អង្គការវប្បធម៌យសោធរ សម្ពោធសៀវភៅ លេខ១៧ ដើម្បីផ្សព្វផ្សាយវប្បធម៌ខ្មែរ
ភ្នំពេញ៖ អង្គការវប្បធម៌យសោធរ ដែលស្ថាប័នមួយក្នុងការជួយជំរុញនិងលើកស្ទួយវប្បធម៌ខ្មែរឱ្យកាន់តែទូលំទូលាយ បានចងក្រងនិងបោះពុម្ពសៀវសិក្សាស្រាវជ្រាវវប្បធម៌លេខ ១៧ ដែលសៀវភៅនេះ ផ្តោតសំខាន់ទៅលើវប្បធម៌ ប្រពៃណី និងបរិស្ថានធម្មជាតិ។
សៀវភៅបណ្ដាញព័ត៌មានវប្បធម៌ខ្មែរ លេខ១៧ បោះពុម្ពដោយអង្គការយសោធរ នឹងមានដាក់លក់ក្នុងកម្មវិធីសម្ពោធសៀវភៅក្នុងថ្ងៃទី៣ ខែធ្នូ ឆ្នាំ ២០២២ នៅគេហដ្ឋានលោកបណ្ឌិត អាំង ជូលាន ហើយនឹងមានលក់ក្នុងកម្មវិធីពិធីសៀវភៅប្រចាំឆ្នាំដែលរៀបចំដោយបណ្ដាល័យជានាថ្ងៃទី៩ ដល់ ១១ ខែធ្នូ ឆ្នាំ២០២២ នេះក្នុងបរិវេណបណ្ដាល័យជាតិ ខាងលិចវត្តភ្នំ។
ស្ថាបនិក អង្គការ វប្បធម៌ យសោធរ លោក បណ្ឌិត អាំង ជូលាន និងជានរវិទ្យា មានប្រសាសន៍ថា សៀវភៅលេខ ១៧ នេះមានចំនួន ១៤ អត្ថបទ កម្រាស ១២០ ទំព័រ ដែលខ្លឹមសារសំខាន់នៃសៀវភៅផ្ដោតលើវប្បធម៌ ហើយប្រធានបទមាននិយាយទាក់ទងដូចជា ប្រពៃណី បុរាណវិទ្យា និងបរិស្ថានធម្មជាតិ។
លោកបានឱ្យដឹងថា ថវិកា ដែល ប្រមូល បានពីការលក់សៀវភៅនេះ គឺ ជា ចំណែក មួយ ដែល នឹង ជួយ ឱ្យ អង្គការ នេះ មាន សកម្មភាព មួយ ចំនួន ទៅ តាម គោល ដៅ របស់ ខ្លួន ដែលមានគោលដៅការ បោះ ពុម្ព ផ្សព្វផ្សាយ មាន ទស្សនាវដ្ដី កម្រិត អ្នក សកលវិទ្យាល័យ កម្រិត សាស្ត្រាចារ្យ ខ្ពស់ៗ និងធ្វើយ៉ាងណាឱ្យមានការចេញផ្សាយមួយលេខរៀងរាល់ឆ្នាំ។ លោកថា៖«លើសពីនេះទៀតនោះ គោល បំណង នៃ ការ បង្កើត អង្គការ នេះ គឺ ការ រំពឹង ថា នឹង មាន ដៃគូ គាំទ្រ ថវិកា នានា ដែល ផ្ដល់ តម្លៃ ដល់ ការស្រាវជ្រាវ ផ្សព្វផ្សាយ វប្បធម៌ របស់ខ្មែរឱ្យកាន់តែទូលំទូលាយ»។
លោក បានរៀបរាប់ថា កាលពីឆ្នាំ២០០០ លោកបានចេញផ្សាយទស្សនាវដ្ដីសម្រាប់អ្នកស្រាវជ្រាវ កម្រិតអន្តរជាតិឈ្មោះ “ឧទ័យ” ដែលបានចេញផ្សាយដល់លេខ ១៤ និង១៥។ ប៉ុន្តែដោយសារតែមើលឃើញពីសារៈប្រយោជន៍សម្រាប់មហាជនទូទៅ លោកក៏បង្កើតវេបសាយ បណ្ដាញព័ត៌មានវប្បធម៌ខ្មែរ(Khmer Renaissance) ដើម្បីផ្សព្វផ្សាយចាប់ពីពេលនោះរហូតដល់បច្ចុប្បន្ននេះ។
លោកថា៖«តាំងពីការចងក្រងនេះមក ពោលគឺដំណើរការក្នុងឆ្នាំ២០០៥ លោកបានបោះពុម្ពសៀវភៅចេញផ្សាយបានលេខមួយ ហើយឆ្នាំ២០២២ នេះចេញលេខទី១៧ ផងដែរ។
លោក អាំង ជូលាន បន្តថា ចន្លោះពេលនោះដែរ ក្នុងឆ្នាំ២០១៣ លោកចង់ពង្រីកសកម្មភាពឱ្យធំលើសពីទស្សនាវដ្ដីឧទ័យ និងបណ្ដាញព័ត៌មានវប្បធម៌ខ្មែរ ទើបលោកបង្កើតអង្គការមួយនេះឡើងគឺឈ្មោះថា “យសោធរ” ដែលមានសកម្មភាពផ្សព្វផ្សាយតែលើការវប្បធម៌ខ្មែរប៉ុណ្ណោះ»។
លោកថា៖«ហើយសកម្មបន្ថែមលើសពីនេះ យើងរៀបចំឱ្យមានបឋកថាក្នុងមួយឆ្នាំមាន៥លើក ប៉ុន្តែក្នុងសម័យជំងឺកូវីដរាតត្បាត ការរៀបចំបឋកថាបានអាក់ខាន។ ប៉ុន្តែក្រោយពីជំងឺកូវីដ១៩ នេះស្ងប់ស្ងាត់ យើងក៏បានរៀបចំបោះពុម្ពសៀវភៅមួយចំនួនបន្ថែមទៀត ដើម្បីផ្តល់ចំណេះដឹងបន្ថែមពាក់ព័ន្ធវប្បធម៌ខ្មែរដល់ប្រិយមិត្តអ្នកអាន»។
លោកសាស្ត្រាចារ្យរូបនេះ គូសបញ្ជាក់ថា “អង្គការយសោធរ មានសកម្មភាពដូចជា ការរៀបចំចងក្រងបោះពុម្ពជាសៀវភៅ ទស្សនាវដ្ដី រៀបចំឱ្យមានបឋកថា ដែលសកម្មភាពទាំងនេះផ្ដោតសំខាន់តែលើវប្បធម៌សុទ្ធ។
អង្គការយសោធរបង្កើតឡើងនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៣ ដែលជាស្ថាប័នខ្មែរឯករាជ្យមួយដែលបង្កើតឡើងក្នុងបំណងលើកស្ទួយវប្បធម៌ខែ្មរក្នុងរង្វង់ជាតិនិងអន្តរជាតិ ដែលនឹង បំពេញ តួនាទី ស្រាវជ្រាវ និង ផ្សព្វផ្សាយ វប្បធម៌ ខ្មែរទាំងក្នុងស្រុកអនន្តរជាតិ៕ ដោយ៖ ហ៊ន ស៊ីឡូន