រដ្ឋបាលរាជធានី ភ្នំពេញ មានក្តីសង្ឃឹមជឿជាក់យ៉ាងមុតមាំថា អាស៊ាន នៅតែបន្តពង្រឹង និងពង្រីកស្មារតី នៃកិច្ចសហប្រតិបត្តិការរួមគ្នានេះ ដើម្បីប្រជាជាតិអាស៊ាន ប្រជាជន នៃបណ្តារាជធានី-រដ្ឋធានីអាស៊ាន និងដើម្បីឈានទៅសម្រេចបាន សហគមន៍អាស៊ានមួយ
ភ្នំពេញ ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានថ្លែងថា ក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនាពេលនេះ រដ្ឋបាលរាជធានី ភ្នំពេញ មានក្តីសង្ឃឹមជឿជាក់យ៉ាងមុតមាំថា អាស៊ាន មិនថានៅកម្រិត ថ្នាក់ជាតិ ឬ កម្រិតថ្នាក់ក្រោមជាតិ នៅតែបន្តពង្រឹង និងពង្រីកស្មារតី នៃកិច្ចសហប្រតិបត្តិការរួមគ្នានេះ ដើម្បីប្រជាជាតិអាស៊ាន ប្រជាជន នៃបណ្តារាជធានី-រដ្ឋធានីអាស៊ាន និងដើម្បីឈានទៅសម្រេចបាន សហគមន៍អាស៊ានមួយ ដែលកាន់តែមានភាពស្អិតលល្មួតលើគ្រប់វិស័យ។
កិច្ចប្រជុំវេទិកាអភិបាលក្រុងអាស៊ាន និង កិច្ចប្រជុំអភិបាលរាជធានី-រដ្ឋធានីអាស៊ាន ឆ្នាំ២០២២នេះ បានប្រកាសបើកជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី ២ ខែធ្នូ ឆ្នាំ២០២២នេះ ដោយមានតំណាងទីក្រុង និងខេត្តចូលរួមប្រមាណ ៨០ទីក្រុង ក្នុងតំបន់អាស៊ាន និងក្រៅអាស៊ាន មានជាង ៣០ទីក្រុងធំៗចូលរួម។
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានលើកឡើងថា កិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន MGMAC និងវេទិកា អភិបាលក្រុងអាស៊ាន AMF ឆ្នំា២០២២នេះ បានក្លាយជាវេទិកា យ៉ាងសំខាន់ ដើម្បីបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តបន្តនឹងឆ្ពោះទៅមុខបន្ថែមទៀត របស់រាជធានី និងរដ្ឋ ធានីអាស៊ាន ព្រមទំាងជំរុញភាពជាដៃគូជិតស្និទ្ធនៅក្នុងតំបន់ ។
ឯកឧត្តមបញ្ជាក់ថា តាមរយៈលទ្ធផលនៃវេទិកានិងកិច្ចប្រជុំនេះ ភាគីពាក់ព័ន្ធទាំងអស់នឹងបន្តពិភាក្សា ដើម្បីដោះស្រាយបញ្ហាប្រឈមផ្សេងៗរួមគ្នា ឱ្យកាន់តែមានប្រសិទ្ធភាព។
ឯកឧត្តមបន្ថែមថា កិច្ចសហប្រតិបត្តិការតាមរយៈការចែករំលែកចំណេះដឹង បទពិសោធន៍ និងឧត្តមានុវត្តន៍ជាមួយគ្នានៅក្នុងកិច្ចប្រជុំទាំង២នេះ គឺជារឿងចាំបាច់ជាងពេលណាៗទាំងអស់ ដើម្បីធ្វើយ៉ាងណាអាឱ្យយើងធ្វើដំណើរទៅមុខរួមគ្នា ឈានទៅសម្រេចបានកំណើន និងវិបុលភាពរួម នៃទីក្រុងក្នុងតំបន់។
ឯកឧត្តមបញ្ជាក់ថា ប្រធានបទសម្រាប់កិច្ចប្រជុំទាំងពីរនាពេលនេះ គឺសុទ្ធសឹង តែផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការរួមគ្នា ដើម្បីសម្រេចបាន គោលដៅរួម ពោលគឺ ការកសាងទីក្រុងឆ្លាត មានភាពធន់ និងមាន ចីរភាព ជាពិសេសការឆ្លុះបញ្ចាំងពីមូលបទនៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០-៤១ ដែលទើបកន្លងផុតទៅថ្មីៗនេះ គឺ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» ។
ប្រធានបទនៃវេទិកា និងកិច្ចប្រជុំទាំងពីរខាងលើ ត្រូវបានជ្រើសរើសឡើងស្របតាមមូលបទប្រចាំឆ្នាំរបស់អាស៊ាន ដែលព្រះរាជាណាចក្រកម្ពុជាជាម្ចាស់ផ្ទះ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំង អស់គ្នា» (ASEAN A.C.T. Addres sing Challenges Together) និងស្របទៅតាមបរិបទការងាររបស់ទីក្រុង ដែលក្នុងនោះ វេទិកាអភិបាលក្រុងអាស៊ាន (ASEAN Mayors Forum) ធ្វើឡើងក្រោមប្រធានបទ «ការពង្រឹងកិច្ចសហការអាស៊ាន តាមរយៈការជំរុញការកសាងទីក្រុងឆ្លាត មានភាពធន់ និងមានចីរភាព ប្រកបដោយបរិវត្តកម្ម និងបរិយាប័ន្ន តាមគន្លងប្រក្រតីភាពថ្មី» ។
សូមបញ្ជាក់ថា វេទិកា AMF និងកិច្ចប្រជុំ MGMAC នេះ មានសារសំខាន់ក្នុងការអនុញ្ញាតឲ្យបណ្ដារដ្ឋបាលថ្នាក់ក្រោមជាតិ ទាំងនៅថ្នាក់រាជធានី ឬរដ្ឋធានី ខេត្ត ក៏ដូចជាក្រុង ស្រុក របស់ប្រទេសជាសមាជិកអាស៊ាន អាចជួបប្រជុំគ្នាជជែកលើបញ្ហាប្រឈម ក៏ដូចជាចែករំលែកបទពិសោធន៍ល្អៗដែលខ្លួនមាន ដែលជាដំណោះស្រាយអាចយកអនុវត្តបាន ជាពិសេសក្នុងកាលៈទេសៈនៃការស្តារឡើងវិញរបស់ទីក្រុងនីមួយៗ នៅក្រោយវិបត្តិជំងឺកូវីដ១៩ ។ វេទិកា និងកិច្ចប្រជុំខាងលើនេះ គឺបានចូលរួមជំរុញកិច្ចសហប្រតិបត្តិការ សន្តិភាព សាមគ្គីភាព និងសុខដុមនីយកម្មរវាងរដ្ឋបាលមូលដ្ឋានរបស់ប្រទេសជាសមាជិកអាស៊ាន ជាមួយនឹងរដ្ឋបាលមូលដ្ឋាន នៃបណ្ដាប្រទេសជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាន។ ចំពោះរាជធានីភ្នំពេញ និងរដ្ឋបាលថ្នាក់ក្រោមជាតិកម្ពុជាវិញ វេទិកា និងកិច្ចប្រជុំទាំងពីរខាងលើគឺផ្ដល់ឱកាសដល់រដ្ឋបាលរាជធានីភ្នំពេញ និងបណ្ដាទីក្រុង និងខេត្តរបស់កម្ពុជា ក្នុងការបង្កើនទំនាក់ទំនងជាមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជាមួយបណ្តារាជធានី រដ្ឋធានី និងខេត្ត ក្រុងនៃប្រទេសជាសមាជិកអាស៊ាន។
គួរំលឹកផងដែរថា វេទិកាអភិបាលក្រុងអាស៊ានលើកទី១ បានធ្វើឡើង កាលពីថ្ងៃទី២៤-២៥ ខែតុលា ឆ្នាំ២០១១ នៅទីក្រុងសូរ៉ាបាយ៉ា ប្រទេសឥណ្ឌូនេស៊ី ខណៈកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន លើកទី១ធ្វើឡើងកាលពីថ្ងៃទី១៧-១៨ ខែកញ្ញា ឆ្នាំ២០១៣ នៅរដ្ឋធានី ហ្សាការតា ប្រទសឥណ្ឌូនេស៊ី ក្រោមប្រធានបទ «អាស៊ានឆ្ពោះទៅកាន់មូលដ្ឋាន៖ រួមចំណែកដល់ សហគមន៍អាស៊ាន ឆ្នាំ២០១៥» ៕ ដោយ ថេត វិចិត្រ+ ហេង សម្បត្តិ