២៤ម៉ោងអាស៊ានមានអ្នកឆ្លងជាង ១ម៉ឺននាក់
តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ១ម៉ឺន ២០៥ករណីដែលថយចុះចំនួន ៣៧៣ករណី បើប្រៀបធៀបតួលេខឆ្លងសរុបកាលពីម្សិលមិញ ។
នៅក្នុងអាស៊ានថ្ងៃនេះ មានប្រទេសចំនួន ៨ ដែលមានករណីឆ្លងថ្មីកូវីដ១៩ ដែលរួមមានប្រទេសឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, វៀតណាម, មីយ៉ាន់ម៉ា, សឹង្ហបុរី, ហ្វីលីពីន, ឡាវ និងប្រទេសកម្ពុជា ។
ប្រទេសឥណ្ឌូនេស៊ី នៅតែជាប្រទេសដែលមានតួលេខឆ្លងច្រើន ជាងគេ ដដែល ដែលមានចំនួន ៥ពាន់ ៦០៩ករណី ស្មើនឹងប្រមាណ ៥៥ភាគរយ នៃតួលេខឆ្លងសរុប នៃបណ្តាប្រទេសដែលរកឃើញឆ្លងនៅអាស៊ាននៅថ្ងៃនេះ ។
តួលេខឆ្លងតិចជាងគេ គឺប្រទេសកម្ពុជា ដែលមានចំនួនតែ ៧ករណីប៉ុណ្ណោះ ។ ប្រទេសព្រុយណេ និងប្រទេសថៃ ជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ។
តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ៨២នាក់ ក្នុងនោះប្រទេសឥណ្ឌូណេស៊ី មានមនុស្សស្លាប់ចំនួន ៤១នាក់ ជាតួលេខស្លាប់ ច្រើនជាងគេផងដែរ ។
គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុប មានចំនួន ៣៥លាន ៣១ម៉ឺន ៣ពាន់ ៣៧៧ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ២ពាន់ ៧៣៦នាក់ ។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុប មានចំនួនជាង ៦៤៨លានករណី, និងការស្លាប់មានជាង ៦លាន ៦៤ម៉ឺន នាក់។