ឱរ៉ាល់ប្រែក្លាយពីសមរភូមិប្រយុទ្ធដ៏ក្តៅគគុកមកជាទីសុខសន្តិភាព

យុទ្ធនាការលើសមរភូមិឱរ៉ាល់បានចាប់ផ្តើមពីថ្ងៃទី០៩ ខែមករា ឆ្នាំ១៩៩៦ ដល់ដំណាច់ខែមករា ឆ្នាំ១៩៩៦ ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់ឧត្តមសេនីយ៍ ប៉ុល សារឿន ដែលមានទីបញ្ជាការជួរមុខអគ្គសេនាធិការនៅស្រុកឱរ៉ាល់។ កម្លាំងបណ្តាមុខព្រួញដែលបានចូលរួមធ្វើសកម្មភាពមានកម្លាំងកងពលធំអន្តរាគមន៍លេខ១ កម្លាំងយោធភូមិភាគទី៣ យោធភូមិភាគពិសេស វរសេនាធំលេខ៤៤ តំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ស្ពឺ តាកែវ កំពត និងក្រុងកែប។ ដោយឡែកកម្លាំងរបស់តំបន់ប្រតិបត្តិសឹករងខេត្តកោះកុង ក្រុងព្រះសីហនុ ក៏បានធ្វើសកម្មភាពប្រតិបត្តិការបោសសម្អាតក្នុងភូមិសាស្ត្ររបស់ខ្លួនដែរ។

ពួកឧទ្ទាមខ្មែរក្រហមក្បាលរឹងនាពេលនោះ គឺនៅតែរក្សាគោលការប្រឆាំងជាមួយនឹងរាជរដ្ឋាភិបាល ហើយប៉ុល ពត បានប្រមូលបញ្ជាការគ្រប់អង្គភាពទៅរៀនសូត្រមាគ៌ាថ្មីផងដែរ។ ដោយមើលឃើញថា ប៉ុល ពត នៅតែផ្តាច់ការ បោសសម្អាតផ្ទៃក្នុងដោយគ្មានលើកលែងដដែល លោក កែវ ពង្ស មេបញ្ជាការកងទ័ពខ្មែរក្រហមកងពលលេខ១៨ បានផ្តាច់ខ្លួនចេញពីប៉ុល ពត និងទាក់ទងលោក ស៊ាម ហ៊ មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្តតាកែវ ដើម្បីរកទិសដៅអនាគតថ្មី ដោយសម្រេចចិត្តចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា។

ក្រោយការចុះចូល លោក កែវ ពង្ស ត្រូវបានអនុញ្ញាតឱ្យចូលរួមជាមួយសម្តេច ហ៊ុន សែន នៅឯគេហដ្ឋានសម្តេចនៅទីក្រុងតាខ្មៅ និងបានរាយការណ៍ពីអំពីស្ថានភាពក្រុមខ្មែរក្រហមគ្រប់ជាន់ថ្នាក់ជូនសម្តេចផងដែរ។ លោកបានត្រៀមពីរចំណុចដើម្បីស្នើ និងពិភាក្សាជាមួយសម្តេច ប៉ុន្តែអ្វីដែលនឹកស្មានមិនដល់នោះគឺ លោកមិនទាន់បានស្នើផង គឺសម្តេច ហ៊ុន សែន មានប្រសាសន៍មុន និងធ្វើឱ្យលោកស្ងប់ចិត្តរួចទៅហើយ។

ការផ្តាច់ខ្លួនរបស់កងពលលេខ១៨ របស់លោក កែវ ពង្ស (ទិសឱរ៉ាល់) ព្រមទាំងសមាហរណកម្មទៅក្នុងសង្គមជាតិវិញ គឺជាការវិលត្រឡប់នៃអតីតក្រុមខ្មែរក្រហមជំហានទី២ បន្ទាប់ពីភ្នំវល្លិ៍ នាដំណាក់កាលទី១ បន្ទាប់ពីជោគជ័យក្នុងប្រតិបត្តិការនយោបាយឈ្នះ-ឈ្នះ។ «សន្តិភាពបានចាប់ផ្តើមផ្ទុះពីតំបន់ឱរ៉ាល់» ដែលជាតំបន់សមរភូមិប្រយុទ្ធដ៏ក្តៅគគុករវាងកងយោធពលខេមរភូមិន្ទ និងក្រុមឧទ្ទាមខ្មែរក្រហម។ ក្នុងដំណើរការបង្រួបបង្រួមជាតិ ក្រុមប្រតិបត្តិករនយោបាយឈ្នះ-ឈ្នះ បានផ្សព្វផ្សាយគោលនយោបាយបង្រួបបង្រួមជាតិរបស់រាជរដ្ឋាភិបាល ជាពិសេសគោលការណ៍ធំៗទាំង៣ នៃនយោបាយឈ្នះ-ឈ្នះ របស់សម្តេច ហ៊ុន សែន ទី១)ការធានារូបកាយ និងអាយុជីវិត ទី២)ការធានាអាជីព និងមុខរបរ និង ទី៣)ការធានាកម្មសិទ្ធិ និងទ្រព្យសម្បត្តិ បានធ្វើឱ្យជ្រួតជ្រាបដល់ស្រទាប់បងប្អូនអតីតខ្មែរក្រហម។ បន្ទាប់ពីបានស្តាប់ និងជ្រួតជ្រាប អតីតមេដឹក ក៏ដូចជាកម្លាំងខ្មែរក្រហមទាំងអស់ មានការពេញចិត្ត និងអបអរសារទរយ៉ាងខ្លាំង។ កម្លាំងខ្មែរក្រហម និងគ្រួសារ បានធ្វើសមាហរណកម្មជាមួយរាជរដ្ឋាភិបាលវិលត្រឡប់មករស់នៅក្នុងសង្គមជាតិវិញដោយក្តីរីករាយ៕

#សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #សង្គមជាតិ #រាជរដ្ឋាភិបាល #កងយោធពលខេមរភូមិន្ទ #នយោបាយឈ្នះឈ្នះ #សម្តេចហ៊ុនសែន #សមរភូមិឱរ៉ាល់ #សុខសន្តិភាព

Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ

Telegram Channel

ly-bunheng
ly-bunheng
លី ប៊ុនហេង ប្រធានផ្នែកប្រតិបត្ដិការទូទៅនៃកម្មវិធីសច្ចធម៌ប្រវត្ដិសាស្រ្ដ
ads banner
ads banner
ads banner