ប្រធានព្រឹទ្ធសភាកម្ពុជាចាត់ទុកអតីតប្រធានាធិបតីចិនលោក ជាំង ជឺមីន គឺជាមិត្តភក្តិដ៏ល្អរបស់កម្ពុជា (Video Inside)
ប្រធានព្រឹទ្ធសភា នៃប្រទេសកម្ពុជាសម្តេចវិបុលសេនាភក្តី សាយ ឈុំ បានផ្ញើសារចូលរួមរំលែកទុក្ខចំពោះមរណភាពអតីតប្រធានាធិបតីចិន លោក ជាំង ជឺមីន។
សារលិខិតថ្ងៃទី២ ធ្នូ ឆ្នាំ២០២២ តាមរយៈលោក វ៉ាង យ៉ាង នៃប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន បានចាត់ទុកលោក ជាំង ជឺមីន «គឺជារដ្ឋបុរសដ៏ឆ្នើមដែលបានលះបង់ស្ទើពេញមួយជីវិត ដើម្បីបុព្វហេតុអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រទេសចិនឱ្យមានការរីកចម្រើនដ៏អស្ចារ្យ នាំមកនូវវឌ្ឍនភាព វិបុលភាពដ៏ត្រចះត្រចង់ ជូនប្រជាជនចិន និងនាំមកជូនជាតិនូវកិត្យានុភាព ឧត្ដមភាពដ៏ខ្លាំង ក្លានៅក្នុងតំបន់ និងសកលលោក»។
គួរបញ្ជាក់ថាលោក ជាំង ជឺមីន អាយុ៩៦ឆ្នាំ ត្រូវបណ្តាញសារព័ត៌មានផ្សព្វផ្សាយ នៃប្រទេសចិន បានបញ្ជាក់ថាលោកបានទទួលមរណភាព កាលពីថ្ងៃទី៣០ វិច្ឆិកា ឆ្នាំ២០២២ ដោយសារជម្ងឺមហារីកឈាមក្នុងមន្ទីរពេទ្យ នៃក្រុងសៀងហៃ។
សាររបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសរសេរថា «លោក ជាំង ជឺមីន គឺជាមិត្តភក្តិដ៏ល្អរបស់កម្ពុជា ដែលបានយកចិត្តទុកដាក់ និងផ្ដល់សារៈសំខាន់ខ្ពស់ដល់ការថែរក្សាពូន ជ្រំ ចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជាប្រវត្តិសាស្ត្ររវាងកម្ពុជា-ចិន និងធ្លាប់បានរួមដំណើរជាមួយប្រជាជនកម្ពុជា ក្នុងការកសាង និងអភិវឌ្ឍប្រទេសកម្ពុជា ឱ្យមានការរីកចម្រើនឆាប់រហ័ស»។
សារលិខិតដដែលបានបន្តថា «មនោសញ្ចេតនាមិត្តភាពដ៏ជ្រាលជ្រៅ របស់ឯកឧត្តម ជាំង ជឺមីន ចំពោះប្រជាជនកម្ពុជា នឹងត្រូវបានចងចាំជារៀងរហូត»។