លោកជំទាវ ម៉ែន សំអន អបអរសាទរទិវាជនពិការកម្ពុជាលើកទី២៤ និងទិវាជនពិការអន្តរជាតិលើកទី៤០

ភ្នំពេញ ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ បានអញ្ជើញជាអធិបតីក្នុងទិវាជនពិការកម្ពុជាលើកទី២៤ និងទិវាជនពិការអន្តរជាតិលើកទី៤០ ប្រធានបទឆ្នាំនេះគឺ «ពិការភាពទាំងអស់មិនអាច កំណត់ដោយការមើល នឹងភ្នែកនោះទេ» ដែលមានសមាសភាពចូលរួមចំនួន ២.៦៣០នាក់ នៅសាលមហោស្រព និងពិព័ណ៌កោះពេជ្រ នាព្រឹកថ្ងៃសៅរ៍ ១០កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២ ។

ថ្លែងក្នុងឱកាសនោះ លោកជំទាវបានមានប្រសាសន៍ថា ប្រធានបទឆ្នាំនេះ ក្នុងគោលបំណង ដើម្បីអបអរសាទរភាពជោគជ័យ ដែលបានបង្ហាញអំពីឆន្ទៈរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សិទ្ធិ និងការចូលរួមរបស់ជនពិការ ធានាដល់ ការធ្វើបរិយាប័ន្ន និងចលនានៃវិស័យពិការភាព ឲ្យទទួលបានស័ក្តិសិទ្ធិភាព នៃការអនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ អនុសញ្ញាស្តីពីសិទ្ធិជនពិការ ។
ទិវាជនពិការអន្តរជាតិ ត្រូវបានប្រារព្ធឡើង ដើម្បីរំលឹកអំពីការតស៊ូទាមទារសិទ្ធិចូលរួមក្នុងសង្គមរបស់ជនពិការ ដែលជាជនបាត់បង់កាយសម្បទា កាយវិញ្ញាណ និងសតិបញ្ញា ប្រមាណជាង១ពាន់លាននាក់ នៅក្នុងពិភពលោក ដែលតែងតែជួបប្រទះនូវឧបសគ្គរារាំងនៅក្នុងជីវិតចាប់តាំងពីទសវត្សឆ្នាំ១៩៥០ នៅសហរដ្ឋអាមេរិក និងអឺរុប ដើម្បីធ្វើការផ្លាស់ប្តូរនូវស្ថានភាពរស់នៅរបស់ពួកគេ ក្នុងគោលបំណងបង្កើនការ យល់ដឹងអំពីបញ្ហាជនពិការភាព ដោយផ្តោតសំខាន់លើសិទ្ធិជនពិការ និងការធ្វើសមាហរណកម្មជនពិការទៅ លើគ្រប់សកម្មភាព នយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបន្តថា៖ ព្រះរាជាណាចក្រកម្ពុជាប្រារព្ធទិវាជនពិការនេះឡើង ដើម្បីរំលឹកអំពីមហាវិនាសកម្ម នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានបំផ្លិចបំផ្លាញប្រទេសជាតិ និងទុក្ខទារុណកម្មយ៉ាងព្រៃផ្សៃមកលើប្រជាពលរដ្ឋ ពិសេសបានបន្សល់ទុក នូវផលវិបាកជាច្រើនដល់ប្រជាពលរដ្ឋ ដូចជា ស្រ្តីមេម៉ាយ កុមារកំព្រា ជនពិការ ព្រមទាំងគ្រាប់មីន និងកាកសំណល់ជាតិផ្ទុះសល់ពីសង្គ្រាម។

លោកជំទាវ ម៉ែន សំអន រំលឹកថា៖ កន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការនូវផែនការយុទ្ធសាស្រ្តជាតិ ស្តីពី ពិការភាព ២០១៩-២០២៣ ដោយបានលើកឡើងលម្អិតនូវគោលនយោបាយជាអាទិភាពសម្រាប់ការអនុវត្ត កម្មវិធីកំណែទម្រង់នានា នៃវិស័យពិការភាព លើកកម្ពស់សមត្ថភាពស្ថាប័ន ពង្រឹងហេដ្ឋារចនាសម្ព័ន្ធ សង្គម និងសេដ្ឋកិច្ច ក្នុងទិសដៅបង្កើតកាលានុវត្តភាពការងារសម្រាប់ជនពិការ កាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍ ការងារសំខាន់ៗរបស់វិស័យពិការភាពនៅកម្ពុជា ៕ដោយ ថេត វិចិត្រ÷ហេងសម្បតិ្ត

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner