កិច្ចប្រជុំ រាជធានី និងរដ្ឋធានីអាស៊ាន MGMAC និងវេទិកាអភិបាលក្រុងអាស៊ាន AMF ឆ្នាំ២០២២ បានបញ្ចប់ដោយជោគជ័យ ដោយទទួលបានបទពិសោធន៍ក្នុងការដោះស្រាយបញ្ហាប្រឈមជាច្រើនសម្រាប់ការអភិវឌ្ឍន៍ទីក្រុងរបស់ខ្លួនឱ្យកាន់តែរីកចម្រើន

ភ្នំពេញ ៖ កិច្ចប្រជុំ អភិបាលរាជធានី និងរដ្ឋធានីអាស៊ានMGMACនិងវេទិកាអភិបាលក្រុងអាស៊ាន AMF ឆ្នាំ២០២២ បានបញ្ចប់ដោយជោគជ័យជាមួយផ្លែផ្កាយ៉ាងត្រចះត្រចង់ ដោយបណ្តាល ទីក្រុងនៃប្រទេសអាស៊ានទាំងអស់បានទទួលយកបទពិសោធន៍ក្នុងការដោះស្រាយបញ្ហាប្រឈមជាច្រើនសម្រាប់ អភិវឌ្ឍន៍ទីក្រុងរបស់ខ្លួនឱ្យកាន់តែរីកចម្រើន ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។

ថ្លែងក្នុងពិធី “បិទវេទិកាអភិបាលក្រុងអាស៊ាន (AMF) ឆ្នាំ២០២២នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២នេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមយ៉ាងសកម្មប្រកបដោយចក្ខុវិស័យ ជាក់ស្តែងនិយម និងការគិតគូរយកចិត្តទុកដាក់ ក្នុងន័យស្ថាបនា ជួយគ្នាទៅវិញទៅមក ដើម្បីរួមចំណែកធ្វើឲ្យប្រសើរឡើងនូវការពិភាក្សាលើគ្រប់ទិដ្ឋភាព ដែលសុទ្ធសឹងតែជាអនុសាសន៍សម្រាប់ទិសដៅរួមគ្នានៃការអភិវឌ្ឍទីក្រុងអាស៊ាន នៅរដ្ឋបាលថ្នាក់ក្រោមជាតិ។

ឯកឧត្តមបានបញ្ជាក់ថា បញ្ហាប្រឈមមុខទៅនិងកាលៈទេសៈ និងទស្សនវិស័យសកលនាពេលបច្ចុប្បន្ន និងទៅអនាគត ថ្នាក់ដឹកនាំទីក្រុងអាស៊ាន បានយល់ស្របគ្នាអំពីសារៈសំខាន់នៃភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមរួម ដោយឈរលើស្មារតីសាមគ្គីភាព និងការទទួលខុសត្រូវខ្ពស់ ដែលជាមូលដ្ឋានដ៏ចាំបាច់ ក្នុងការលើកកម្ពស់ការស្តារឡើងវិញនូវសេដ្ឋកិច្ច និងសង្គមកិច្ច ក្រោយវិបត្តិនៃជំងឺកូវីដ-១៩។ បន្ថែមពីនេះទៀត បានជំរុញសន្ទុះនៃការកសាងទីក្រុងឆ្លាត មានភាពធន់ និងមានចីរភាព ប្រកបដោយបរិវត្តកម្ម និងបរិយាប័ន្ន តាមគន្លងប្រក្រតីភាពថ្មី ដូចអ្វីដែលយើងបានកំណត់ជាប្រធានបទ នៃអង្គវេទិកាអភិបាលក្រុងអាស៊ាន ក្នុងឆ្នាំនេះ។

ឯកឧត្តមបន្តថា អង្គវេទិការបាន ដំណើរការ បានពិភាក្សាយ៉ាងស៊ីជម្រៅ អំពីសារៈសំខាន់ និងភាពចាំបាច់នៃកិច្ចសហប្រតិបត្តិការល្អក្នុងចំណោមរាជធានី-រដ្ឋធានីអាស៊ាន រដ្ឋបាលខេត្ត ទីក្រុងសម្ព័ន្ធមេត្រី និងបណ្តាទីក្រុងអាស៊ានក្នុងន័យជំរុញឱ្យសម្រេចបានទីក្រុងដែលឆ្លាត មានភាពធន់ និងចីរភាព ជាពិសេសនៅចំពោះមុខបរិបទនៃទំនើបកម្មបច្ចេកវិទ្យាឌីជីថល ក៏ដូចជាវិបត្តិជាសកលបង្កឡើងដោយជំងឺកូវីដ-១៩។

ឯកឧត្តមបន្តថា តាមរយៈវេទិកា និងកិច្ចប្រជុំនេះ សម្រេចបានឯកសារជាប្រវត្តិសាស្ត្រចំនួន ២ ច្បាប់ រួមមាន (ទីមួយ) សេចក្តីប្រកាសរួមកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន ដែលមានខ្លឹមសារចំនួន ៦ ចំណុច និង (ទីពីរ) សេចក្តីថ្លែងការណ៍វេទិកាអភិបាលក្រុងអាស៊ាន (AMF) ឬហៅថា សេចក្ដីថ្លែងការណ៍រាជធានីភ្នំពេញឆ្នាំ២០២២ ដែលមានខ្លឹមសារចំនួន ១២ចំណុច ពោលគឺសមស្របទៅនឹងប្រធានបទដែលបានកំណត់។ឯកសារជាប្រវត្តិសាស្ត្រទាំងពីរនេះ ពិតជាបានឆ្លុះបញ្ចាំងឲ្យឃើញកាន់តែច្បាស់អំពីឆន្ទៈ និងការប្តេជ្ញាចិត្តរួមរបស់ អភិបាល/អភិបាលរង រាជធានី រដ្ឋធានី ខេត្ត និងក្រុង នៃប្រទេសជាសមាជិកអាស៊ាន ក្នុងការពួតដៃគ្នបន្តដំណើរទៅមុខរួមគ្នា និងជំរុញកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធបន្ថែមទៀត ដើម្បីកសាងទីក្រុងឆ្លាត មានភាពធន់ និងមានចីរភាព សម្រាប់បម្រើឱ្យកំណើនសេដ្ឋកិច្ច និងវិបុលភាពរួមស្របតាមចក្ខុវិស័យរបស់សហគមន៍អាស៊ានឆ្នាំ២០២៥ និងក្រោយឆ្នាំ២០២៥ ផងដែរ។

សូមបញ្ជាក់ថា រដ្ឋបាលក្រុង នៃប្រទេសឥណ្ឌូណេស៊ីបានក្លាយជាប្រធានប្តូរវេន នៃ កិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន MGMACនិងវេទិកាអភិបាលក្រុងអាស៊ានAMF នៅឆ្នាំ២០២៣ខាងមុខ ដោយបានប្តេជ្ញាបន្តបម្រើជាយន្តការប្រើប្រាស់ជាវេទិកាជជែកពិភាក្សា ចែករំលែកបទពិសោធន៍ ក៏ដូចជាគំនិតផ្តួចផ្តើម និងនវានុវត្តន៍ថ្មីៗបន្ថែមទៀត សម្រាប់ភាពរីកចម្រើននៃបណ្ដាញរដ្ឋបាលថ្នាក់ក្រោមជាតិអាស៊ាន៕ដិយ ថេត វិចិត្រ+ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner