សំពោចធំ ច្រើនរស់នៅក្នុងព្រៃល្បោះនៃតំបន់ ភាគខាងកើត និងតំបន់ខ្ពង់រាបភាគខាងជើង
ភ្នំពេញ៖ សំពោចធំ (Large-spotted civet) Viverra megaspila ជាប្រភេទសត្វកម្រ និងបច្ចុប្បន្នកំពុងរស់នៅក្នុងប្រទេសកម្ពុជា ពិសេសនៅតំបន់ការពារទេសភាពខ្ពង់រាបភាគខាងកើត ក្នុងខេត្តមណ្ឌលគិរី និងតំបន់ការពារទេសភាពខ្ពង់រាបភាគខាងជើង ក្នុងខេត្តព្រះវិហារ។
សត្វសំពោចធំ ត្រូវបានគេចាត់ជាប្រភេទមំសាសត្វមាឌតូច និងក៏ត្រូវបានចាត់ថ្នាក់ជាប្រភេទរងគ្រោះជិតផុតពូជ (Endangered) នៅក្នុងបញ្ជីក្រហមរបស់ IUCN។ សត្វសំពោចធំមានវត្តមាននៅតំបន់អាស៊ីអាគ្នេយ៍ ភាគខាងត្បូងប្រទេសចិន និងឧបទ្វីបប្រទេសម៉ាឡេស៊ី។
សំពោចធំភាគច្រើនត្រូវបានកត់ត្រានៅតំបន់ដែលមានរយៈកំពស់ទាបក្រោម ៣០០ម (ធៀបនឹងនីវ៉ូទឹកសមុទ្រ)។ នៅក្នុងប្រទេសកម្ពុជា សត្វសំពោចធំ ភាគច្រើនត្រូវបានគេកត់ត្រាតាមរយៈម៉ាស៊ីនថតរូបស្វ័យប្រវត្តនៅក្នុងព្រៃល្បោះនៃតំបន់ការពារទេសភាពខ្ពង់រាបភាគខាងកើត (ខេត្តមណ្ឌលគិរី) និងតំបន់ការពារទេសភាពខ្ពង់រាបភាគខាងជើង (ខេត្តព្រះវិហារ)។ សម្រាប់កត្តាគំរាមកំហែងចំពោះសត្វសំពោចធំ មានដូចជា ការបាត់បង់ទីជម្រក និងការបរបាញ់/ដាក់អន្ទាក់៕ ដោយ៖ ម៉ាដេប៉ូ