ការលក់រថយន្ត Ford នៅសហរដ្ឋអាមេរិក ធ្លាក់ចុះខ្លាំងក្នុងខែវិច្ឆិកា ឆ្នាំ២០២២
ឈីកាហ្គោ៖ ក្រុមហ៊ុន Ford Motor Co បានប្រកាសនៅលើគេហទំព័ររបស់ខ្លួនក្នុងថ្ងៃសុក្រសប្តាហ៍នេះថា ក្រុមហ៊ុនខ្លួនលក់រថយន្តថ្មីបានចំនួន ១៤៦.៣៦៤គ្រឿងនៅសហរដ្ឋអាមេរិក ក្នុងខែវិច្ឆិកា ឆ្នាំ២០២២ ធ្លាក់ចុះ ៧,៨ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។
![](https://asset.ams.com.kh/central/media/2022/12/photo_2022-12-03_09-32-38-2.jpg)
តួយ៉ាង ក្រុមហ៊ុនផលិតរថយន្តដែលមានមូលដ្ឋាននៅទីក្រុង Dearborn រដ្ឋមីឈីខែន ការលក់រថយន្តដឹកទំនិញបានចំនួន ៨១.២១០គ្រឿងក្នុងខែវិច្ឆិកាធ្លាក់ចុះ ១,២ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។ ចំណែករថយន្តប្រភេទ SUV មានចំនួន ៦១.៨៨៩គ្រឿង ធ្លាក់ចុះ ១៥ភាគរយ។
![](https://asset.ams.com.kh/central/media/2022/12/photo_2022-12-03_09-32-38-4-1024x536.jpg)
ហើយការលក់រថយន្តអគ្គិសនីបានចំនួន ៦.២៥៥គ្រឿង កើនឡើង ១០២,៦ភាគរយ ខណៈតួលេខនេះ បានធ្វើឱ្យ Ford ក្លាយជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនី តាមពីក្រោយក្រុមហ៊ុន Tesla នៅក្នុងសហរដ្ឋអាមេរិក។ ក្រុមហ៊ុន Ford លក់រថយន្តអគ្គិសនីបានចំនួន ៥៣.៧៥២គ្រឿងនៅទូទាំងសហរដ្ឋអាមេរិក ក្នុងរយៈពេល១១ខែ ឆ្នាំ២០២២ ខណៈដែលការលក់ប្រចាំឆ្នាំរបស់ក្រុមហ៊ុន Ford បានធ្លាក់ចុះ ២,៧ភាគរយ។
![](https://asset.ams.com.kh/central/media/2022/12/photo_2022-12-03_09-32-38-1024x682.jpg)
ចំពោះក្រុមហ៊ុនផលិតរថយន្តផ្សេងទៀត ការលក់រថយន្តម៉ាកហុងដានៅសហរដ្ឋអាមេរិកក៏បានធ្លាក់ចុះ ៦,១ភាគរយក្នុងខែវិច្ឆិកា ឆ្នាំ២០២២។ ចំណែកការលក់រថយន្តរបស់ក្រុមហ៊ុន Hyundai Motormerican American វិញ បានកើនឡើង ៤៣ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។ នេះបើយោងតាមសារព័ត៌មាន Detroit News៕ ប្រភព៖ ស៊ីនហួរ ដោយ៖ ទីណា និងបុត្រា
![](https://asset.ams.com.kh/central/media/2022/12/photo_2022-12-03_09-32-39.jpg)
![](https://asset.ams.com.kh/central/media/2022/12/photo_2022-12-03_09-32-41-1024x682.jpg)