាន់ប្រជាជាតិនានា និងទេសចរណ៍ពិភពលោកនានាផងដែរ តាមរយៈការចូលរួម និងការទស្សនា»។
លោកបានបន្ថែមថា ក្រៅពីទទួលបានការផ្សព្វផ្សាយហើយ ប្រទេសកម្ពុជាក៏ទទួលបានកត្តិយស កេរ្តិ៍ឈ្មោះ និងទទួលបានថវិកាពីការចំណាយ ដែលមានភ្ញៀវទេសចរចូលមកទស្សនាប្រាសាទ និងដើរកម្សាន្តផង ដូច្នេះប្រទេសកម្ពុជាទទួលបានប្រយោជន៍ច្រើនណាស់។
ចំណែក លោក លី សំរិទ្ធ អភិបាលរងខេត្តសៀបរាម បានប្រាប់ថា លោកទទួលបានដំណឹង ពីការប្រកាសរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែនថានឹងមានការរៀបចំព្រឹត្តិការណ៍សង្ក្រានជាថ្មីឡើងវិញ។ ដោយឡែកសម្រាប់ខេត្តសៀមរាប ជាក់ស្ដែង គឺមិនទាន់មានផែនការរៀបចំនូវឡើយទេ។
លោក លី សំរិទ្ធ បានប្រាប់ថា៖ «ការរៀបចំផែនការ គឺយើងត្រូវដឹងស្ថាប័នណាខ្លះ មានភារកិច្ចអី ក្នុងការរៀបចំ ហើយអាជ្ញាធរខេត្តសៀមរាប និងអាជ្ញាធរពាក់ព័ន្ធផ្សេងទៀត ត្រូវធ្វើអីខ្លះចំពោះរឿងហ្នឹង»។
រីឯ លោក ទិត ច័ន្ទតារា ក្រុមការងារផ្សព្វផ្សាយនៃសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានប្រាប់ឱ្យដឹងដែរថាការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន ក្រុមការងាររបស់លោកកំពុងរៀបចំព័ត៌មានមួយចំនួន ដើម្បីធ្វើសន្និសីទសារព័ត៌មានខាងមុខនេះ។
លោក ទិត ច័ន្ទតារា បានថ្លែងថា៖ «អុីចឹង! សន្និសីទសារព័ត៌មាននេះយើងនឹងធ្វើឡើងនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ខាងមុខនេះ ហើយសម្រាប់ព័ត៌មានបន្ថែមយើងហ្នឹងជំរាបជូននៅពេលក្រោយ ប៉ុន្តែឥលូវព័ត៌មានមួយចំនួន យើងកំពុងតែរៀបចំផ្សព្វផ្សាយជាសាធារណៈ ដូច្នេះយើងហ្នឹងផ្ដល់ព័ត៌មានបន្ថែមតាមសន្និសីទសារព័ត៌មានតែម្តង»៕ ដោយ៖ជា សុខនី