NOCCរំពឹងព្រឹត្តិការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិឆ្នាំ២០២៣នឹងកើនឡើងដល់១ម៉ឺននាក់

សៀមរាប៖ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានថ្លែងបញ្ជាក់ ក្រោយបញ្ចប់ព្រឹត្តិការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិលើកទី២៧ នៅខេត្តសៀមរាបថា ព្រឹត្តិការណ៍អន្តរជាតិមួយនេះ នៅឆ្នាំ២០២៣ ឆ្នាំក្រោយអាចនឹងមានអ្នកចូលរួមទាំងភ្ញៀវជាតិ និងអន្តរជាតិ អាចនឹងកើនឡើងដល់១ម៉ឺននាក់ ប្រសិនបើស្ថានភាពនៅតែល្អប្រសើរ ខណៈដែលឆ្នាំ២០២២នេះ ចំនួនអ្នកចូលរួមរត់ទាំងភ្ញៀវជាតិ និងអន្តរជាតិមានចំនួនជាង៧ពាន់នាក់។
ឯកឧត្តម អគ្គលេខាធិការ បានគូសបញ្ជាក់ទៀតថា ព្រឹត្តិការណ៍អន្តរជាតិមួយនេះ នៅក្នុងឆ្នាំ២០២២ចំនួនអ្នកចូលរួមរត់មានចំនួនច្រើនជាងឆ្នាំ២០២១ដែលជាឆ្នាំបើកព្រឹត្តិការណ៍ឡើងវិញ បន្ទាប់ពីជួបវិបត្តិជំងឺកូវីដ១៩។
ឯកឧត្តម អះអាងទៀតថា ក្នុងឆ្នាំ២០២២នេះចំនួនភ្ញៀវជាតិ និងអន្តរជាតិកើនឡើងដូចគ្នា ខណៈឆ្នាំ២០២១កន្លងទៅភ្ញៀវអន្តរជាតិចូលរួមមានតែប៉ុន្មានរយៈនាក់ប៉ុណ្ណោះ ហើយ ឆ្នាំ២០២២ចំនួនភ្ញៀវអន្តរជាតិចូលរួមកើនរហូតដល់ជិត២ពាន់នាក់ឯណោះ ទាំងអស់នេះគឺជាសញ្ញាវិជ្ជមានដ៏ល្អប្រសើរមួយសម្រាប់ការរៀបចំនៅឆ្នាំៗក្រោយទៀត។
ឯកឧត្តម អគ្គលេខាធិការ បានគូសបញ្ជាក់បន្ថែមទៀតថា ការរៀបចំនៅក្នុងឆ្នាំ២០២២នេះអ្វីៗល្អប្រសើរទាំងអស់ទាំងបច្ចេកទេស និងសុខសុវត្ថិភាពពុំមានអ្វីកើនឡើងធំដុំនោះទេ គឺកីឡាករកីឡាការិនីមកដល់ទីដោយសប្បាយរីករាយ។ ពោលគឺមានរឿងកើតឡើងបន្តិបន្ទួចប៉ុណ្ណោះ ដូចជាកីឡាកររត់ហត់អស់ជាតិទឹកប៉ុណ្ណោះ យើងអាចសង្គ្រោះគាត់បាន។

ឯកឧត្តម បណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានមានប្រសាសន៍ថា បន្ទាប់ពីបុរេព្រឹត្តិការណ៍ចាប់ផ្តើមក្នុងឆ្នាំ២០២១ ក្រោយពីវិបត្តិជំងឺកូវីដ១៩ ថ្ងៃនេះជាសេចក្តីបញ្ជាក់អំពីការចេញដំណើរសម្រាប់ការស្តារវិស័យទេសចរណ៍ឡើងវិញ យ៉ាងលឿននិងមានភាពវិជ្ជមានជាទីសង្ឈឹមក្នុងការស្រូបទាញភ្ញៀវជាតិនិងអន្តរជាតិយ៉ាងឆាប់រហ័ស។
ឯកឧត្តម ប្រធានបានបន្តទៀតថា ពិតណាស់កម្ពុជាបានក្លាយជាគោលដៅទេសចរណ៍សុវត្ថិភាពមុនគេ និងមានកក់ក្តៅបំផុតក្រោមម្លប់នៃសន្តិភាព ស្ថេរភាពនយោបាយនិងការអភិវឌ្ឍន៍។ទន្ទឹមជាមួយគ្នានេះ ឯកឧត្តម បណ្ឌិត ថោង ខុន បានអំពាវនាវឲ្យអត្តពលិកជាតិនិងអន្តរជាតិបន្តចូលរួមគាំទ្រកាន់តែច្រើន។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិអង្គរលើកទី២៧នេះមានភ្ញៀវចូលរួមសរុប៧៥៤៣នាក់ ក្នុងនោះ អត្តពលិកក្នុងស្រុមមានចំនួន៥៨១៤នាក់ និងអត្តពលិកអន្តរជាតិមានចំនួន២៧២០នាក់ មកពី៦៩ប្រទេស ហើយប្រទេសដែលចូលរួមច្រនជាងគេគឺប្រទេសអង់គ្លេស បារាំង និងសហរដ្ឋអាមេរិក ។អ្នករត់២១គីឡូម៉ែត្រ មានចំនួន១៩៦០នាក់ និងជនពិការប្រណាំងរទះ២២នាក់ អ្នករត់១០គីឡូម៉ែត្រមាន៣៤០៤នាក់និងជនពិការ៩០នាក់ អ្នករត់៥គីឡូម៉ែត្រមានចំនួន១៤៣៣នាក់ អ្នករត់៣គីឡូម៉ែត្ររត់កំសាន្ត៨៦០នាក់៕ អត្ថបទ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner