វត្តមានសត្វព្រៃកម្រៗជាច្រើនប្រភេទ ត្រូវបានរកឃើញនៅខេត្ត មណ្ឌលគិរី ដែលជាក្តីសង្ឃឹមរបស់កម្ពុជា
មណ្ឌលគិរី៖ វត្តមានសត្វព្រៃកម្រៗជាច្រើនប្រភេទ ត្រូវបានលេច រូបរាងឡើងវិញ នៅក្នុងដែនជម្រកសត្វព្រៃនៃតំបន់ព្រៃទេសភាព ខ្ពង់រាបភាគខាងកើតក្នុងខេត្តមណ្ឌលគិរីដែលវត្តមាននេះ បង្ហាញ ក្តីសង្ឃឹមដល់កម្ពុជាក្នុងកិច្ចការអភិរក្សសត្វព្រៃបន្ទាប់ពីក្រសួងបរិស្ថាននិងអង្គការដៃគូបានដាក់ចេញនូវ «យុទ្ធនាការអន្ទាក់សូន្យ»។
ក្រុមអ្នកជំនាញស្រាវជ្រាវសត្វព្រៃនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីនៃក្រសួងបរិស្ថាន និងអង្គការWWF មានក្តីរំភើបជាខ្លាំង ខណៈមាន សេចក្តី រាយការណ៍កាលពីពេលថ្មីៗនេះមកថា វត្តមានសត្វព្រៃ ជាច្រើន ប្រភេទត្រូវបានថតជាប់តាមរយៈរូបភាពថតដោយពី ម៉ាស៊ីនថតស្វ័យប្រវត្តិ។
រូបភាពដែលក្រុមការងារបានបញ្ជូនមកសម្រាប់ជារបាយការណ៍បឋម បានបង្ហាញវត្តមានរបស់សត្វដំរីអាស៊ី ហ្វូងសត្វខ្ទីង និងហ្វូងសត្វ ទន្សោងដែលសុទ្ធសឹងជាប្រភេទសត្វកម្រ ព្រមទាំងសត្វជ្រូកព្រៃ សត្វឈ្លូស សត្វក្ងោក សត្វសំពោចកលឿង និងស្វាក្តាមផងដែរ។ ការតាមដានសត្វព្រៃដោយម៉ាស៊ីនថតស្វ័យប្រវត្តិ ដែលបច្ចុប្បន្ន បានការគាំទ្រថវិកាពីកម្មវិធីអភិរក្សសត្វព្រៃនៃអង្គការ WWF ថ្នាក់ តំបន់ និង WWF-Belgium ជាផ្នែកសំខាន់មួយនៃកម្មវិធីស្រាវជ្រាវ និងតាមដានជីវចម្រុះនៅក្នុងដែនជម្រកសត្វព្រៃនៃតំបន់ព្រៃទេសភាពខ្ពង់រាបភាគខាងកើតក្នុងខេត្តមណ្ឌលគិរី។
រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យ្រសួងបរិស្ថានឯកឧត្តម នេត្រ ភក្រ្តា បានមានប្រសាសន៍ថា តាមរយៈសិក្សាកន្លងមក ដោយដាក់ម៉ាស៊ីន ស្វ័យប្រវត្តិនៅតំបន់ការពារធម្មជាតិនានា យើងរកឃើញនូវប្រភេទ សត្វជាច្រើនដែលជាប្រភេទសត្វកម្រ និងកម្របង្គួរ។ លោកបន្តថា ការរកឃើញនេះអាចវាយតម្លៃបានថា យើងការពារបានលល្អនៅតំបន់ ដែលជាជម្រកសត្វព្រៃ កន្លែងរកចំណី និងប្រភពទឹកដែលសំដៅលើ ធន ធានធម្មជាតិ។ មួយវិញទៀត ប្រជាពលរដ្ឋចាប់ផ្តើមបានយល់ ពីសារៈប្រយោជន៍នៃការការពារ អភិរក្សាធនធានធម្មជាតិ ហើយ តាមរយៈ យុទ្ធនាការអន្ទាក់សូន្យ កន្លងទៅធ្វើឱ្យប្រជាពលរដ្ឋកាន់ តែមានការយល់ដឹងថែមទៀត។
ឯកឧត្តមបញ្ជាក់ថា៖ «នៅក្នុងរយៈពេលជាង ២០ឆ្នាំមកនេះ បន្ទាប់ ពីកម្ពុជាមានស្ថិរភាព សុខសន្តិភាព មានឱកាសពេញលេញ ក្នុង ការគិតគូរ ការពារអភិរក្ស ហើយតំបន់ការពារធម្មជាតិមួយ ចំនួន កាន់តែមានភាពប្រសើរឡើង និងសុវត្ថិភាព សម្រាប់សត្វព្រៃក្នុង ការរស់»។
ឯកឧត្តមសង្កេតឃើញថា ចំនួនសត្វព្រៃនៅតាមតំបន់ ការពារ ធម្មជាតិនានា ដូចជាសត្វចម្ពាមជើងបួន នៅតែ មានបញ្ហា ប្រឈមខ្លាំងដោយសារអន្ទាក់ ប៉ុន្តែប្រភេទសត្វមួយ ចំនួន ដូចជាសព្វពានរ សត្វស្លាបមានការកើនឡើងនៅតាមតំបន់ ការពារធម្មជាតិនានា។ ជាមួយគ្នានេះ សង្កេតឃើញសត្វចម្ពាម ជើងបួនមានការកើនឡើងនូវកូនតូចៗច្រើន ជាក់ស្តែងរូបភាព ដែលត្រូវបានបង្ហាញនៅខាងលើ គឺបង្ហាញអំពីការកើន ឡើងនូវចំ នួនប្រជាសាស្រ្តសត្វព្រៃ។
នាយកអង្គការមូលនិធិសកលសម្រាប់អភិរក្សធម្មជាតិ (WWF) លោក សេង ទៀក ថ្លែងថា វត្តមានកំណើនសត្វព្រៃ ដោយសារ កក្តាសំខាន់ចំនួនពីរគឺការគ្រប់គ្រងល្អ និងទីជម្រកសត្វព្រៃមាន សុវត្ថិភាព។
លោកថា៖ «ក៏ដោយសារការចូលរួមរបស់សហគមន៍មូលដ្ឋាន ជាពិសេសសហគមន៍នៅតំបន់ការពារធម្មជាតិដែលបានបង្កើតឡើងគួបផ្សំការអនុវត្តន៍ច្បាប់ ការគ្រប់គ្រងនៅតំបន់នោះ ទើបបង្កើត បានជាទីជម្រកដ៏មានសុវត្ថិភាពសម្រាប់សត្វព្រៃ។ អីចឹងអត្រា កើនឡើងនៃសត្វព្រៃងាយស្រួល។
លោកបន្តថា អត្រាកំណើនសត្វព្រៃអាស្រ័យទៅលើសុវត្ថិភាព និងទីជម្រក សត្វព្រៃជួបបញ្ហាច្រើននាពេលកន្លងមក ។ដូច្នេះ យុទ្ធនាការអន្ទាក់សូន្យ ជារឿងមួយដែលបំផុសចលនា ឱ្យ ការពារ សត្វព្រៃ ហើយចាំបាច់ត្រូវធ្វើការរួមគ្នាបន្តទៀត ព្រមទាំងបង្កើន ជីវភាព ការរស់នៅរបស់សហគមន៍ដែលជាជម្រើសកុំឱ្យដាក់ សម្ពាធទៅលើការជួញដូរឬបរបាញ់សត្វព្រៃ។ លោកថា៖ «ការជំរុញឱ្យប្រជាពលរដ្ឋមានការយល់ដឹងអំពីតម្លៃ និង សារៈសំខាន់របស់សត្វព្រៃគឺវារួមចំណែកសំខាន់ខ្លាំង ហើយយុទ្ធនា ការអន្ទាក់សូន្យគឺជាគោលដៅរុញដើម្បីឱ្យប្រជាពលរដ្ឋ និងអ្នក ពាក់ព័ន្ធ ដទៃទៀតយល់ពីសារៈសំខាន់»។
ក្រសួងបរិស្ថាន បានឱ្យដឹងថា សត្វព្រៃនៅក្នុងតំបន់ការពារធម្មជាតិ របស់កម្ពុជាកំពុងប្រឈមនឹងការគំរាមកំហែងពីការជាប់អន្ទាក់ដែលជាមូលហេតុចម្បងនាំឱ្យសត្វព្រៃបាត់បង់ពូជ និងចំនួនសត្វព្រៃ ថយចុះ។
ក្រសួងបន្តថា៖ «យើងចាំបាច់ត្រូវចាត់វិធានការអភិរក្ស សំខាន់ៗរួម គ្នាបន្ទាន់បន្ថែមទៀតដើម្បីការពារសត្វព្រៃដែលមានតម្លៃជាសកលទាំងនេះ ធានាថាទីជម្រកធម្មជាតិរបស់វាគ្មានការដាក់អន្ទាក់ និង បញ្ឈប់តម្រូវការសាច់សត្វព្រៃ និងផលិតផលពីសត្វព្រៃ ដើម្បីស្តារ ចំនួន សត្វទាំងនេះឱ្យកើនឡើងវិញ និងអាចបន្តរស់រានក្នុងដែន ជម្រកធម្មជាតិទៅថ្ងៃអនាគតសម្រាប់ជាប្រយោជន៍មនុស្ស និង ធម្មជាតិ»។
«យុទ្ធនាការអន្ទាក់សូន្យ» ដែលត្រូវបានអនុវត្តជាផ្លូវការចាប់តាំង ពីខែមីនា ឆ្នាំ២០២២ មក ក្រោមការដឹកនាំរបស់ក្រសួងបរិស្ថាន និងដោយមានការគាំទ្រពីដៃគូអភិរក្សនិងដៃគូអភិវឌ្ឍន៍ ជា វិធានការ បន្ទាន់រួមគ្នាមួយដែលត្រូវបានរៀបចំឡើងដើម្បីរួមចំណែកជាដំណោះស្រាយចំពោះការគំរាមកំហែងដល់ជីវិតសត្វព្រៃ ដោយមានគោលដៅ បញ្ចប់វិបត្តិអន្ទាក់ និងការជួញដូរសត្វព្រៃខុសច្បាប់នៅកម្ពុជា៕
ដោយ៖ ឡាយ សមាន