បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០២១.២០២២ត្រូវប្រឹងប្រែងឱ្យអស់សមត្ថភាពដើម្បីទទួលជោគជ័យ
បន្ទាយមានជ័យ៖ បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០២១.២០២២ ត្រូវប្រឹងប្រែងឱ្យអស់សមត្ថភាពដើម្បីទទួលជោគជ័យ អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តមអ៊ុរាត្រី បានថ្លែងក្រើនរម្លឹក ដាស់តឿន ដល់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ឆ្នាំសិក្សា២០២ ១-២០២២នេះ មានប្រសាសន៍យ៉ាងដូច្នេះរបស់ ឯកឧត្តម អ៊ុ រាត្រី បានធ្វើឡើងក្នុងឱកាសអញ្ជើញបើក វិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ឆ្នាំសិក្សា២០២១-២០២២ នៅ វិទ្យាល័យសិរីសោភ័ណក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យនាព្រឹកថ្ងៃចន្ទ១២កើតខែមិគសិរឆ្នាំខាល ចត្វាស័កព.ស២៥៦៦ត្រូវនឹងថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ២០២២នេះ។
ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបានគូសបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២២នេះ យើងបានធ្វើការរៀបចំដំណើរការដោយរលូនទៅតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សារាចរណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីអនុវត្តន៍វិធានការសុខាភិបាល ៣ការពារ និង ៣កុំ បង្ការទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ដោយមានការត្រួតពិនិត្យសុខភាពជាមុន ពាក់ម៉ាស បាញ់អាល់កុលជាដើម និងរក្សាសន្តិសុខ សុវត្ថិភាពសណ្តាប់ធ្នាប់សាធារណៈមានកម្លាំងនគរបាលអាវុធហត្ថនិងការចូលរួមសម្របសម្រួលពីយុវជនសសយកនិងមានការត្រួតពិនិត្យពីក្រុមមន្ត្រីអង្គភាពប្រឆាំងអំពើរពុករលួយផងដែរ ។
យោងរបាយការណ៍ពីមន្ទីរអប់រំយុវជន និងកីឡាខេត្តបន្ទាយមានជ័យ បានបង្ហាញឱ្យដឹងថាការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០២១.២០២២នេះ មានរយៈពេល ២ថ្ងៃ ចាប់ថ្ងៃទី ០៥ ដល់ថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ២០២២ ដោយបែងចែកជាថ្នាក់វិទ្យាសាស្ត្រសង្គម និងវិទ្យាសាស្ត្រ។ ដោយឡែកសម្រាប់នៅខេត្តបន្ទាយមានជ័យ មាន ចំនួន ៧មណ្ឌល ២៣៣បន្ទប់សំណេរ ដែលស្ថិតនៅកណ្តាល ក្រុងសិរីសោភ័ណ ឬ ទីប្រជុំជន ខេត្ត មាន បេក្ខជន ប្រឡង ក្នុង បញ្ជី ដែល មកពី វិទ្យាល័យ សាធារណ : វិទ្យាល័យឯកជន / បំពេញវិជ្ជា ទាំងអស់ក្នុងខេត្តមានចំនួន ៥៨០២នាក់ ( ស្រី ៣១៧៦ នាក់ ) ក្នុងនោះ មាន បេក្ខជន ចំណេះទូទៅ មានចំនួន ៤៧៥៥នាក់ ( ស្រី ចំនួន ២៧០៩ នាក់ ), បេក្ខជនស្វៃរិន ចំណេះទូទៅ មាន ចំនួន ៧៥៧នាក់ ( ស្រី ៣៩៣ នាក់ ) និង បេក្ខជនបំពេញវិជ្ជា មាន ចំនួន ២៩០ នាក់ ( ស្រី មាន ចំនួន ៧០ នាក់ ) ៕ ដោយ៖ឃិន គន្ធា

