ក្រសួងអប់រំបើកកិច្ចប្រជុំ ណែនាំពីបច្ចេកទេសដល់គណៈកម្មការអប្បមាទទូទាំងប្រទេសក្នុងការត្រៀមដំណើរការប្រឡងបាក់ឌុប
ភ្នំពេញ៖ ដើម្បីត្រៀមការប្រឡង សញ្ញាបត្រ មធ្យម សិក្សា ទុតិយភូមិឬហៅថាបាក់ឌុប នៅព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២២នេះ នៅតាមមណ្ឌលប្រឡងនីមួយៗក្រសួងអប់រំបានរៀបចំកិច្ចប្រជុំណែនាំបច្ចេកទេសជូនដល់គណៈកម្មការអប្បមាទទូទាំងប្រទេស ដល់ ប្រធាន អនុប្រធានមណ្ឌល ដើម្បីត្រៀមដំណើរការសំណេរនៃការប្រឡង សម័យប្រឡង ០៥ ធ្នូ ២០២២។
ក្រសួងអប់រំបានឱ្យដឹងថា៖ការបើកកិច្ចប្រជុំនេះក៏ ដើម្បីណែនាំបច្ចេកទេសក្នុងដំណើរការប្រឡងដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលបាន។
គួរបញ្ជាក់ថា កិច្ចប្រជុំនេះក៏បានធ្វើការណែនាំអំពីយន្តការរដ្ឋបាល សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងបច្ចេកទេស។ គណៈកម្មការអប្បមាទទូទាំងប្រទេស និងប្រធានមណ្ឌលមានតួនាទីទទួលសំណុំឯកសារ សម្ភារៈ ធ្វើការផ្ទៀងផ្ទាត់លេខបន្ទប់ លេខតុ ឈ្មោះរបស់បេក្ខជន ទទួលសម្ភារៈសុខភាព អនាម័យ និងសម្ភារៈចាំបាច់ផ្សេងទៀត និងចុះហត្ថលេខាលើបញ្ជីរាយនាមរបស់បេក្ខជន ។
ក្រសួងអប់រំបានឱ្យដឹងដែរថា៖ក្នុងកិច្ចប្រជុំនេះបានប្រព្រឹត្តទៅដោយមានការចូលរួមពី ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា តំណាងអង្គភាពប្រឆាំងអំពើពុករលួយ អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ដែលនឹងចូលរួមសហការគ្នាដើម្បីឱ្យដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ប្រព្រឹត្តទៅដោយរលូន ៕ ដោយ ៖ ម៉ាដេប៉ូ