រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ប្រាក់ សុខុន បញ្ជាក់ថា នៅក្នុងជួររាជរដ្ឋាភិបាលកម្ពុជា រដ្ឋមន្ត្រីជាច្រើនរូប និយាយភាសាបារាំង

ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានរំឭកពីចំណងមិត្តភាព ដ៏ជ្រាលជ្រៅរវាងកម្ពុជា និងស្ថាប័នហ្វ្រង់កូហ្វូនី និងបានបញ្ជាក់ថា នៅក្នុងជួររាជរដ្ឋាភិបាលកម្ពុជា រដ្ឋមន្ត្រីជាច្រើនរូប និយាយភាសាបារាំង ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងបែបនេះ ក្នុងពិធីរៀបចំអាហារថ្ងៃត្រង់ការងារជូន ឯកឧត្តម Christophe-André FRASSA សមាជិកព្រឹទ្ធសភាបារាំង និងជាប្រធានគណៈកម្មការនយោបាយបារាំង APF ក្នុងអំឡុងពេល នៃបេសកកម្មសុឆន្ទៈរបស់ឯកឧត្តមនៅព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃសុក្រទី០២ ខែធ្នូ ឆ្នាំ២០២២ ។

ឯកឧត្តម Christophe-André FRASSA បានសាទរចំពោះប្រការនេះ និង បានគូសបញ្ជាក់ពីការចូលរួមយ៉ាងសកម្ម និងស្មោះស្ម័គ្ររបស់កម្ពុជា នៅក្នុងគ្រួសារ APF ដ៏ធំនេះ ជាពិសេស នៅក្នុងកិច្ចប្រជុំសំខាន់នានារបស់ APF ។

ទាក់ទងនឹងការបោះឆ្នោតឃុំ-សង្កាត់កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា អ្នកចូលរួមបោះឆ្នោតមានអត្រាខ្ពស់លើសពី ៨០% ហើយជាលទ្ធផល អាសនៈចំនួន ២០% នៅក្នុងក្រុមប្រឹក្សាឃុំ-សង្កាត់ ត្រូវបានកាន់កាប់ ដោយគណបក្សផ្សេងៗ ។ យោងទៅលើបរិបទពិភពលោកបច្ចុប្បន្ន និងអស្ថិរភាពក្នុងសកលលោក តួលេខនេះ គឺជាសូចនាករដ៏ល្អ សម្រាប់ការបោះឆ្នោតនីតិប្បញ្ញត្តិនៅឆ្នាំ២០២៣ ខាងមុខ។ នេះជាលទ្ធផលនៃការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍នៅកម្ពុជា ដែលស្តែងឡើង ជាពិសេស តាមរយៈការធ្វើយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស ដែលអនុញ្ញាតឱ្យប្រជាជនកម្ពុជាជាង ៩៥% បានទទួលវ៉ាក់សាំង ។

ប្រធានគណៈកម្មការនយោបាយ បានបង្ហាញពីបំណងពិភាក្សាពីការបោះឆ្នោត នាពេលខាងមុខនេះ ជាមួយនឹងចក្ខុវិស័យថ្មី ដោយគូសបញ្ជាក់ពីសារៈសំខាន់ នៃការផ្តល់ព័ត៌មាន ដើម្បីអាចឱ្យអ្នកសង្កេតការណ៍អន្តរជាតិ បានដឹងអំពីសកម្មភាពទាំងឡាយដែលរាជរដ្ឋាភិបាលកម្ពុជាបានអនុវត្ត នៅក្នុងក្របខណ្ឌនៃការបោះឆ្នោតនីតិប្បញ្ញត្តិនាពេលខាងមុខ ។

ដោយទទួលស្គាល់ថា កំណត់សម្គាល់នេះពិតជាត្រឹមត្រូវ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះ ឯកឧត្តម Christophe-André FRASSA និងមានប្រសាសន៍ដោយប្រើន័យធៀបថា “សកម្មភាពដែលខ្ញុំផ្តល់ព័ត៌មាន ដូច្នេះ គឺជាសក្ខីកម្ម និងភស្តុតាងគ្រប់គ្រាន់នៃតថភាពអត្តសញ្ញាណរបស់ខ្ញុំ”។ ជាចុងក្រោយ ប្រធានគណៈប្រតិភូនៃគណៈកម្មាធិការនយោបាយ APF បានលើកជាសំណើចំនួនពីរ៖ – កិច្ចសហប្រតិបត្តិការផ្លូវការរវាង APF និងសភាអន្តរសភាអាស៊ាន (AIPA)

  • ការទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំប្រចាំឆ្នាំនាពេលអនាគតរបស់ APF នៅកម្ពុជា ដែលនឹងក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រលើកដំបូង ចាប់តាំងពីការបង្កើតអង្គការនេះ ក្នុងឆ្នាំ១៩៦៧។

ភាគីកម្ពុជានឹងសិក្សាដោយយកចិត្តទុកដាក់ទៅលើសំណើទាំងពីរនេះ។ ក្នុងករណីមានការបញ្ជាក់ជាផ្លូវការពីអាជ្ញាធរអាស៊ាន-AIPA និងអាជ្ញាធរកម្ពុជា APFនឹងឯកភាពលើសំណើនេះ ៕ ដោយ សួង ពិសិដ្ឋ

សួង ពិសិដ្ឋ
សួង ពិសិដ្ឋ
អ្នកថតពត៌មានចូលបំរើការងារនៅទូរទស្ស៏អប្សរាឆ្នាំ1998រហូតដល់បច្ចុប្បន្នឆ្នាំ2022តាមសម្ដេចតេជោនឹងក្រសួងការបរទេស
ads banner
ads banner
ads banner