សហរដ្ឋអាមេរិក-បារាំងបង្ហាញពីការរួបរួមគ្នា ដើម្បីធ្វើឱ្យរុស្ស៊ីទទួលខុសត្រូវចំពោះទង្វើឈ្លានពានអ៊ុយក្រែន
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងសមភាគីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានប្ដេជ្ញារួមគ្នាធ្វើរុស្ស៊ីឲ្យទទួលខុសត្រូវចំពោះសកម្មភាពលុកលុយរបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែន ខណៈសហភាពអឺរ៉ុបបានឈានដល់កិច្ចព្រមព្រៀងបណ្តោះអាសន្ន ក្នុងថ្ងៃព្រហស្បតិ៍ទី០១ ខែធ្នូនេះ ស្តីពីការកំណត់តម្លៃប្រេង ក្នុងគោលបំណងបិទខ្ទប់ប្រាក់ចំណូលរុស្ស៊ីផងដែរ។
ថ្លែងបន្ទាប់ពីកិច្ចប្រជុំនៅការិយាល័យ Oval Office ក្នុងសេតវិមាន ជាមួយនឹងលោក ម៉ាក្រុង លោក បៃដិន បាននិយាយថា បារាំង-សហរដ្ឋអាមេរិកកំពុងប្រឈមមុខនឹងមហិច្ឆតាដណ្តើមយកជ័យជំនះរបស់លោក ពូទីន និងការការពារតម្លៃប្រជាធិបតេយ្យ និងសិទ្ធិមនុស្សជាសកល។ ចំណែកលោក ម៉ាក្រុង ក៏បានអះអាងថា គាត់នឹងបន្តពិភាក្សាជាមួយលោក ពូទីន ដើម្បីព្យាយាមទប់ស្កាត់ការកើនឡើងភាពតានតឹង និងទទួលបានលទ្ធផលជាក់ស្តែងមួយចំនួន ដូចជាសុវត្ថិភាពនៃរោងចក្រនុយក្លេអ៊ែរ។
ទន្ទឹមគ្នា លោក បៃដិន និងលោក ម៉ាក្រុង ក៏បានស្វែងរកមធ្យោបាយដើម្បីបន្ធូរបន្ថយភាពតានតឹងផ្នែកសេដ្ឋកិច្ចមួយចំនួន អំឡុងកិច្ចពិភាក្សានៅឯវិមានប្រធានាធិបតីអាមេរិកផងដែរ ដោយលោក បៃដិន បានសន្យាធ្វើការផ្លាស់ប្តូរច្បាប់ដែលសភាអាមេរិកទើបបានអនុម័តនៅឆ្នាំ២០២២នេះ ហើយបានធ្វើឲ្យប្រជាជាតិអឺរ៉ុបមានការព្រួយបារម្ភថា នឹងប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ពួកគេ៕ ប្រភព៖ CNA និងAFP ដោយ៖ ទីណា និងបុត្រា