ក្រសួងអប់រំបើកកិច្ចប្រជុំគណៈមេប្រយោគទូទាំងប្រទេស ជាមួយអភិបាលនៃគណៈអភិបាល រាជធានី-ខេត្តទាក់ទិនការប្រឡងបាក់ឌុប
ភ្នំពេញ៖ នៅពេលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅថា បាក់ឌុប កាន់តែខិតឈានមកដល់ ខាងមុខនេះក្រសួងអប់រំបានបើកកិច្ចប្រជុំគណៈមេប្រយោគទូទាំងប្រទេស ជាមួយអភិបាលនៃគណៈអភិបាល រាជធានី-ខេត្ត ទាំង២៥ ស្ដីពីការរក្សាហឹបវិញ្ញាសាប្រឡង ការរៀបចំសន្តិសុខ សុវត្ថិភាពនៅតាមមណ្ឌលសំណេរនៃរាជធានី-ខេត្ត នីមួយៗ ដែលត្រូវបានជ្រើសរើសសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡង០៥ ធ្នូ ២០២២។
ក្រសួងអប់រំបានោ្យដឹងថា៖កិច្ចប្រជុំនេះ ក៏មានការចូលរួមពីសំណាក់តំណាងអង្គភាពប្រឆាំងអំពើពុករលួយ អាជ្ញាធរដែនដី និងកងកម្លាំងប្រដាប់អាវុធ តំណាងមន្ទីរសុខាភិបាលរាជធានីខេត្ត ដើម្បីបង្ហាញពីយន្តការនៃការប្រឡង និងស្នើសុំកិច្ចសហការពីសំណាក់អាជ្ញាធរទាំង២៥ រាជធានី-ខេត្ត ធ្វើយ៉ាងណាឱ្យដំណើរការសំណេរប្រព្រឹត្តទៅដោយភាពរលូន។
ក្រសួងអប់រំ យុវជន និងកីឡា សូមថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅចំពោះថ្នាក់ដឹកនាំតាមបណ្ដារាជធានី-ខេត្ត ដែលផ្តល់ការទំនុកបម្រុងគាំទ្រយ៉ាងកក់ក្ដៅចំពោះប្អូនៗ សិស្សានុសិស្ស និងបុគ្គលិកអប់រំដែលត្រៀមចូលរួមក្នុងការប្រឡង៕ ដោយ៖ ម៉ាដេប៉ូ