អ្នកនាំពាក្យក្រសួងព័ត៌មាន ឆ្លើយតបទៅនឹងការចុះផ្សាយរបស់វិទ្យុអាស៊ីសេរី

ភ្នំពេញ៖ ឆ្លើយតបទៅនឹងការចុះផ្សាយរបស់ វិទ្យុអាស៊ីសេរី អ្នកនាំពាក្យក្រសួងព័ត៌មាន ឯកឧត្តម មាស សុភ័ណ្ឌ បានបញ្ជាក់ជូនថា “ការសម្រេចតែងតាំងថ្នាក់ដឹកនាំក្រសួងបន្ថែមរបស់រាជរដ្ឋាភិបាល គឺផ្អែកលើតម្រូវការចាំបាច់ និងស្ថានភាពជាក់ស្តែងរបស់ក្រសួង ដើម្បីជួយដឹកនាំ អភិវឌ្ឍ ស្ថាប័ន ឱ្យកាន់តែប្រសើរបន្ថែមទៀត។ បន្ថែមពីនេះ ការតែងតាំងនេះ ក៏ផ្អែកលើសមត្ថភាពចំណេះជំនាញ និងបទពិសោធន៍ការងារ ដែលសមស្របទៅនឹងតម្រូវការរបស់ក្រសួងផងដែរ។ ការតែងតាំងថ្នាក់ដឹកនាំ ដែលមានចំណេះជំនាញ និងបទពិសោធន៍ ដើម្បីចូលរួមអភិវឌ្ឍស្ថាប័នព័ត៌មាន និងសោតទស្សន៍ ពុំមែនជាការខ្ជះខ្ជាយថវិកាជាតិដូចដែលក្រុមអគតិមួយចំនួនគិតនោះទេ”។

អ្នកនាំពាក្យក្រសួងព័ត៌មាន បានបន្តថា ផ្ទុយទៅវិញ ការដែលមានថ្នាក់ដឹកនាំដែលមានជំនាញ និងបទពិសោធន៍ច្រើន និងច្បាស់លាស់ នឹងអាចជួយកសាងនូវក្របខ័ណ្ឌគោលនយោបាយ ផែនយុទ្ធសាស្ត្រ និងផែនការសកម្មភាពផ្សេងៗដើម្បីអភិវឌ្ឍវិស័យព័ត៌មាន និងសោតទស្សន៍ឱ្យកាន់តែរីកចម្រើន និងឆ្លើយតបទៅនឹងការរីកចម្រើនដ៏ឆាប់រហ័ស នៃបច្ចេកវិទ្យាព័ត៌មានក្នុងពេលបច្ចុប្បន្ន ព្រមទាំងអាចជួយឱ្យវិស័យព័ត៌មាន និងសោតទស្សន៍ នៅកម្ពុជា ដើរទាន់បណ្តាប្រទេសនានា ក្នុងតំបន់ និងពិភពលោក។

អ្នកនាំពាក្យក្រសួងព័ត៌មានបានបន្ថែមថា ពាក់ព័ន្ធនឹងការសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការតែងតាំងលោក ប៉ែន បូណា ជារដ្ឋលេខាធិការក្រសួងព័ត៌មាន គឺផ្អែកលើតម្រូវការចាំបាច់ និង ស្ថានភាពជាក់ស្តែងរបស់ក្រសួងដើម្បី ជួយដឹកនាំអភិវឌ្ឍ ស្ថាប័ន ឱ្យកាន់តែប្រសើរបន្ថែមទៀត។ បន្ថែមពីនេះ ការតែងតាំងនេះ ក៏ផ្អែកលើសមត្ថភាព ចំណេះជំនាញ និងបទពិសោធន៍ការងារក្នុងវិស័យសារព័ត៌មាន និងសោតទស្សន៍ជាច្រើនរបស់លោកដែលសមស្របទៅនឹងតម្រូវការរបស់ក្រសួងផងដែរ។

ប្រភពដដែលបានបន្តទៀតថា “ខ្ញុំ មិនយល់ស្របទៅនឹងការលើកឡើងរបស់ក្រុមមួយចំនួនតូច ដែលថាការតែងតាំងនេះ វាធ្វើប៉ះពាល់ដល់វិស័យព័ត៌មានទាំងមូល និងធ្វើឱ្យធ្លាក់ចុះនូវទំនុកចិត្តលើសារព័ត៌មាននោះទេ។ ផ្ទុយទៅវិញការតែងតាំងថ្នាក់ដឹកនាំ ដែលមានចំណេះជំនាញ និងបទពិសោធន៍ច្រើន និងច្បាស់លាស់លើវិស័យព័ត៌មាន គឺនឹងអាចជួយកសាងនូវក្របខ័ណ្ឌគោលនយោបាយ ផែនយុទ្ធសាស្ត្រ និងផែនការសកម្មភាពផ្សេងៗដើម្បីអភិវឌ្ឍវិស័យព័ត៌មាន និងសោតទស្សន៍ឱ្យកាន់តែរីកចម្រើន និងឆ្លើយតបទៅនឹងការរីកចម្រើនដ៏ឆាប់ រហ័ស នៃបច្ចេកវិទ្យាព័ត៌មានក្នុងពេលបច្ចុប្បន្ន ព្រមទាំងអាចជួយឱ្យវិស័យព័ត៌មាន និងសោតទស្សន៍ នៅកម្ពុជា ដើរទាន់បណ្តាប្រទេសនានា ក្នុងតំបន់ និងពិភពលោក។ បន្ថែមពីនេះការយកអ្នកសារព័ត៌មានជើងចាស់ដែលមានវិជ្ជាជីវៈ គឺដើម្បីយល់ដឹងពីការប្រឈមរបស់អ្នកសារព័ត៌មាន ហើយអាចដោះស្រាយបញ្ហាអ្នកសារព័ត៌មានចំចំណុចវិជ្ជមានសម្រាប់វិស័យសារព័ត៌មាន សម្រាប់តម្លាភាពក្នុងសង្គម និងដើម្បីជំរុញរបបប្រជាធិបតេយ្យដោយមានការចូលរួម( participatory democratic movement) កាន់តែសកម្មថែមទៀត។ ចំពោះការលើកឡើងដែលថា រាជរដ្ឋាភិបាលតែងតាំងនេះ ដោយសារតែអ្នកសារព័ត៌មាន នោះជាអ្នកមាននិន្នាការគាំទ្រគណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) ខ្ញុំយល់ថា ការលើកឡើងនេះ គឺមានចេតនាញុះញង់ឱ្យមានការរើសអើង ក្នុងចំណោមអ្នកសារព័ត៌មាន ដូចគ្នា និងជាការបំបិតសិទ្ធិសេរីភាពរបស់អ្នកសារព័ត៌មាន ក្នុងការចូលរួមគាំទ្រ និងជ្រើសរើសជីវភាពនយោបាយដែលពួកគាត់ពេញចិត្ត ដូចដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា”៕
ដោយ៖ពលជ័យ

ads banner