លោក បៃដិន ថា ស្វាគមន៍ការអង្គុយពិភាក្សាជាមួយលោក ពូទីន ប្រសិនបើរុស្ស៊ីចង់បញ្ចប់សង្គ្រាមនៅអ៊ុយក្រែន

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ថ្លែងថា គាត់ត្រៀមខ្លួនជាស្រេច ដើម្បីពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ប្រសិនបើគាត់ក៏កំពុងស្វែងរកមធ្យោបាយ ដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។

លោក បៃដិន បានធ្វើអត្ថាធិប្បាយបែបនេះ នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ក្នុងថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បន្ទាប់ពីកិច្ចពិភាក្សារបស់ពួកលោកនៅក្នុងទីក្រុងវ៉ាស៊ីនតោន។

ជាមួយគ្នានេះ លោក បៃដិន បានចោទលោក ពូទីន ថា កំពុងបង្កការសម្លាប់ជីវិតមនុស្សមិនគួរឱ្យជឿទៅលើប្រជាជនស៊ីវិលស្លូតត្រង់នៅអ៊ុយក្រែន តាមរយៈការទម្លាក់គ្រាប់បែកលើទីតាំងថែទាំសុខភាព មន្ទីរពេទ្យ និងកន្លែងផ្សេងៗទៀត ហើយថា លោកឈឺចាប់ណាស់ ពេលឃើញអ្វីដែលលោក ពូទីន កំពុងធ្វើនេះ។

ប្រធានាធិបតីអាមេរិករូបនេះ បានសង្កត់ធ្ងន់ទៀតថា នៅពេលធ្វើការពិគ្រោះយោបល់ជាមួយសមាជិកអង្គការណាតូផ្សេងទៀត លោកបាននិយាយថា លោកនឹងរីករាយក្នុងការអង្គុយពិភាក្សាជាមួយលោក ពូទីន ដើម្បីស្តាប់នូវអ្វីដែលគាត់មាននៅក្នុងចិត្ត។

ប៉ុន្តែលោក បៃដិន ក៏បាននិយាយដែរថា លោក ពូទីន មិនទាន់បង្ហាញការចាប់អារម្មណ៍ចំពោះរឿងនេះនៅឡើយទេ ហើយថា មិនមានការរំពឹងទុកនៃកិច្ចពិភាក្សាបែបនេះ នឹងត្រូវបានធ្វើឡើងនាពេលខាងមុខនោះទេ៕ ប្រភព៖ NHK ដោយ៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner