ក្រសួងអប់រំ អំពាវនាវដល់គណៈមេប្រយោគ គោរពបទបញ្ញតិ អំឡុងពេលប្រឡងបាក់ឌុប
ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡាបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានអំពាវនាវដល់គណៈមេប្រយោគ និងបុគ្គលិក អប់រំទាំងអស់ ចូលរួមគោរពបទបញ្ញត្តិដែលក្រសួងបានដាក់ចេញ ដើម្បីធានាដល់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ទទួលបានជោគជ័យ និងមានតម្លាភាព។
ការអំពាវនាវនេះធ្វើឡើង ខណៈការប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ ខិតជិតមកដល់ ពោលនឹងប្រព្រឹត្តឡើងរយៈ ពេលពីរថ្ងៃនៅថ្ងៃទី៥-៦ ខែធ្នូខាងមុខនេះ។
តាមរយៈវីដេអូមានរយៈពេលជាងបីនាទី ដែលបានបង្ហោះ ផ្សព្វផ្សាយ ជាសាធារណៈនៅថ្ងៃទី១ ខែធ្នូ រដ្ឋមន្រ្តីក្រសួង អប់រំយុវជន និងកីឡា បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានធ្វើការអំពាវនាវដល់អស់ លោក លោកស្រី ជាបុគ្គលិកអប់រំ ដែលនឹងចូលរួមជាគណៈមេ ប្រយោគ និងគណៈកម្មការផ្សេង គោរពតាមបទបញ្ញត្តិដែលក្រសួង បានដាក់ចេញ ដើម្បីធានាបាននូវការប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ ប្រកបដោយជោគជ័យ។
ឯកឧត្តមបន្តថា ពិសេសអ្នកចូលរួមទាំងអស់ ត្រូវបន្តអនុវត្តនូវ វិធានការ បីកុំ បីការពារ និងបទបញ្ញត្តិផ្សេងៗដែលក្រសួង សុខាភិបាលបានដាក់ចេញ ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩។
ឆ្លៀតឱកាសនេះ លោកថ្លែងអំណរគុណដល់មាតាបិតា អាណា ព្យាបាល និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ជាពិសេសដល់ ក្រសួងស្ថាប័នចំនួន៦ គឺក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល កងរាជអាវុធហត្ថលើផ្ទៃប្រទេស អង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា និងអគ្គិសនីកម្ពុជា ក៏ដូចជា អាជ្ញាធរខេត្តក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ដែលបានចូលរួមនៅ ក្នុងការធានាបាននូវការការពារសុខសុវត្ថិភាព ក៏ដូចជាការសម្រួល ផ្សេងៗដល់បេក្ខជនដែលនឹងចូលរួមនៅក្នុងការប្រឡងនេះ។
លោកបណ្ឌិតថ្លែងថា៖ «ជាពិសេសគឺការផ្តល់ទីកន្លែងស្នាក់នៅ ការជួយសម្រួលដល់ការផ្ញើកង់ ម៉ូតូ ជួយសម្រួលដល់ការផ្តល់នូវ ម្ហូបអាហារ ចំណី ក៏ដូចជាការចូលរួមចំណែកនៅក្នុងការធានាបាន នូវការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ប្រកបដោយ ជោគជ័យ និងមានភាពរលូន»។
ជាមួយគ្នានេះដែរ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ណាត ប៊ុនរឿន និង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ឯកឧត្តម ឱម យ៉ិនទៀង កាលពីថ្ងៃទី១ខែធ្នូ បានសហការគ្នា ក្នុងការ រៀបចំ កិច្ចប្រជុំណែនាំបច្ចេកទេសដល់គណៈមេប្រយោគ ទូទាំង ប្រទេស ប្រធានគណៈកម្មការអប្បមាទទូទាំងប្រទេស និងប្រធាន គណៈមេប្រយោគមណ្ឌលសំណេរផងដែរ។
កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីណែនាំពីបច្ចេកទេស ការផ្តល់នូវ អនុសាសន៍សំខាន់ៗ ការណែនាំពីតួនាទី ភារកិច្ច ដល់គណៈមេ ប្រយោគទាំងអស់សម្រាប់ដំណើរការសំណេរ ការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ដើម្បីធានាបានថាការប្រឡងដំណើរការ ដោយគោរពតាមគោលការណ៍ច្បាប់យុត្តិធម៌ តម្លាភាព និងលទ្ធផល ទទួលយកបានព្រមទាំងអនុវត្តតាមវិធានការសុខភាពដើម្បីចូលរួមទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩។
ក្រសួងអប់រំ បានបញ្ជាក់ថា នៅព្រលឹមថ្ងៃទី ២ ខែធ្នូនេះ ប្រធាន គណៈមេប្រយោគទូទាំងប្រទេស ប្រចាំរាជធានី-ខេត្ត បានមកទទួល ផ្ទៀងផ្ទាត់ និងដឹកជញ្ជូនហឹបប្រធានវិញ្ញាសា ទៅកាន់បណ្ដា រាជធានី ខេត្តរៀងៗខ្លួនជាបណ្តើរៗហើយ ដើម្បីត្រៀមសម្រាប់ការប្រឡង សញ្ញា បត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡង ៥ ខែធ្នូ ២០២២។
ក្រសួងបន្តថា៖ «គណៈមេប្រយោគគ្រប់រូបបានអនុវត្តតួនាទីរបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវ ដោយមានការចូលរួមត្រួតពិនិត្យ ដោយ អង្គភាពប្រឆាំងអំពើពុករលួយ ព្រមទាំងអនុវត្តតាមសេចក្ដី ណែនាំ ប្រតិបត្តិរបស់ក្រសួងអប់រំ យុវជន និងកីឡា ស្ដីពីវិធាន ការ សុខភាព និងសុវត្ថិភាពសម្រាប់ការប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ ដើម្បីចូលរួមក្នុងការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩»។
ពាក់ព័ន្ធការប្រឡងនេះ ក្រសួងទេសចរណ៍ កាលពីថ្ងៃទី ២៨ ខែវិច្ឆិកា បានអំពាវនាវដល់ប្រតិបត្តិករទេសចរណ៍ កុំដំឡើងថ្លៃសេវាកម្ម ឬសម្រួលថ្លៃសេវាកម្មចំពោះអនុរក្ស និងសិស្សានុសិស្សដែលត្រូវចូល រួមការប្រឡងមធ្យមសិក្សាទុតិយភូមិខាងមុខ។
សូមជម្រាបថា បេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១២៨ ១៣៤ នាក់ (ស្រី ៦៨ ៧៧១ នាក់ )ហើយបេក្ខជនត្រូវបានរៀបចំចំនួន ២៥នាក់ ក្នុងមួយបន្ទប់។ ក្នុងនោះ មណ្ឌលសំណេរមានចំនួនសរុប ២២១ មណ្ឌល ត្រូវជា ៥ ១៧៤ បន្ទប់៕
ដោយ៖ ឡាយ សាមាន