កម្ពុជា-ប្រេស៊ីល គ្រោងបង្កើតស្ថានទូតរវាងប្រទេសទាំងពីរ និងប្តេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការ
ភ្នំពេញ៖ កម្ពុជា និងប្រេស៊ីល គ្រោងបង្កើតស្ថានទូតរវាងប្រទេសទាំងពីរ និងប្តេជ្ញាពង្រឹងកិច្ចសបកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត ដើម្បីជំរុញវិស័យពាណិជ្ជកម្ម និងវិនិយោគ ក្នុងពេលដែលប្រទេសទាំងពីរកំពុងបន្តកសាងទំនាក់ទំនងការទូតឱ្យកាន់តែរឹងមាំ និងពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។
គម្រោងកិច្ចសហប្រតិបត្តិការទ្វេភាគី ធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខា ធិការប្រចាំការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនកម្ពុជាឯកឧត្តម អ៊ុច បូររិទ្ធ បានដឹកនាំគណៈប្រតិភូកម្ពុជា ទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋសហព័ន្ធប្រេស៊ីលចាប់ពីថ្ងៃទី ២៩ ខែវិច្ឆិកា ដល់ថ្ងៃទី ១ ខែធ្នូ ឆ្នាំ២០២២ ដើម្បីធ្វើជាសហប្រធានជាមួយលោក Carlos Alberto Franco França រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ក្នុងកិច្ចពិគ្រោះយោបល់ទ្វេភាគីកម្ពុជាប្រេស៊ីល លើកទី១។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ចុះថ្ងៃទី ១ ខែធ្នូ បានឱ្យដឹងថា រដ្ឋមន្ត្រីទាំងពីរបានពិភាក្សាលើវិស័យជាច្រើននៃកិច្ចសហប្រតិបត្តិការទ្វេភាគី រួមមានទំនាក់ទំនងការទូតពាណិជ្ជកម្មវិនិយោគ អប់រំ កីឡា ទេសចរណ៍ កសិកម្ម ការជួញដូរមនុស្ស ការដោះមីន និងបេសសកកម្មថែរក្សាសន្តិភាព។
សេចក្តីប្រកាសបន្តថា៖«ភាគីទាំងពីរបានបង្ហាញនូវទស្សនៈសុទិដ្ឋិនិយមថា ប្រទេសទាំងពីរនៅមានវិស័យសក្តានុពលជាច្រើនទៀតដើម្បីស្វែងយល់ពីគ្នា និងទាញយកផលប្រយោជន៍ ក្នុងពេលដែលប្រទេសទាំងពីរកំពុងបន្តកសាងទំនាក់ទំនងការទូតឱ្យកាន់តែរឹងមាំ និងពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដែលអាចសម្រេចបាន។ ភាគីទាំងពីរបានពិភាក្សាផ្លាស់ប្តូយោបល់លើកិច្ចសហការក្នុងការបើកស្ថានទូតរៀងៗខ្លួន ទាំងនៅទីក្រុងប្រេស៊ីល និងនៅទីក្រុងភ្នំពេញក្នុងពេលអនាគតដ៏ឆាប់ខាងមុខ»។
ដោយទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ នៅមានកម្រិតនៅឡើយឯកឧត្តម អ៊ុច បូររិទ្ធ បានស្នើឱ្យមានវេទិកាធុរកិច្ច រៀបចំឡើងនៅក្នុងឱកាសនៃកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីលើកទី២ នៅទីក្រុង ភ្នំពេញ ដើម្បីពង្រីកសកម្មភាពធុរកិច្ចរវាងប្រទេសទាំងពីរ។
សេចក្តីប្រកាសដដែលបន្តថា ក្នុងវិស័យអប់រំ ភាគីប្រេស៊ីលរីករាយនឹងផ្តល់អាហារូបករណ៍ចំនួន ៥ កន្លែង ដល់សិស្សនិស្សិតកម្ពុជា ក្នុងមួយឆ្នាំៗ។ ចំពោះវិស័យកសិកម្ម ដោយកម្ពុជានិងប្រេស៊ីលមានអាកាសធាតុត្រូពិចដូចគ្នា ប្រទេសទាំងពីរបានសម្តែងការប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យ កសិកម្ម តាមរយៈការចែករំលែកបច្ចេកវិទ្យា ការបណ្ដុះបណ្ដាល និងការផ្លាស់ប្តូរទស្សនកិច្ចរបស់មន្ត្រីជំនាញទៅតែម្ដងទៅមក។
ចំណែកអំពីការដោះមីន និងបេសកកម្មថែរក្សាសន្តិភាពកម្ពុជា បានលើកទឹកចិត្តភាគីប្រេស៊ីលក្នុងកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន និងផ្ដល់ការហ្វឹកហ្វឺនតាមរយៈមជ្ឈមណ្ឌល សកម្មភាពកម្ចាត់មីនក្នុងតំបន់អាស៊ានដែលមានទីតាំងនៅទីក្រុងភ្នំពេញ។
ក្រោយកិច្ចប្រជុំពិគ្រោះយោបល់លោក អ៊ុច បូររិទ្ធ បានចុះហត្ថលេខាជាមួយ ឯកឧត្តម Carlos França លើអនុស្សារណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានការទូតនៃប្រទេស ទាំងពីរនិងបានអញ្ជើញទៅទស្សនា វិទ្យាស្ថានការទូត Rio Branco នៃក្រសួងការបរទេសប្រេស៊ីល ផងដែរ។
ទន្ទឹមនឹងនេះលោក Carlos França បានសម្តែងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះ និងជាប្រធានដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ប្រកប ដោយជោគជ័យ នៅក្នុងពេលដែលមានបញ្ហាប្រឈមផ្នែកភូមិសាស្ត្រនយោបាយដ៏លំបាក និងបានវាយតម្លៃខ្ពស់លើការគាំទ្ររបស់កម្ពុជាចំពោះប្រេស៊ីល ក្នុងភាពជាដៃគូសន្ទនាតាមវិស័យរបស់អាស៊ាន។
ដើម្បីជំរុញកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចឯកឧត្តម អ៊ុច បូររិទ្ធ បានជួបពិភាក្សាទ្វេភាគីជាមួយ លោក Augusto Pestana ប្រធានទីភ្នាក់ងារជំរុញពាណិជ្ជកម្មនិងវិនិយោគប្រេស៊ីល និងបានលើកឡើងអំពីទស្សនវិស័យសេដ្ឋកិច្ចដ៏រឹងមាំរបស់កម្ពុជាការងើបឡើងវិញយ៉ាងឆាប់រហ័សក្រោយកូវីដ១៩ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងច្បាប់វិនិយោគថ្មីដ៏ទាក់ ទាញ ដែលទាំងអស់នេះសុទ្ធសឹងតែជាលក្ខខណ្ឌអំណោយផលដល់វិនិយោគិនប្រេស៊ីល។
លោក August Pestana បានវាយតម្លៃខ្ពស់ចំពោះគណៈប្រតិភូកម្ពុជាដែលមកបំពេញទស្សនកិច្ចនៅ ប្រទេសប្រេស៊ីល និងសង្ឃឹមថាអាចនឹងពង្រីកសកម្មភាពធុរកិច្ចដើម្បីជំរុញវិស័យពាណិជ្ជកម្មនិងវិនិយោគ រវាងប្រទេសទាំងពីរ ៕ ដោយ៖ ឡាយ សាមាន