ប្រមុខការទូតអាមេរិកចាត់ទុកយុទ្ធសាស្ត្រអ៊ុយក្រែនរបស់លោក ពូទីន ថា ជាទង្វើ “ព្រៃផ្សៃ”
វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់ថូនី ប្លីងគែន ក្នុងថ្ងៃអាទិត្យទី៤ ខែធ្នូនេះ បានថ្កោលទោសកិច្ចខិតខំប្រឹងប្រែងរបស់រុស្ស៊ី ក្នុងការប្រើប្រាស់រដូវរងាជាអាវុធ ដោយដាក់ស្លាកកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងម៉ូស្គូ ក្នុងការបំផ្លាញថាមពល និងហេដ្ឋារចនាសម្ព័ន្ធនៅអ៊ុយក្រែនថា ជាទង្វើ “ព្រៃផ្សៃ”។
លោក ប្លីងគែន បានថ្លែងក្នុងបទសម្ភាសន៍នៅក្នុងកម្មវិធី “State of the Union” របស់ទូរទស្សន៍ CNN ថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រើយុទ្ធសាស្ត្រផែនដីដែលឆេះសន្ធោសន្ធៅ ដោយសារតែកងកម្លាំងប្រដាប់អាវុធរបស់គាត់ បានបរាជ័យក្នុងការសម្រេចបាននូវគោលដៅក្នុងសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន ។
លោកថា លោក ពូទីន បានព្យាយាមលុបអ៊ុយក្រែនចេញពីផែនទី លុបអត្តសញ្ញាណរបស់អ៊ុយក្រែន ហើយដាក់បញ្ចូលប្រទេសនេះទៅជាទឹកដីរបស់រុស្ស៊ីវិញ ។
ប្រមុខការទូតអាមេរិករូបនេះបន្ថែមថា ចំពោះគំនិតរបស់លោក ពូទីន គឺអ្វីដែលគាត់កំពុងធ្វើ គឺកំពុងព្យាយាមប្រើប្រាស់រដូវរងាធ្វើជាអាវុធ ការកាត់ផ្តាច់ថាមពលកំដៅ និងអគ្គិសនី ដើម្បីធ្វើឱ្យប្រជាជនអ៊ុយក្រែនរស់នៅស្ថិតក្នុងភាពងងឹត និងត្រជាក់ ដែលទង្វើនេះពិតជាព្រៃផ្សៃណាស់។ លោកថា សហរដ្ឋអាមេរិកក៏កំពុងជំរុញយ៉ាងខ្លាំង ក្នុងការគាំទ្ររបស់យើង ចំពោះអ៊ុយក្រែនផងដែរ៕ ប្រភព៖ Politico ដោយ៖ ទីណា និងបុត្រា