រដ្ឋមន្ត្រីសុខាភិបាលសិង្ហបុរីព្រមានថា សិង្ហបុរីនឹងប្រឈមមុខនូវការឆ្លងជំងឺកូវីដ-១៩រលកថ្មីទៀត
សាំងហ្គាពួរ៖ គេហទំព័រសារព័ត៌មាន Straits Times បានដកស្រង់សម្តីរដ្ឋមន្ត្រីសុខាភិបាលសង្ហិបុរី លោក Ong Ye Kung បាននិយាយក្នុងថ្ងៃអាទិត្យទី៤ ខែធ្នូនេះថា ប្រជាជនសិង្ហបុរីគួរតែរំពឹងថា នឹងមានរលកថ្មីនៃការឆ្លងជំងឺកូវីដ១៩ ជាមួយនឹងមនុស្សកាន់តែច្រើនដែលធ្វើដំណើរ ក្នុងអំឡុងពិធីបុណ្យឆ្លងឆ្នាំខាងមុខនេះ។
រដ្ឋមន្ត្រីសុខាភិបាលសង្ហិបុរីរូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា មានករណីឆ្លងជំងឺកូវីដ១៩អាចនឹងកើនឡើងបន្ថែមទៀត ប៉ុន្តែវាមិនមែនជាអ្វីដែលយើងមិនធ្លាប់បានឃើញពីមុនមកនោះទេ។ ឆ្នាំនេះយើងបានឃើញរលកនៃការឆ្លងជំងឺកូវីដ១៩ចំនួនបីលើករួចមកហើយ។
លោក Ong បាននិយាយនៅក្នុងព្រឹត្តិការណ៍មួយដែលធ្វើឡើងនៅមហាវិទ្យាល័យ Nanyang Junior College ក្នុងថ្ងៃអាទិត្យសប្តាហ៍មុនថា វាមានសារៈសំខាន់ណាស់ ក្នុងការត្រួតពិនិត្យការវិវឌ្ឍន៍នៅក្រៅប្រទេស ហើយតាមដានដោយប្រុងប្រយ័ត្ន ប្រសិនបើមានការព្រួយបារម្ភពីការឆ្លងរីករាលដាលនៃវីរុសបម្លែងខ្លួនប្រភេទថ្មី នៅពេលដែលរដូវរងាឈានចូលមកដល់អឌ្ឍគោលខាងជើង។
សូមបញ្ជាក់ថា សិង្ហបុរីបានរាយការណ៍ពីករណីឆ្លងថ្មីៗរហូតដល់ ៨៤៦ករណី តែមិនមានករណីស្លាប់ថ្មីបន្ថែមទៀតទេ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ បូកបញ្ចូលតួលេខថ្មីខាងលើនេះ ធ្វើឱ្យចំនួនអ្នកឆ្លងជំងឺកូវីដ១៩នៅក្នុងប្រទេសសិង្ហបុរី សរុបកើនឡើងដល់ ២,១៧២,៣៩៦ករណី ដែលក្នុងនោះស្លាប់ ១,៧០៥នាក់ ៕ ប្រភព៖ ស៊ីនហួរ ដោយ៖ ទីណា និងបុត្រា