អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង រៀបចំពិធីឆ្លងរបាយការណ៍ និងបិទការងារសវនកម្មផ្ទៃក្នុង នៅមណ្ឌលអប់រំកែប្រែទី១
ភ្នំពេញ ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បានអញ្ជើញចូលរួមក្នុងពិធីឆ្លងរបាយការណ៍ និងបិទការងារសវនកម្មផ្ទៃក្នុង នៅមណ្ឌលអប់រំកែប្រែទី១ សម្រាប់ការិយបរិច្ឆេទ២០២១ និងបណ្តាឆ្នាំពាក់ព័ន្ធ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អគ្គនាយករង ប្រធានមណ្ឌលអប់រំកែប្រែទី១ អនុប្រធានមណ្ឌល ប្រធានការិយាល័យចំណុៈមណ្ឌលអប់រំកែប្រែទី១ និងសមាជិកគណៈប្រតិភូសវនកម្មផ្ទៃក្នុងផងដែរនារសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២។
លោក ឧត្តមអគ្គានុរក្សថ្នាក់លេខ១ យិន គន្ធ ប្រធានមណ្ឌលអប់រំកែប្រែទី១ បានឯកភាពទាំងស្រុងនូវរបាយការណ៍របស់គណៈប្រតិភូសវនកម្មផ្ទៃក្នុង និងបានជំរុញដល់ផ្នែកជំនាញពាក់ព័ន្ធឱ្យយកចិត្តទុកដាក់អនុវត្តតាមអនុសាសន៍ណែនាំរបស់គណៈប្រតិភូសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ ឱ្យមានវឌ្ឍនភាពប្រសើរឡើងនៅឆ្នាំ បន្តបន្ទាប់ខាងមុខទៀត។
ឯកឧត្តមក៏មានប្រសាសន៍បន្តទៀតថា ការចុះធ្វើសវនកម្មគឺផ្តោតសំខាន់លើការពង្រឹងអភិបាលកិច្ច និងសុចរិតភាពនៃការគ្រប់គ្រងបុគ្គលិក ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ព្រមទាំងការអភិវឌ្ឍសមត្ថភាពអង្គភាព ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលស្ថិតក្រោមដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ សំដៅរួមចំណែកពង្រឹងអភិបាលកិច្ចល្អ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ការត្រួតពិនិត្យហានិភ័យដែលកើតឡើងក្នុងកិច្ចប្រតិបត្តិការរបស់សវនដ្ឋាននីមួយៗ និងដើម្បីចុះធ្វើសវនកម្មតាមផែនការប្រចាំឆ្នាំ របស់ក្រសួងមហាផ្ទៃ និងត្រួតពិនិត្យឡើងវិញនូវការតាមដាន ការអនុវត្តអនុសាសន៍កែលម្អ ដើម្បីឱ្យមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។
ឯកឧត្តម អគ្គនាយក ក៏បានមានប្រសាសន៍ណែនាំដល់សវនដ្ឋានទាំងអស់ រាល់អនុសាសន៍កែលម្អចំណុចខ្វះខាតជាក់ស្ដែងដែលកើតមាននៅសវនដ្ឋាន ត្រូវយកចិត្តទុកដាក់តាមដានរាល់អនុសាសន៍ដែលបានដាក់ជូននៅពេលចុះធ្វើសវនកម្ម សវនដ្ឋានត្រូវមានរបាយការណ៍ឆ្លើយតបនិងលទ្ធផលសម្រចបានក្នុងរយៈពេល ៦ខែ ឬយ៉ាងយូរបំផុត ១២ខែ ជូនមកសវនកម្មផ្ទៃក្នុង ៕ ដោយ-រ៉ាវុធ