អាល្លឺម៉ង់ត្រៀមថវិកា ១០,៥ពាន់លានដុល្លារទិញយន្តហោះចម្បាំង F-35 ចំនួន ៣៥គ្រឿងពីសហរដ្ឋអាមេរិក
ប៊ែរឡាំង៖ យោងតាមឯកសាររបស់រដ្ឋាភិបាលអាល្លឺម៉ង់ ដែលសារព័ត៌មាន Bloomberg ទទួលបាន បានឱ្យដឹងថា អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូលដ៍ បានសន្យាថា នឹងជំរុញការចំណាយលើវិស័យការពារជាតិអាល្លឺម៉ង់ តាមរយៈការគ្រោងនឹងចំណាយថវិកាចំនួន ១០ពាន់លានអឺរ៉ូ ឬប្រមាណ ១០.៥ពាន់លានដុល្លារ ដើម្បីទិញយន្តហោះចម្បាំង F-35A Lightning II ចំនួន ៣៥គ្រឿងពីសហរដ្ឋអាមេរិក ។
ថវិកាខាងលើនេះនឹងយកចេញពីមូលនិធិពិសេសទំហំ ១០០ពាន់លានអឺរ៉ូ ដែលផ្តល់ហិរញ្ញប្បទានដោយលោក សូលស៍ ដែលបានប្រកាសភ្លាមៗ បន្ទាប់ពីការលុកលុយពេញលេញរបស់រុស្ស៊ីលើអ៊ុយក្រែននៅក្នុងខែកុម្ភៈ។ បើតាមការរំពឹងទុកនោះ ការដឹកជញ្ជូនតាមផែនការគ្រោងនឹងធ្វើឡើងនៅចន្លោះឆ្នាំ ២០២៦ និងឆ្នាំ ២០២៩។
ការចំណាយនេះ រួមមានទាំងឧបករណ៍យោធាមួយចំនួនទៀតដូចជាប្រព័ន្ធមីស៊ីលបាញ់ចេញពីដីទៅអាកាស និងហេដ្ឋារចនាសម្ព័ន្ធនៅលើដីគោក។ នេះបើយោងតាមឯកសារអាល្លឺម៉ង់។
កន្លងមក លោក សូលស៍ ធ្លាប់បានសន្យានៅក្នុងសុន្ទរកថាទៅកាន់សភា បន្ទាប់ពីការវាយប្រហាររបស់រុស្ស៊ីថា អាល្លឺម៉ង់នឹងចំណាយថវិកាច្រើនជាង ២% នៃផលិតផលក្នុងស្រុកសរុបជារៀងរាល់ឆ្នាំទៅលើវិស័យការពារជាតិ ដែលត្រូវបានផ្តល់ជំនួយដោយមូលនិធិពិសេសខាងលើនេះ ៕ ប្រភព៖ Bloomberg ដោយ៖ ទីណា និងបុត្រា