វិមានក្រឹមឡាំង ថាលោក ពូទីន បើកចំហក្នុងការពិភាក្សាអំពីជម្លោះនៅ អ៊ុយក្រែន

រុស្ស៊ី៖ លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន បើកចំហចំពោះកិច្ចពិភាក្សាស្តីពី ដំណោះស្រាយទាក់ទងជម្លោះនៅក្នុងប្រទេសអ៊ុយក្រែនហើយ លោកក៏ជឿជាក់ដែរ លើដំណោះស្រាយការទូត ។ វិមានក្រឹមឡាំងបាននិយាយដូច្នោះនាថ្ងៃសុក្រ ទី២ធ្នូ បន្ទាប់ពីលោក ចូ បៃដិន ប្រធានាធិបតីអាមេរិកលើកឡើងថា លោកត្រៀមខ្លួនរួចជាស្រេច ដើម្បីសន្ទនាគ្នាជាមួយមេដឹកនាំរុស្ស៊ី ។

ដោយនៅកៀកក្បែរនឹងលោកប្រមុខរដ្ឋបារាំង ម៉ាក្រុង លោក បៃដិន បាននិយាយថា មធ្យោបាយតែមួយគត់ ដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន គឺមានតែលោក ពូទីន ដកទ័ពរុស្ស៊ីចេញ និងថា ប្រសិនបើលោក ពូទីន ចង់បញ្ចប់ជម្លោះមែននោះ លោក បៃដិន នឹងត្រៀមនិយាយជាមួយប្រមុខវិមានក្រឹមឡាំង ។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) បានដំឡើងសំឡេង នៅពេលត្រូវ គេ សួរអំពីការអត្ថាធិប្បាយរបស់លោក បៃដិន ដោយលោកនិយាយថា លោក ពូទីន នៅតែ បើកចំហ ទ្វារ ចំពោះកិច្ចចរចា ប៉ុន្តែរុស្ស៊ីនឹងមិនដកខ្លួនចេញពីអ៊ុយក្រែនឡើយ ។

លោកបន្ថែមថា វិមានក្រឹមឡាំង មិនអាចទទួលយកបានទេ ហើយ ប្រតិបត្តិការយោធា របស់រុស្ស៊ីនឹងបន្តនៅអ៊ុយក្រែន ។ លោក ប៉េស្កូវ បានប្រាប់អ្នកយកព័ត៌មានថា ៖ «ប្រមុខសហព័ន្ធរុស្ស៊ីតែងតែ ហើយនៅតែបើកចំហ ចំពោះការចរចាដើម្បីធានាផលប្រយោជន៍របស់យើង »។ ហើយ វិធី ដែល ល្អបំផុត ដើម្បីសម្រេច បាននូវផលប្រយោជន៍ របស់រុស្ស៊ី លោក ប៉េស្កូវ សំដៅថា ធ្វើឡើងតាមរយៈ មធ្យោបាយការទូតដោយសន្តិភាព ។

តែទោះបីជាបើកចំហទ្វារ ទៅកាន់កិច្ចចរចាក៏ដោយ អ្នកនាំពាក្យវិមានក្រឹមឡាំងដដែលនេះ បានគូស បញ្ជាក់ថា ការបដិសេធរបស់សហរដ្ឋអាមេរិក ក្នុងការទទួលស្គាល់ «ទឹកដីថ្មី» ជារបស់រុស្ស៊ី គឺជាកត្តារាំងស្ទះ មិនឱ្យ ការសម្របសម្រួលណាមួយ អាចកើតមាន ។

គួរជ្រាបថា រុស្ស៊ី បានកាត់ យកទឹកដី អ៊ុយក្រែនប្រមាណ ជាមួយ ភាគ ប្រាំ ។ ក្រុមប្រទេសលោកខាងលិច និង អ៊ុយក្រែន និយាយ ថាពួកគេ មិនអាច ទទួល យកបានសោះ ឡើយនូវការបញ្ចូល តំបន់របស់ អ៊ុយក្រែន ទៅជា ដែនដី ឧបសម្ព័ន្ធ របស់ រុស្ស៊ីនេះ។

គួរជ្រាបថា សង្គ្រាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន បានបណ្តាលឱ្យទាហានរាប់ម៉ឺននាក់ស្លាប់ទាំងសងខាង និង បង្កឱ្យមានការប្រឈមមុខដាក់គ្នាដ៏ខ្លាំងបំផុតរវាងទីក្រុងមូស្គូ និងលោកខាងលិច ចាប់តាំងពីវិបត្តិមីស៊ីលគុយបាឆ្នាំ ១៩៦២មក ៕ ដោយ៖ លី លីយ៉ា

ads banner