រាជរដ្ឋាភិបាលជប៉ុនផ្តល់ថវិកា ១៧១,៦៤១ ដុល្លារអាមេរិក ដែលជាជំនួយឥតសំណង សម្រាប់ការសាងសង់អគារសិក្សានៅសាលាមត្តេយ្យសិក្សា និងអនុវិទ្យាល័យ ខេត្តបាត់ដំបង និងខេត្តកោះកុង
ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ថវិកាសរុបចំនួន ១៧១,៦៤១ដុល្លារអាមេរិក ដល់ស្ថាប័ន ទទួលជំនួយចំនួនពីរ ក្រោមគ្រោងការណ៍ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខ មនុស្សជាតិ (ជំនួយឥតសំណងគូសាណូណ៌) ។
ថ្លែងក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយឥតសំណង សម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ នារសៀលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ លោក តានិណៃ អ៊ុឈិតុម៉ុ ឧបទូតនៃស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា ចាប់តាំងពីឆ្នាំ១៩៩១ បន្ថែមលើគម្រោងឥណទាន និងជំនួយឥតសំណងខ្នាតធំ រដ្ឋាភិបាលជប៉ុនបាននិងកំពុងអនុវត្តកម្មវិធីគូសាណូណ៌នៅកម្ពុជា ដើម្បីជួយដោយផ្ទាល់ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការ ក្រៅរដ្ឋាភិបាលនានា ក្នុងការអនុវត្តគម្រោងរបស់ពួកគាត់ ។ គូសាណូណ៌ មានន័យថា “ឬសស្មៅ” ក្នុង ភាសាជប៉ុន។ នៅក្នុងរយៈពេល៣០ឆ្នាំចុងក្រោយនេះ ស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជា បានចូលរួម ចំណែកក្នុងគម្រោងជាង៦៦០ តាមរយៈជំនួយឥតសំណងគូសាណូណ៌។
លោកឧបទូតនៃស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានបន្ថែមថា គម្រោងចំនួនពីរដែលបានចុះហត្ថលេខា នាពេលនេះរួមមាន ៖
គម្រោងទី១ សម្រាប់មន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង រដ្ឋាភិបាលជប៉ុនផ្តល់ថវិកាចំនួន ៧៩,៤៦៥ ដុល្លារអាមេរិក (ចិតសិបប្រាំបួនពាន់បួនរយហុកសិបប្រាំដុល្លារអាមេរិក) សម្រាប់សាងសង់ អគារមត្តេយ្យសិក្សាចំនួន១ខ្នង ២បន្ទប់ បំពាក់ដោយគ្រឿងសង្ហារឹមមត្តេយ្យសិក្សា បង្គន់អនាម័យចំនួន ១ខ្នង ២បន្ទប់ និងកន្លែងលាងដៃចំនួន១ដំឡើងរបងនិងខ្លោងទ្វារសាលាមត្តេយ្យសិក្សា សម្ភារៈសួន កុមារ និងស៊ីទែនទឹកចំនួន១. ងចាក់សាបលើទីធ្លាសាលាមួយផ្នែក នៅក្នុងសាលាមត្តេយ្យសិក្សា បណ្តុះកុមារ ក្នុងខេត្តបាត់ដំបង។ យើងរំពឹងថាគម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ដល់សិស្សចំនួន១០០ នាក់ ដែលមានអាយុពី៣ ទៅ៥ឆ្នាំ និងគ្រូបង្រៀចំនួន ៥នាក់ តាមរយៈការកែលម្អបរិស្ថានសិក្សា និង គុណភាពនៃការអប់រំ។
ក្នុងគម្រោងទី២ សម្រាប់មន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង រដ្ឋាភិបាលជប៉ុនផ្តល់ថវិកាចំនួន ៩២,១៧៦ ដុល្លារអាមេរិក (កៅសិបពីរពាន់មួយរយចិតសិបប្រាំមួយដុល្លារអាមេរិក) សម្រាប់សាងសង់ អគារសិក្សាចំនួន ១ខ្នង ៥បន្ទប់ បំពាក់ដោយគ្រឿងសង្ហារឹមសាលារៀន បង្គន់អនាម័យចំនួន ១ខ្នង ៤ បន្ទប់ និងអណ្ដូងទឹកចំនួន១ នៅអនុវិទ្យាល័យតានី ក្នុងខេត្តកោះកុង។ យើងរំពឹងថាគម្រោងនេះនឹង ផ្តល់អត្ថប្រយោជន៍ដល់សិស្សសរុបចំនួន ៧២នាក់ និងគ្រូបង្រៀនចំនួន ៧នាក់ ដោយធានានូវបរិស្ថាន សិក្សាដែលមានសុវត្ថិភាព និងផាសុកភាពជាងមុន។
គួររំលឹកផងដែរថា ៖ ជំនួយឥតសំណងគូសាណូណ៌របស់ជប៉ុន បានចាប់ផ្ដើមនៅប្រទេសកម្ពុជានៅឆ្នាំ១៩៩១ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការអភិវឌ្ឍ និងស្ថាបនាប្រទេសឡើងវិញ នៅតាម កម្រិតមូលដ្ឋាន។ ចាប់តាំងពីឆ្នាំ១៩៩១ រដ្ឋាភិបាលជប៉ុនបានផ្ដល់ថវិកាជាង ៦៥លានដុល្លារអាមេរិកដល់អាជ្ញាធរ មូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីអនុវត្តគម្រោងគូសាណូណ៌ ចំនួន ៦៦៥គម្រោងនៅទូទាំង ប្រទេសកម្ពុជា៕ ដោយ / គ្រី សម្បត្តិ