សម្ដេចតេជោ ហ៊ុន សែន៖ ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការកសាងសហគមន៍មួយរឹងមាំប្រកបដោយចីរភាព និងបរិយាបន្ន ត្រូវផ្តើមចេញពីការកសាង និងតភ្ជាប់ទីក្រុងឆ្លាត មានភាពធន់ និងមានចីរភាព
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ទីក្រុង គឺជាបេះដូងនៃប្រទេស និងតំបន់នីមួយៗ ដោយជាកន្លែងប្រមូលផ្ដុំសកម្មភាពគ្រប់ទិដ្ឋភាព ទាំងផ្នែកសង្គម-សេដ្ឋកិច្ច, វប្បធម៌ និងនយោបាយ ។ ក្នុងន័យនេះ ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការកសាងសហគមន៍មួយដ៏រឹងមាំប្រកបដោយចីរភាព និងបរិយាបន្ន ត្រូវផ្តើមចេញពីការកសាង និងតភ្ជាប់ទីក្រុងឆ្លាត មានភាពធន់ និងមានចីរភាព ។ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូចនេះ ក្នុងពិធីបើកកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន និងវេទិកាអភិបាលក្រុងអាស៊ាន ដែលប្រព្រឹត្តទៅនៅសណ្ឋាគារសុខាភ្នំពេញ នាព្រឹកថ្ងៃសុក្រ ទី២ ខែធ្នូ ឆ្នាំ២០២២ ខណៈដែលរាជធានីភ្នំពេញ ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន (MGMAC 2022) និងវេទិកាអភិបាលក្រុងអាស៊ាន ឆ្នាំ២០២២ (ASEAN Mayors Forum 2022) ក្នុងរយៈពេល២ថ្ងៃ នៅថ្ងៃទី២ និង៣ ខែធ្នូ ឆ្នាំ២០២២ ។
ក្នុងឱកាសនេះ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការកំណត់ប្រធានបទដ៏ត្រឹមត្រូវបំផុត ស្របតាមស្ថានការណ៍តំបន់ និងសកលនាពេលបច្ចុប្បន្ន និងទៅអនាគត ។
សម្ដេចតេជោ បានបន្តថា កម្ពុជា ក្នុងនាមជាប្រធានប្តូរវេនអាស៊ាន បានកំណត់មូលបទ “អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា ដែលមានគោលបំណងរួមគ្នាដោះស្រាយបញ្ហាប្រឈមរបស់អាស៊ាន ព្រមទាំងពង្រឹងសកលភាវូបនីយកម្ម និងជំរុញការសម្រេចបាននូវរបៀបវារៈនៃការធ្វើ សមាហរណកម្មតំបន់ ក្រោមចក្ខុវិស័យអាស៊ាន ឆ្នាំ២០២៥ ។ ជាមួយស្មារតីបុរេសកម្ម, កម្ពុជា បានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ កាលពីខែវិច្ឆិកា ប្រកបដោយភាពជោគជ័យដ៏ត្រចះត្រចង់ ដោយមានការអនុម័ត និង កត់សម្គាល់ឯកសារលទ្ធផលចំនួន ១០១ ។ ក្នុងនោះ, ថ្នាក់ដឹកនាំអាស៊ាន បានទទួលស្គាល់វឌ្ឍនភាព នៃការអនុវត្ត ផែនការមេស្តីពីការតភ្ជាប់អាស៊ាន (MPAC) ឆ្នាំ២០២៥ និងបានកំណត់ទិសដៅអនាគត សម្រាប់ការពង្រឹងការតភ្ជាប់អាស៊ានក្រោយឆ្នាំ២០២៥ តាមរយៈសេចក្ដីថ្លែងការណ៍របស់ប្រមុខដឹកនាំអាស៊ាន ស្ដីពីរបៀបវារៈតភ្ជាប់អាស៊ានក្រោយឆ្នាំ២០២៥ ។ ថ្នាក់ដឹកនាំអាស៊ាន ក៏បានស្វាគមន៍ចំពោះ របាយការណ៍នគរូបនីយកម្មអាស៊ាន ប្រកបដោយ ចីរភាព ដែលនឹងពង្រឹងចំណេះដឹងទៅលើនិន្នាការនគរូបនីយកម្ម ប្រកបដោយចីរភាព ទូទាំង តំបន់អាស៊ាន និង ផ្សារភ្ជាប់យុទ្ធសាស្ត្រនគរូបនីយកម្មអាស៊ាន ប្រកបដោយចីរភាព ទៅនឹងគោលដៅអភិវឌ្ឍ ប្រកបដោយចីរភាព និង របៀបវារៈអភិវឌ្ឍទីក្រុងថ្មី ដែលសម្ដេចសង្ឃឹមថា កិច្ចពិភាក្សាទី២ នឹងផ្តល់ឱកាសល្អៗ សម្រាប់ឱ្យភាគីពាក់ព័ន្ធទាំងអស់ពិភាក្សាលើ បញ្ហាប្រឈម និងកាលានុវត្តភាពនៃនគរូបនីយកម្ម ប្រកបដោយចីរភាពក្នុងតំបន់អាស៊ាន ។
ជាមួយគ្នានេះ ក្នុងនាមជាប្រធានអាស៊ាន នៅឆ្នាំ២០២២នេះ សម្ដេចសូមវាយតម្លៃខ្ពស់ និងសូមស្វាគមន៍ ចំពោះការពង្រីកសមាជិកភាពបន្ថែមដល់ទៅ ៣ទីក្រុងបន្ថែមទៀត នៃសមាជិកអាស៊ាននីមួយៗ ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៥ ។
សម្ដេចបានបន្តទៀត ស្ថិតក្នុងបរិការណ៍ ដែលអាស៊ាន និងសកលលោក បាននិងកំពុងជួបប្រទះនឹងបញ្ហាប្រឈមជាបន្តបន្ទាប់, ការកសាងទីក្រុងឆ្លាត ដែលមានការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងភាពបៃតង គឺជាទិសដៅដ៏ត្រឹមត្រូវបំផុត សម្រាប់ពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត។ ទីក្រុងឆ្លាតមានសក្តានុពលខ្ពស់ ក្នុងការដោះស្រាយបញ្ហាទូទៅនៃការរៀបចំនគរូបនីយកម្ម ប្រកប ដោយនវានុវត្តន៍, ពង្រឹងភាពធន់ តទល់នឹងហានិភ័យផ្សេងៗ និង ជាពិសេសលើកកម្ពស់ សុខុមាលភាព និងវិបុលភាពនៃជីវភាពរស់នៅរបស់ប្រជាជនក្នុងមូលដ្ឋាន តាមគន្លងប្រក្រតីភាពថ្មី។ បន្ថែមលើនេះ, ទីក្រុងឆ្លាត នឹងក្លាយជាប៉ូលយ៉ាងសំខាន់ ក្នុងការជំរុញសកម្មភាព សង្គម-សេដ្ឋកិច្ច, ធុរកិច្ច, ពាណិជ្ជកម្ម និង ការវិនិយោគ ឱ្យកាន់តែខ្លាំងឡើងថែមទៀត ព្រមទាំងផ្ដល់ឱកាសការងារ, មុខរបរ និង អាជីវកម្ម ដល់ប្រជាជនទូទៅ ក្នុងប្រទេស និងតំបន់អាស៊ានទាំងមូល ៕ ដោយ ៖ វណ្ណលុក