លោក ពូទីន ពិភាក្សាជាមួយមេដឹកនាំអាល្លឺម៉ង់ ពាក់ព័ន្ធនឹងស្ថានភាពសង្គ្រាមនៅអ៊ុយក្រែន
ម៉ូស្គូ៖ ទាក់ទិននឹងការវិវត្តចុងក្រោយបំផុតនៅក្នុងសង្គ្រាមអ៊ុយក្រែន ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក្នុងថ្ងៃសុក្រសប្តាហ៍នេះ បានធ្វើការសន្ទនាតាមទូរស័ព្ទជាមួយអធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូលស៍ ទៅលើបញ្ហាមួយចំនួនពាក់ព័ន្ធនឹងស្ថានភាពជម្លោះនៅអ៊ុយក្រែន។
បើតាមវិមានក្រឹមឡាំង លោក ពូទីន បានជំរុញឱ្យមានការស្រាវជ្រាវប្រកបដោយតម្លាភាព ជាមួយនឹងការចូលរួមរបស់អ្នកជំនាញរុស្ស៊ី ទាក់ទិននឹង “សកម្មភាពភេរវករ” ប្រឆាំងនឹងបំពង់បង្ហួរឧស្ម័នធម្មជាតិ Nord Stream 1 និង Nord Stream 2។
បន្ថែមលើនេះ មេដឹកនាំទាំងពីរក៏បានពិភាក្សាពីការអនុវត្តកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ ដែលបានចុះហត្ថលេខានៅទីក្រុងអ៊ីស្តង់ប៊ុល ក្នុងខែកក្កដាផងដែរ ដោយលោក ពូទីន បានសង្កត់ធ្ងន់លើតម្រូវការ ក្នុងការដករបាំងឧបសគ្គទាំងអស់លើការនាំចេញស្បៀងអាហារ និងជីរបស់ប្រទេសរុស្ស៊ី។
ទន្ទឹមគ្នា អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសស្កូវ ក៏បានប្រាប់អ្នកយកព័ត៌មានក្នុងថ្ងៃសុក្រសប្តាហ៍នេះដែរថា រុស្ស៊ីនៅពុំទាន់បានត្រៀមខ្លួនសម្រាប់ការចរចាជាមួយសហរដ្ឋអាមេរិកនៅឡើយទេ ប្រសិនបើទីក្រុងវ៉ាស៊ីនតោនកំណត់លក្ខខណ្ឌជាមុន ដោយតម្រូវឱ្យរុស្ស៊ីកងទ័ពចេញពីទឹកដីអ៊ុយក្រែន ប៉ុន្តែថា លោក ពូទីន នៅតែបើកចំហចំពោះការប្រាស្រ័យទាក់ទងគ្នា៕ ប្រភព៖ ស៊ីនហួរ ដោយ៖ ទីណា និងបុត្រា