លោក ពុយ គា ត្រូវបានជ្រើសរើសជាប្រធានក្លិបអ្នកកាសែតកម្ពុជាបន្តពីលោក ប៉ែន បូណា
ភ្នំពេញ: ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បាន ប្រកាស ឱ្យដឹងថា លោក ពុយ គា ដែលអគ្គលេខាធិការរបស់ ក.អ.ក ត្រូវបានគណៈកម្មាធិការនាយកក្លិបអ្នកកាសែតកម្ពុជា សម្រេចជ្រើសតាំងជាប្រធានក្លិបនេះវិញ ជំនួសលោក ប៉ែន បូណា ដែលបានលាឈប់ និង ត្រូវ បានរាជរដ្ឋាភិបាល តែងតាំងជា រដ្ឋ លេខាធិការក្រសួង ព័ត៌មាន។
ចំណែក លោក ខៀវ កូឡា ដែលជាសមាជិកគណៈកម្មាធិការនាយក នៃ ក.អ.ក ត្រូវ បានដំឡើងជា អគ្គលេខាធិការ ។
យោងតាម សេចក្តី ជូនដំណឹង របស់ ក្លិបអ្នកកាសែតកម្ពុជា នៅ ថ្ងៃទី ៥ ខែធ្នូ បាន ឱ្យដឹងថា ការជ្រើសតាំងលោក ពុយ គា ជាប្រធានក្លិប និងលោក ខៀវ កូឡា ជាអគ្គលេខាធិការធិការ ជាការអនុវត្តតាមលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់ក្លិប ដើម្បីបន្តនិរន្តរភាពការងារ។
ទាក់ទងនឹង ការ តែងតាំងប្រធានក្លិបនេះដែរ ឯកឧត្តម មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មាន បានប្រាប់ថា ជាមតិរបស់លោកផ្ទាល់ មើលឃើញថា ការសម្រេច ចិត្ត របស់គណៈកម្មាធិការ នាយករបស់ ក្លិប អ្នក កាសែត កម្ពុជា ក្នុង ការ ជ្រើសតាំង លោក ពុយ គា ជាប្រធានក្លិប ជំនួស លោក ប៉ែន ប៊ុនណា ជាជម្រើសដ៏សមស្របមួយ ដោយសា រ លោក ពុយ គា ក៏ជា អ្នកសារព័ ត៌មាន មួយរូប ដែល មាន សមត្ថភាព និង បទពិសោធន៍ លើផ្នែក សារព័ត៌មាន ជាយូរឆ្នាំ មកហើយដែរ។
លោក មាស សុភ័ណ្ឌ បានប្រាប់ថា ៖ «ខ្ញុំ យល់ថា ការសម្រេច ចិត្ត របស់គណៈកម្មការ នាយករបស់ ក្លិប អ្នក កាសែត កម្ពុជា ក្នុង ការ ជម្រើសតាំង លោក ពុយ គា ជាប្រធាន នេះ ជា សិទ្ធិ សម្រេច របស់ គណៈកម្មាធិការ នាយក របស់ក្លិប ផ្ទាល់ ហើយក៏ជាការសម ស្របដែរ ដោយសា រ លោក ពុយ គា ក៏ជា អ្នកសារព័ត៌មាន មួយរូប ដែល មាន សមត្ថភាព និង បទពិសោធន៍ ផ្នែក សារព័ត៌មាន ជាយូរ ឆ្នាំ ។ ម៉្យាង ទៀតគាត់ ក៏បានចូលរួម បំពេញ តួនាទី យ៉ាង សកម្មក្នុង ក្លិប នេះ ជាយូរមកហើយដែរ»។
លោកបានបន្ថែមថា លោកក៏ សង្ឃឹម ថា លោក ពុយ គា នឹង អាចដឹងនាំ ក្លិប នេះឱ្យកាន់តែរីកចម្រើនបន្ថែមទៀតនៅថ្ងៃខាងមុខ។
ជុំវិញរឿងនេះ លោកស្រី ឆន សុគន្ធា នាយិកានៃនាយកដ្ឋានអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយរបស់មជ្ឍមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) បានប្រាប់ឱ្យដឹងដែរថា ការជ្រើសតាំងលោក ពុយ គា ជាប្រធានក្លិបអ្នកកាសែតកម្ពុជា ជាសេចក្ដីសម្រេចមួយដែលត្រឹមត្រូវ ដោយសារលោក ពុយ គា មាន បទពិសោធន៍ លើផ្នែក សារព័ត៌មាន ច្រើន ទាំង សារព័ត៌មានជាតិ និងទាំងសារព័ត៌មានអន្តរជាតិផងដែរ។
លោកស្រី ឆន សុគន្ធា ថា ៖ «ខ្ញុំក៏សង្ឃឹមថា នៅពេលដែលលោក ពុយ គា ត្រូវបានជ្រើសរើសជាប្រធានក្លិបអ្នកកាសែតកម្ពុជា លោកនឹងបានជួយដល់អ្នកកាសែតគ្រប់ទិន្នាការទាំងអស់ ពេលដែលគាត់មានបញ្ហាប្រឈមផ្សេងៗ កើតឡើង»។
លោកស្រីបានបន្ថែមថា ដោយសារអំឡុងពេលបច្ចុប្បន្ននេះ មានអ្នកសារព័ត៌មានមួយចំនួន ដែលបានរាយការណ៍នូវបញ្ហាក្ដៅៗ ភាពរសើបក្នុងសង្គម តែងតែត្រូវប្រឈមនឹងបញ្ហាផ្សេងៗកើតឡើង រួមទាំងការប្រឈមតាមផ្លូវច្បាប់ផងដែរ។
នាយិការូបនេះ បាន បន្តដែរថា កន្លងមកអ្នកកាន់តំណែងប្រធានក្លិបអ្នកកាសែតកម្ពុជា សុទ្ធតែជាអ្នកដែលមានសមត្ថភាព និងបទពិសោធន៍ ប៉ុន្តែអ្វីដែលសំខាន់នោះ គឺឆន្ទៈរបស់ពួកគាត់ ក្នុងការជួយដល់អ្នកសារព័ត៌មាន នៅពេលអ្នកសារព័ត៌ មានទាំងនោះ ពួកគាត់ប្រឈមបញ្ហាផ្សេងៗ ដែលហ៊ានរាយការណ៍ពីបញ្ហាដីធ្លី បញ្ហាធនធានធម្មជាតិ និងបញ្ហានយោបាយជាដើម។
សូមបញ្ជាក់ថា ក្លិបអ្នកកាសែតកម្ពុជា ត្រូវបានបង្កើតឡើងនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០០០ ក្នុងទិសដៅដើម្បីពង្រឹងសមត្ថភាព និងលើកម្ពស់វិជាជ្ជីវៈអ្នកសារព័ត៌មាន ពិសេសសមាជិក សមាជិកា ក.អ.ក គ្រប់ទិដ្ឋភាពទាំងអស់។ ក.អ.ក ជាអង្គកា រឯករាជ្យប្រមូលផ្តុំអ្នកសារព័ត៌មានកម្ពុជា ដែលមានបំណងប្រាថ្នាការពារសិទ្ធិសេរីភាព ពង្រឹងវិជ្ជាជីវៈ ក្រមសីលធម៌នៃអ្នកសារព័ត៌មានកម្ពុជា ជួយគាំទ្រផ្នែកបច្ចេកវិទ្យា ដើម្បីលើកម្ពស់គុណភាពសារព័ត៌មាន នៅកម្ពុជាឈានទៅកៀក ឬស្មើទៅជាមួយបរិមាណនៃសារព័ត៌មានជឿនលឿនលើពិភពលោក។
ក.អ.ក ពុំមែនជាអង្គការដែលធ្វើសកម្មភាពដើម្បីផលប្រយោជន៍សេដ្ឋកិច្ចឡើយ តែធ្វើសកម្មភាពសុច្ចរិតប្រកបដោយតម្លាភាព ដើម្បីស្វែងរកថិវិកាទ្រទ្រង់ប្រតិបត្តិការយូរអង្វែងរបស់ខ្លួនក្រៅពីមូលនិធិដែល ក.អ.ក ទទួលដោយស្របច្បាប់ពីម្ចាស់ជំនួយទាំងឡាយ។ ក.អ.ក មិនធ្វើសកម្មភាពបម្រើឱ្យគណបក្ស ឬក្រុមនយោបាយណាមួយឡើយ៕
ដោយ:ជា សុខនី