រដ្ឋមន្រ្តីក្រសួងបរិស្ថាន ចង់ឃើញសាលារៀននៅទូទាំងប្រទេសកម្ពុជា មានបរិស្ថានស្អាត សិស្សមានសុខភាពល្អ និងកាយសម្បទារឹងមាំ
ភ្នំពេញ៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ថ្លែងថា ក្នុងក្របខណ្ឌកម្ពុជាអភិវឌ្ឍប្រកបដោយចីរភាព ឯកឧត្តមរដ្ឋមន្រ្តី មានចក្ខុវិស័យចង់ឃើញសាលារៀននៅទូទាំងប្រទេសកម្ពុជា មានបរិស្ថានស្អាត និងសិស្សានុសិស្សមានសុខភាពល្អ និងកាយសម្បទារឹងមាំ។ ការថ្លែងបែបនេះ ត្រូវបានធ្វើឡើងក្នុងឱកាស ឯកឧត្តមរដ្ឋមន្រ្តី អញ្ជើញជួបសំណេះសំណាលជាមួយ នាយកសាលា លោកគ្រូ អ្នកគ្រូ នៃបណ្ដាវិទ្យាល័យនៅរាជធានីភ្នំពេញ ក្នុងពិធីបូកសរុបលទ្ធផលការប្រកួតពានរង្វាន់ជើងឯកវិទ្យាល័យ លើកទី២ និងទិសដៅការងារបន្ត ឆ្នាំ២០២៣ អមជាមួយការផ្សព្វផ្សាយប្រតិបត្តិមេត្រីភាពបរិស្ថានក្នុងក្របខណ្ឌការងារសាលារៀន នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ នាទីស្តីការក្រសួងបរិស្ថាន។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងថា ដើម្បីទទួលបានជោគជ័យក្នុងការសិក្សា សុខភាពជារឿងចម្បង។ ហេតុដូចនេះ បង្គន់អនាម័យ ធុងចម្រោះទឹកស្អាត ទីធ្លាកីឡា គឺជារឿងចាំបាច់បំផុតដែលត្រូវយកចិត្តទុកដាក់ខ្ពស់។ ជាមួយគ្នានេះ ក្រសួងរិស្ថានក៏នឹងផ្តល់ជូននូវកូនឈើតាមការស្នើសុំសម្រាប់ដាំជាម្លប់បៃតង តាមសាលារៀនផងដែរ។
ដោយឡែក ក្នុងក្របខណ្ឌគាំទ្រដល់សុខភាពសិស្ស ក្រសួងបរិស្ថានគាំទ្រដល់សកម្មភាពកីឡា និងការបង្កើតទីលានកីឡាតាមសាលារៀន។ ដើម្បីធានាបានសុខុមាលភាពសិស្សានុសិស្ស ឯកឧត្តមរដ្ឋមន្រ្តី គាំទ្រការរៀបចំបន្ទប់ទឹកស្តង់ដារ បរិស្ថានបៃតង ការផ្តល់ធុងចម្រោះទឹក ទីធ្លាសម្រាប់កីឡាឬកន្លែងហាត់ប្រាណ និងការបំពាក់ផ្ទាំងសូឡាជាដើម។ ទន្ទឹមនេះ ហេដ្ឋារចនាសម្ព័ន្ធក្នុងសាលា ត្រូវរៀបចំឲ្យបានល្អប្រសើរផងដែរ។
ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ក្រសួងបរិស្ថាន តាមរយៈមូលនិធិបរិស្ថាននិងសង្គម និងថវិកាពីការលក់ឥណទានកាបូន គាំទ្រដល់សាលារៀនទូទាំងប្រទេស ធ្វើយ៉ាងណាបង្កើតបានបរិស្ថានស្អាត និងលក្ខណៈអំណោយផលដល់សិស្សានុសិស្ស ដើម្បីបង្កបរិយាកាសល្អក្នុងការរៀនសូត្រ ត្រងត្រាប់ចាប់យកចំណេះដឹង សម្រាប់បម្រើអាជីបការងារផ្ទាល់ខ្លួន ការផ្គត់ផ្គង់គ្រួសារ និងការអភិវឌ្ឍសង្គមជាតិទាំងមូល៕ដោយ៖ម៉ាដេប៉ូ