អភិបាលរាជធានីភ្នំពេញ និងអភិបាលក្រុងបាងកក ឯកភាព បង្កើតក្រុមការងារបច្ចេកទេសមួយ ដើម្បីរៀបចំផែនការរួម ឱ្យទីក្រុងទាំង២កាន់តែរីកចម្រើន

ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងអភិបាលទីក្រុងបាងកក បានឯកភាពគ្នា ដោយបង្កើតក្រុមការងារបច្ចេកទេសមួយ ដើម្បីរៀបចំផែនការរួមគ្នាឱ្យទីក្រុងទាំង ២មានការអភិវឌ្ឍរីកចម្រើន ពិសេសរួមគ្នាដោះស្រាយបញ្ហាសំរាម បញ្ហាចរាចរណ៍ និងបង្កើនវិស័យទេសចរណ៍នៃប្រទេសទាំង២អោយកាន់តែល្អប្រសើរថែមទៀត។

ការឯកភាពគ្នាបែបនេះបានធ្វើឡើងក្នុងជំនួបសម្ដែងការគួរសមមួយ រវាងឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក ឆាត់ឆាត សិទ្ធីផាន់ អភិបាលក្រុងបាងកក នៅល្ងាចថ្ងៃទី០២ខែធ្នូឆ្នាំ២០២២នេះ នៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ ពោលគឺក្រោយពី កិច្ចប្រជុំអភិបាលរាជាធានី និងរដ្ឋធានីអាស៊ាន MGMAC និងវេទិកា អភិបាលក្រុងអាស៊ាន AMFបានបញ្ចប់។

ឯកឧត្តម ឃួង ស្រេង មានប្រសាសន៍ថា ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាតេជោ ហ៊ុន សែន បានបង្កើតឲ្យមានទំនាក់ទំនងរវាងរាជធានីភ្នំពេញ និងទីក្រុងបាងកក ហើយក៏នៅបានបង្កើតឱ្យមានកិច្ចប្រជុំទីក្រុងអាស៊ាននេះថែមទៀត ។ រដ្ឋបាលរាជធានីភ្នំពេញនឹងបង្កើតក្រុមការងារបច្ចេកទេសមួយដើម្បីធ្វើការរួមគ្នាជាមួយទីក្រុងបាងកក។

បន្ថែមពីលើនេះ ឯកឧត្តម ឃួង ស្រេង ក៏បានថ្លែងនូវការអរគុណផងដែរ ចំពោះអភិបាលខេត្តនៅជាប់ព្រំដែនកម្ពុជា ថៃ ដែលបានចូលរួម កិច្ចប្រជុំនានាកន្លងមក សំដៅធ្វើឲ្យបន្ទាត់ព្រំដែនមានទំនាក់ទំនងកាន់តែល្អប្រសើរ បម្រើឲ្យផលប្រយោជន៍បងប្អូនប្រជាពលរដ្ឋ នៅជាប់ព្រំដែន។

ឯកឧត្តមបន្តថា ថ្នាក់ក្រោមជាតិ មានទំនាក់ទំនងល្អជាមួយគ្នា ដើម្បីដោះស្រាយបញ្ហានៅជាប់ព្រំដែនជាមួយប្រទេសជិតខាង ក្នុងគោលបំណងបម្រើឲ្យបងប្អូនប្រជាពលរដ្ឋដែលបាននិងកំពុងរស់នៅតាមបណ្ដោយបន្ទាប់ព្រំដែននៃប្រទេសទាំងពីរ។

លោក ឆាត់ឆាត សិទ្ធីផាន់ អភិបាលក្រុងបាងកក នៅក្នុងឱកាសនោះ ក៏បានសម្ដែងនូវការកោតសរសើរផងដែរ ចំពោះអាជ្ញាធររាជធានីភ្នំពេញដែលបានរៀបចំនូវកិច្ចប្រជុំ អភិបាលរាជាធានី និងរដ្ឋធានីអាស៊ាន MGMAC និងវេទិកា អភិបាលក្រុងអាស៊ាន AMF ទទួលបានជោគជ័យ និងបានទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩បានល្អប្រសើរផងដែរ។ លោក បន្តថា ក្នុងនាមជាប្រទេសជិតខាង
ភូមិផងរបងជាមួយគ្នា ត្រូវទំនាក់ទំនងការងារជាមួយគ្នាឲ្យបានល្អ ដោយយើង និងបង្កើតជាក្រុមការងារមួយដើម្បី ទាក់ទងគ្នាធ្វើការ ជាមួយគ្នាឲ្យបានល្អពិសេសគឺការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរទីក្រុងទាំងពីរ ពាក់ព័ន្ធនឹងបញ្ហាប្រឈមសំរាមការកកស្ទះចរាចរណ៍ និងការជំរុញជើងហោះហើរ ត្រង់ពីភ្នំពេញទៅទីក្រុងបាងកកជាដើម ៕ ដោយ ថេត វិចិត្រ+ហេង សម្បត្តិ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner