លោក ស៊ី ជីនពីង៖ ទំនាក់ទំនងចិន-អឺរ៉ុបនឹងបន្តផលប្រយោជន៍ទៅវិញទៅមក ខណៈស្ថានភាពអន្តរជាតិកាន់តែមានភាពចលាចល

ប៉េកាំង៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានជួបពិភាក្សាជាមួយប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក ឆាល មីឈែល ក្នុងរដ្ឋធានីប៉េកាំង នៅថ្ងៃព្រហស្បតិ៍ទី០១ ខែធ្នូ ឆ្នាំ២០២២ ផ្តោតសំខាន់លើការពង្រឹងទំនាក់ទំនងទ្វេភាគី។

ថ្លែងក្នុងកិច្ចប្រជុំនៅវិមាន Great Hall of the People លោក ស៊ី បានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក មីឈែល មកកាន់ប្រទេសចិន គឺតាងនាមឱ្យរដ្ឋជាសមាជិកសហភាពអឺរ៉ុបទាំងអស់ ដើម្បីបង្ហាញពីឆន្ទៈដ៏ល្អរបស់អឺរ៉ុប ចំពោះការអភិវឌ្ឍន៍ទំនាក់ទំនងជាមួយចិន។

លោកថា ទំនាក់ទំនងចិន-សហភាពអឺរ៉ុប នឹងបន្តផលប្រយោជន៍ទៅវិញទៅមក ខណៈដែលស្ថានភាពអន្តរជាតិកាន់តែមានភាពចលាចល ហើយបញ្ហាប្រឈមសកលក៏កាន់តែលេចធ្លោ ដូច្នេះហើយសារៈសំខាន់ជាសកលនៃទំនាក់ទំនងចិន-សហភាពអឺរ៉ុបនឹងកាន់តែមាន។

បន្ថែមលើនេះ លោក ស៊ី បានបញ្ជាក់ថា ភាគីទាំងពីរគួរតែមានការយោគយល់គ្នា និងការគាំទ្រគ្នាទៅវិញទៅមក ហើយថាប្រទេសចិនសង្ឃឹមថា EU នឹងក្លាយជាដៃគូដ៏សំខាន់ក្នុងការស្វែងរកផ្លូវរបស់ចិនទៅកាន់ទំនើបកម្ម និងចែករំលែកឱកាសដែលផ្តល់ដោយទីផ្សាររបស់ប្រទេសចិន ការបើកស្ថាប័ន និង ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ។

ជាមួយគ្នានេះ លោក មីឈែល បាននិយាយថា សហភាពអឺរ៉ុបត្រៀមខ្លួនរួចជាស្រេច សម្រាប់ការពិភាក្សាស៊ីជម្រៅជាមួយចិន លើបញ្ហាសំខាន់ៗជុំវិញទំនាក់ទំនងអឺរ៉ុប-ចិន ក្នុងស្មារតីនៃការគោរពគ្នាទៅវិញទៅមក និងដោយស្មោះស្ម័គ្រ ក្នុងគោលបំណងបង្កើនការយល់ដឹងគ្នាទៅវិញទៅមក លើកកម្ពស់កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ ក៏ដូចជាគ្រប់គ្រងភាពខុសគ្នាឱ្យបានត្រឹមត្រូវ។

ប្រធានក្រុមប្រឹក្សាអឺរ៉ុបរូបនេះបន្ថែមថា សហភាពអឺរ៉ុបប្រកាន់ខ្ជាប់នូវគោលនយោបាយចិនតែមួយ និងគោរពអធិបតេយ្យភាព ព្រមទាំងបូរណភាពទឹកដីរបស់ចិន។ លោកថា អឺរ៉ុបនឹងមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិនឡើយ ហើយសហភាពអឺរ៉ុបត្រៀមខ្លួនជាស្រេច ដើម្បីក្លាយជាដៃគូសហប្រតិបត្តិការដែលអាចទុកចិត្តបាន និងអាចព្យាករណ៍បានសម្រាប់ប្រទេសចិន៕ ប្រភព៖ ស៊ីនហួរ ដោយ៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner