សម្ដេចតេជោ ហ៊ុន សែន ក្រើនរំឮកជាថ្មីដល់អាជ្ញាធរដោះស្រាយកង្វល់ពលរដ្ឋ រួមទាំងជម្លោះដីធ្លី

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ សម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្រើនរំឮកជាថ្មីដល់អាជ្ញាធរត្រូវយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋឱ្យបានរហ័ស និងមានប្រសិទ្ធិភាព និងផ្តល់នូវសេវាចាំបាច់នានាជូនប្រជាពលរដ្ឋឱ្យបានលឿនរហ័សចៀសវាងបង្កនូវបញ្ហានានា។

ការរំលឹកឡើងវិញនេះ ធ្វើឡើងនាឱកាសសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីគណបក្សប្រជាជនកម្ពុជាចំនួន ៣ ៤៥៧ នាក់នៃខេត្តកណ្ដាល ដែលបានរៀបចំធឡើងនៅវិមាន៧មករា កាលពីទី ៣ ខែធ្នូ ឆ្នាំ២០២២នេះ។

នាកិច្ចសំណេះសំណាលនោះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអបអរសាទរចំពោះក្រុមប្រឹក្សាឃុំ/សង្កាត់ ក្នុងខេត្តកណ្ដាលទាំងអស់ ដែលទទួលបានការគាំទ្រពីប្រជាពលរដ្ឋ តាមរយៈការបោះឆ្នោត ឃុំ សង្កាត់ កន្លងទៅនេះ។ លោកក៏បានវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានប្រឹងប្រែងរក្សាស្ថិរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សង្គមបានល្អ ការរួមគ្នាទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ទប់ស្កាត់បាននូវទង្វើបង្កចលាចលនានាក្នុងសង្គម។

ទន្ទឹមនេះសម្តេចក៏បានក្រើនរំឮកដល់ សមាជិក សមាជិកា គណបក្សទាំងអស់ដែលមានតួនាទីក្នុងរាជរដ្ឋាភិបាលត្រូវបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជន ជាពិសេសបន្តយកចិត្តទុកដាក់រក្សា សន្តិសុខ សណ្ដាប់ធ្នាប់ សង្គម ដោយអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព រួមមាន ការបង្ក្រាបនូវបទល្មើសផ្សេងៗ ដូចជា ចោរឆក់ ចោរប្លន់ និងការជួញដូរគ្រឿងញៀនជាដើម ដើម្បីផ្តល់ភាពកក់ក្តៅ និងធានាដល់សុវត្ថិភាពនៃការរស់នៅ របស់ប្រជាពលរដ្ឋ។

បន្ថែមពីនេះ ត្រូវយកចិត្តទុកដាក់ផ្តល់នូវសេវាសាធារណៈ រួមមានសេវាតម្រូវការចាំបាច់ទាំងឡាយ និងសេវាសំណូមពរនានា ជូនប្រជាពលរដ្ឋ អោយបានលឿន និងមានប្រសិទ្ធិភាព ហើយត្រូវខិតខំបំបាត់អោយអស់នូវភាពអសកម្មនានា។

សម្ដេចតេជោថ្លែងថា៖«អាជ្ញាធរត្រូវយកចិត្តទុក ដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋអោយបានរហ័ស និងមានប្រសិទ្ធិភាព ផ្តល់នូវសេវាចាំបាច់នានាជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស ចៀសវាងបង្កនូវបញ្ហានានា។ ត្រូវរួមគ្នាបន្តការទប់ស្កាត់ជម្ងឺកូវីដ១៩ និងជម្ងឺរាតត្បាតនានា និងលើកទឹកចិត្តអោយអាជ្ញាធរព្យាយាមដោះស្រាយបញ្ហាជម្លោះរបស់ប្រជាពលរដ្ឋតាមបែបក្រៅប្រព័ន្ធតុលាការ»។

ការក្រើនរំលឹកជាថ្មីនេះ ក៏មិនខុសគ្នាទៅនឹងកិច្ចសំណេះសំណាលជាមួយមន្ត្រីគណបក្សប្រជាជនកម្ពុជានៅ ក្នុងរាជធានីភ្នំពេញជាង ៣ ពាន់នាក់ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ដែរ។

សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តលោក ម៉ៅ ភិរុណ មានប្រសាសន៍ថា ការអញ្ជើញសំណេះសំណាលរបស់ប្រធានគណបក្សនាពេលនេះ គឺបានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាក្នុងខេត្តកណ្ដាលទាំងមូល។

ពាក់ព័ន្ធការងារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ លោក ម៉ៅ ភិរុណ បានគូសបញ្ជាក់ថា៖« អាជ្ញាធរខេត្តកណ្តាលបានយកចិត្តទុកដាក់ រក្សា ការពារ និងពង្រឹងជាប្រចាំហើយជារួម ធានាបាននូវសន្តិសុខ និងសុវត្ថិភាពល្អប្រសើរជូនប្រជាពលរដ្ឋ។ ទន្ទឹមនេះ រដ្ឋបាលគ្រប់ថ្នាក់ក្នុងខេត្តកណ្ដាល បាននឹងកំពុងចូលរួមសហការក្នុងការបង្កលក្ខណៈល្អប្រសើរ» ។

នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូលោក អំ សំអាត ធ្លាប់លើកឡើងថា ការជំរុញតាមរយៈកិច្ចសំណេះសំណាលនេះក៏ជាឱកាសដ៏ល្អមួយ ដើម្បីក្រឿនរំឮកអាជ្ញាធរ ក៏ដូចជា សមាជិក សមាជិកាគណបក្សកាន់អំណាចឱ្យយកចិត្តទុកដាក់ដោះស្រាយលើបញ្ហានេះ។

លោកថា៖«ជាឱកាសល្អ ដែលជាការជំរុញនិងការលើកទឹកចិត្តមួយដ៏សមស្របពីសម្តេចនាយករដ្ឋមន្រ្តី ទៅដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឱ្យយកចិត្តទុកដាក់ ដោះស្រាយបញ្ហាដីធ្លីជូនប្រជាពលរដ្ឋ។ ពីព្រោះយើងដឹងហើយថាប្រជាពលរដ្ឋ ជាពិសេសកសិករពឹងផ្អែកទៅលើដីធ្លីសម្រាប់បង្កបង្កើនផល ហើយពលរដ្ឋក៏ត្រូវការដីដើម្បីលំនៅដ្ឋានរបស់ពួកគេ អ៊ីចឹងបើសិនជាមិនមានការដោះ ស្រាយសម្រាប់ គាត់ ឱ្យបានទាន់ពេលវេលាទេ វាផ្ទុយនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលកាត់បន្ថយ ភាពក្រីក្រ»៕ ដោយ៖ ឡាយ សាមាន

ads banner