ផ្លូវលំដែលរងគ្រោះដោយទឹកជំនន់ កំពុងជួសជុលប្រវែង ៤០០ម៉ែត្រ គ្រោងចំណាយថវិកា ៦.៣០០.០០០រៀល ស្ថិតនៅភូមិទឹកអណ្ដូង ឃុំឈូក
កំពង់ធំ៖ ឯកឧត្តមបណ្ឌិត ប៉ែន សូត្រ ទីប្រឹក្សាអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ឯកឧត្តម ឃួន សុវណ្ណ ឧត្តមប្រឹក្សាសម្ដេចព្រះមហាសង្ឃរាជ្យ ទេព វង្ស និងព្រះភិក្ខុដ្ឋានវេជ្ជធម្មោ ឃិន រ៉ាវីត ព្រះប្រធានសមាគមប្រជាជនសន្តិភាពនៃកម្ពុជា ព្រមទាំងរដ្ឋបាលឃុំឈូក បានចុះពិនិត្យផ្លូវលំដែលបានកំពុងជួសជុលប្រវែងប្រមាណ ៤០០ម៉ែត្រ ចំណាយថវិកាអស់ ៦.៣០០.០០០រៀលស្ថិតនៅភូមិទឹកអណ្ដូង ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ រសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២២។
លោក ហ៊ុយ គឹមលី មេឃុំឈូក បានលើកឡើងពីបញ្ហាទឹកជំនន់កន្លងមកបានលិចភូមិចំនួន ១២ភូមិ ធ្វើឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធជាច្រើនកន្លែង ពិសេសផ្លូវលំខូចខាតដាច់ជាច្រើនកន្លែង ប៉ះពាល់លំនៅឋាន លិចលង់ស្រូវរបស់បងប្អូនប្រជាពលរដ្ឋជាច្រើនហិចតា ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋមានការកកស្ទះជាច្រើនខែ។ ពេលទឹកស្រក់ទៅវិញក្រុមការងារចុះជួយឃុំឈូកទាំងអស់ក៏បានសហការគ្នាជួសជុលផ្លូវនេះឡើងវិញ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរប្រកបដោយសុវត្ថិភាព។
ឆ្លៀតនៅក្នុងឱកាសនេះឯកឧត្តមបណ្ឌិត ប៉ែន សូត្រ ទីប្រឹក្សាអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ក៏បានមានប្រសាសន៍ ដោយមានគ្រោះមហន្តរាយទឹកជំនន់មានការខូចខាតចំនួន៥ឃុំ រងគ្រោះធ្ងន់ជាងគេគឺឃុំឈូកព្រោះភូមិសាស្ត្រជាប់នឹងមាត់ស្ទឹងសែន។ គ្រោះទឹកជំនន់ធ្វើឲ្យប៉ះពាល់ផ្ទះសម្បែង សត្វពាហនៈ ពិសេសគឺហេដ្ឋារចនាសម្ព័ន្ធជាច្រើន បានប៉ះពាល់ការប្រកបមុខរបររបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
ឯកឧត្តមក៏បានកោតសរសើរដល់អាជ្ញាធរ និងរដ្ឋបាលឃុំ មានការចូលរួមចំណែកបង្ហាញពីការរួមសុខរួមទុក្ខជាមួយគ្នា ដើម្បីលើកកម្ពស់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាការលើកស្ទួយសហគមន៍ ឱ្យមានការរីកចម្រើន ៕ ដោយ ៖ ប៊ុន រដ្ឋា