រដ្ឋាភិបាល នឹងកែលម្អបរិស្ថានក្រុង ជុំវិញបឹងទន្លេសាបនិង មហាអនុតំបន់មេគង្គ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ រដ្ឋាភិបាលតាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន បានបើកកិច្ចប្រជុំពិនិត្យកែលម្អបរិស្ថានក្រុងជុំវិញបឹងទន្លេសាបជំហានទី២ និងគម្រោងអភិវឌ្ឍន៍ច្រករបៀងទី៤ មហាអនុតំបន់មេគង្គ ដើម្បី លើកកម្ពស់អនាម័យ និងគុណភាពនៃការរស់នៅល្អជូន ប្រជា ពលរដ្ឋ។
កិច្ចប្រជុំនេះរៀបចំឡើងកាលពីថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២២ ក្នុងគោល បំណង ដើម្បីពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពការងារសម្រេចបាន គម្រោងកំពុងសិក្សាសមិទ្ធិលទ្ធភាព និងគម្រោងដែលកំពុងអនុវត្តបន្ត ទាក់ទងនឹងការលើកកម្ពស់ទឹកស្អាត និងអនាម័យ គម្រោងកែលម្អ គ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាបជំហានទី២ និងគម្រោង អភិវឌ្ឍន៍ ច្រករបៀងទី៤ មហាអនុតំបន់មេគង្គ ដែលទទួលបាន ឥណទានសម្បទានពីធនាគារ អភិវឌ្ឍអាស៊ី(ADB)។

ក្នុងកិច្ចប្រជុំនេះឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការក្រសួង សាធារណការបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមការងារជំនាញក្រសួង រួមទាំងទីប្រឹក្សាបច្ចេកទេសក្នុងគម្រោងទាំងអស់ ដែលបានខិតខំប្រឹងប្រែងអនុវត្តគម្រោងតាមផែនការដែលបានគ្រោងទុករហូតទទួលបានលទ្ធផលល្អ និងបានជំរុញលើកទឹកចិត្តឱ្យ ក្រុម ការងារបន្តខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីឈានទៅសម្រេចបាន គោលដៅរួមក្នុងការលើកកម្ពស់អនាម័យ និង គុណភាពនៃការរស់នៅ របស់ប្រជាពលរដ្ឋ។

ឯកឧត្តម វ៉ាស៊ី សូរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹក ជញ្ជូន ថ្លែងថា គម្រោងដែលទទួលបានឥណទានសម្បទានពីធនាគារ អភិវឌ្ឍន៍អាស៊ី(ADB) ត្រូវបានអនុវត្តនៅតាមក្រុងនៃខេត្តជាប់បឹង ទន្លេសាប មួយចំនួនក្នុងជំហានទី ១ រួចហើយ មានដូចជា នៅ ខេត្តកំពង់ឆ្នាំង និងពោធិ៍សាត់ជាដើម និងខេត្តផ្សេងទៀត តាមរយៈ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និង កសាងទីលាន ចាក់ សំរាមជាដើម។

លោកបន្តថា សម្រាប់គម្រោងលើកទី ២ នឹងបន្តអនុវត្តនៅខេត្ត ជាប់បឹងទន្លេសាប និងទន្លេមេគង្គ មួយចំនួនទៀត ដើម្បីធ្វើយ៉ាង ណាជួយលើកកម្ពស់ជីវភាព និងបរិស្ថានល្អជូនប្រជាពលរដ្ឋនៅ ក្នុងខេត្តទាំងនោះ។

គម្រោងលើកកម្ពស់ទឹកស្អាត និងអនាម័យ នឹងការសាងសង់ឱ្យមាន ប្រព័ន្ធចម្រោះទឹកកខ្វក់ និងទឹកភ្លៀង និងការសាងសង់ទីលានចាក់ សំរាមនៅតាមបណ្ដាខេត្តមួយចំនួនរួមមាន៖ ខេត្តកំពង់ធំ ខេត្ត កំពង់ចាម ខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តក្រចេះ ខេត្តបន្ទាយ មានជ័យ និងខេត្តស្ទឹងត្រែងជាដើម ដើម្បីលើកម្ពស់អនាម័យ ការទុកដាក់សំរាម និងការបញ្ចេញទឹកសំណល់កខ្វក់ពីលំនៅ ដ្ឋាន របស់ប្រជាពលរដ្ឋ ពិសេសខេត្តជុំវិញបឹងទន្លេសាប និងតាមបណ្ដោយ ទន្លេមេគង្គ ឱ្យកាន់តែមានការប្រសើរឡើង៕
ដោយ៖ យុទ្ធ វីរៈ

ads banner