វិមានក្រឹមឡាំង ៖ លោក ពូទីន អាចនឹងធ្វើទស្សនកិច្ចទៅកាន់តំបន់ដុនបាស
ម៉ូស្គូ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសស្កូវ ថ្លែងថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន គ្រោងនឹងធ្វើទស្សនកិច្ចនៅតំបន់ដុនបាស នាពេលខាងមុខ ដែលជាអតីតទឹកដីអ៊ុយក្រែន បានបោះឆ្នោតចូលរួមជាមួយរុស្ស៊ីនៅដើមឆ្នាំ២០២២នេះ ។
លោក ប៉េសស្កូវ បានប្រាប់អ្នកយកព័ត៌មានក្នុងថ្ងៃអាទិត្យទី០៥ ខែធ្នូនេះថា ប្រាកដណាស់ វានឹងកើតឡើងនៅពេលវេលាណាមួយ… ដុនបាសគឺជាតំបន់មួយនៃសហព័ន្ធរុស្ស៊ី ហើយថា លោក ពូទីន មិនមានផែនការជាក់លាក់សម្រាប់ដំណើរទស្សនកិច្ចនៅពេលនេះនោះទេ។
សាធារណរដ្ឋប្រជាមានិត ដូណេត និង លូហាន់ ឬ (DPR និង LPR) ដែលនិយាយភាសារុស្សីលើសលុបបានផ្តាច់ខ្លួនចេញពីអ៊ុយក្រែនភ្លាមៗ បន្ទាប់ពីរដ្ឋប្រហារឆ្នាំ២០១៤ នៅទីក្រុងកៀវ។ ដូណេត និង លូហាន់ រួមជាមួយនឹងអតីតដែនដីអ៊ុយក្រែនពីរផ្សេងទៀតបានចូលរួមជាមួយប្រទេសរុស្ស៊ី បន្ទាប់ពីអ្នកស្រុកបានបោះឆ្នោតគាំទ្រយ៉ាងច្រើនលើសលប់ចំពោះការផ្លាស់ប្តូរនេះកាលពីចុងខែកញ្ញាកន្លងទៅ ។
កន្លងមក លោក ពូទីន ក៏ធ្លាប់បាននិយាយដែរថា ការការពារប្រជាជនដុនបាស គឺជាគោលបំណងសំខាន់មួយ នៃប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ីនៅអ៊ុយក្រែន។ ចាប់តាំងពីជម្លោះបានចាប់ផ្តើមមក លោក ពូទីន ក៏បានចោទប្រកាន់យោធាអ៊ុយក្រែនផងដែរថា បានប្រព្រឹត្តអំពើប្រល័យពូជសាសន៍លើប្រជាជនក្នុងតំបន់ទាំងនេះ ៕ ប្រភព៖ RT ដោយ៖ ទីណា និងបុត្រា