សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូងប្រកាសដាក់ទណ្ឌកម្មថ្មីទៀតប្រឆាំងនឹងកូរ៉េខាងជើង
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន រួមមានកូរ៉េខាងត្បូង និងជប៉ុន បានប្រកាសដាក់ទណ្ឌកម្មបន្ថែមទៀតលើក្រុមមន្រ្តីកូរ៉េខាងជើង ដែលជាប់ពាក់ព័ន្ធក្នុងកម្មវិធីសព្វាវុធ ក្រោយការបាញ់សាកល្បងមីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM កាលពីខែមុន។
ការបញ្ចេញកញ្ចប់ទណ្ឌកម្មចុងក្រោយនេះ កើតមានឡើងបន្ទាប់ពីកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីល ICBM មួយគ្រាប់ ក្នុងថ្ងៃទី១៨ ខែវិច្ឆិកា ដែលជាផ្នែកនៃការបាញ់តេស្តមីស៊ីលច្រើនជាង៦០គ្រាប់នៅក្នុងឆ្នាំនេះ ហើយស្របពេលមានការព្រួយបារម្ភថា កូរ៉េខាងជើងអាចនឹងធ្វើតេស្តបំផ្ទុះអាវុធនុយក្លេអ៊ែរឡើងវិញក្នុងពេលឆាប់ៗនេះ ក្រោយផ្អាកតាំងតែពីឆ្នាំ២០១៧មក។
គួរបញ្ជាក់ថា ចិន និងរុស្ស៉ីបានរារាំងកិច្ចប្រឹងប្រែងដើម្បីដាក់ទណ្ឌកម្មបន្ថែមតាមរយៈក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយលើកហេតុផលថា ការដាក់ទណ្ឌកម្មអន្តរជាតិគួរតែត្រូវបន្ធូរបន្ថយ ដើម្បីស្តារកិច្ចចរចាឡើងវិញ និងបញ្ចៀសផលប៉ះពាល់កាន់តែធ្ងន់ធ្ងរផ្នែកមនុស្សធម៌។ ប្រការនេះបានបង្ខំឱ្យសហរដ្ឋអាមេរិកងាកទៅផ្តោតលើកិច្ចសហការត្រីភាគី ជាមួយកូរ៉េខាងត្បូងនិងជប៉ុន ក៏ដូចជាជាមួយដៃគូអឺរ៉ុប៕ ប្រភព៖ CNA ដោយ៖ ទីណា និងបុត្រា