AVIVoice Ep102: លទ្ធផលនៃមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ (អាយប៉ា) និងសារៈសំខាន់ចំពោះសហគមន៍អាស៊ាន
បន្ទាប់ពីបញ្ចប់នូវកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ នៅរាជធានីភ្នំពេញ កម្ពុជាក៏បានបន្តនូវតួនាទីរបស់ខ្លួនក្នុងនាមជាប្រធានអាស៊ាន ក្នុងការរៀបចំកិច្ចប្រជុំនៃមហាសន្និបាទអន្តរសភាអាស៊ានលើកទី៤៣ (អាយប៉ា៤៣)។ កិច្ចប្រជុំអាយប៉ានេះក៏បានបញ្ចប់ទៅដោយជោគជ័យ និងទទួលបាននូវលទ្ធផលផ្លែផ្កាជាច្រើនផងដែរ ដែលបានប្រទេសជាសមាជិកអាស៊ាន និងប្រទេសដៃគូផ្សេងទៀតចូលរួមក្នុងកិច្ចប្រជុំមួយនេះ។ ក្នុងកិច្ចសម្ភាសន៍នេះ បណ្ឌិត ឆេង គីមឡុង បានលើកឡើងត្រួសៗអំពីលទ្ធផលជាដុំកំភួនមួយចំនួននៃកិច្ចប្រជុំអាយប៉ាលើកទី៤៣ និងពន្យល់អំពីការកើនឡើងនៃសារៈសំខាន់ចំពោះការកសាងសហគមន៍អាស៊ានទាំងមូលផងដែរ។
សំណួរទី១៖ កាលពីថ្ងៃទី២០ដល់ថ្ងៃទី២៥ ខែវិច្ឆិកា កម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ ឬក៏ហៅថាអាយប៉ា នៅឯសណ្ឋាគារសុខា រាជធានីភ្នំពេញ ដែលរៀបចំដោយសភាជាតិកម្ពុជា ក្រោមមូលបទ «បោះជំហានជាមួយគ្នា ដើម្បីនិរន្តរភាព បរិយាប័ន្ន និងភាពធន់របស់អាស៊ាន»។ ជាបឋម សូម (វាគ្មិន) ជួយពន្យល់បន្តិចអំពី ថាតើអ្វីទៅជាមហាសន្និបាតអន្តរសភាអាស៊ាន? ហើយនៅក្នុងឆ្នាំនេះដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ តើកិច្ចប្រជុំមហាសន្និបាតអន្តរសភាអាស៊ានត្រូវបានប្រារឰឡើងដោយមានរបៀបវារៈដូចម្តេចខ្លះ?
នៅក្នុងកម្មវិធីនៃការរៀបចំមហាសន្និបាតអន្តរសភាអាស៊ាននេះ យើងឃើញចែកចេញជាពីរផ្នែកធំៗ៖
ទីមួយ៖ គឺការជួបប្រជុំទល់មុខរវាងថ្នាក់ដឹកនាំនៃប្រទេសអាស៊ាន ហើយនិងមេដឹកនាំនៃស្ថាប័នរដ្ឋសភា របស់ប្រទេសសមាជិកអាស៊ានទាំង១០ ដែលបានជួបរួចម្ដងមកហើយ កាលពីថ្ងៃទី១០ ខែវិច្ឆិកាកន្លងទៅនេះ។ នោះគឺជាការជួបប្រជុំទល់មុខកម្រិតខ្ពស់បំផុតរវាងថ្នាក់ដឹកនាំមក ពីផ្នែករដ្ឋាភិបាលនៃបណ្ដាប្រទេសអាស៊ានហើយនិងថ្នាក់ដឹកនាំកំពូលនៃស្ថាប័នរដ្ឋសភា។
ក្រោយមកទៀត គឺទាក់ទងទៅនឹងមហាសន្និបាតអន្តរសភាអាស៊ាន យើងហៅថាមហាសន្និបាតលើកទី៤៣របស់អាយប៉ា ដែលបានប្រព្រឹត្តទៅនៅទីក្រុងភ្នំពេញកាលពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែវិច្ឆិកាកន្លងទៅនេះ។
ក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះ កម្ពុជាបានលើកឡើងនូវរបៀបវារៈនៃកិច្ចប្រជុំនោះ ដែលកិច្ចប្រជុំនោះរួមមាន ការ ជួបប្រជុំរវាងគណៈកម្មការប្រតិបត្តិនៃអន្តរសភារបស់អាស៊ាន មានន័យថាថ្នាក់ដឹកនាំកំពូលនៃស្ថាប័នរដ្ឋសភាមកពីប្រទេសអាស៊ានទាំង១០ ដែលកម្ពុជាជាប្រធាននៃកិច្ចប្រជុំមហាសន្និបាតអន្តរសភាលើកទី៤៣នេះ។ហើយមានកម្មវិធីបើករួមទាំងកម្មវិធីជួបប្រជុំទៅតាមគណៈកម្មការបច្ចេកទេស មានគណៈកម្មការនិយាយអំពីស្ត្រី គណៈកម្មការនិយាយអំពីសភាវ័យក្មេង គណៈកម្មការស្តីពីកិច្ចការនយោបាយ គណៈកម្មការស្ដីពីកិច្ចការសេដ្ឋកិច្ច និងគណៈកម្មការស្ដីពីកិច្ចការសង្គមកិច្ច។
បន្ថែមពីនេះទៀតក៏មានរបៀបវារៈស្ដីពី គណៈកម្មការរៀបចំកម្មវិធី ដែលគណៈកម្មការនោះ គឺបានធ្វើទៅលើកិច្ចការងារនៃការរៀបចំ និងដំណើរការប្រព្រឹត្តទៅនៃកិច្ចការផ្ទៃក្នុងសំខាន់ៗរបស់មហាសន្និបាតអន្តរសភាអាស៊ាន ដែលយើងហៅកាត់ថាជាអង្គការអន្តរសភាអាស៊ាន រួមគ្នានេះ។ លើសពីនោះទៀត ក៏មានកិច្ចរៀបចំប្រជុំ ឬក៏យើងហៅថាកិច្ចពិភាក្សាការងាររវាងអាយប៉ាដែលជាមហាសន្និបាតអន្តរសភាអាស៊ាន ជាមួយនឹងប្រទេស យើងហៅថាជាសភាសង្កេតការណ៍ នៅក្នុងនោះផងដែរក៏មានការរៀបចំឱ្យមានកិច្ចប្រជុំទ្វេភាគី និងពហុភាគីផ្សេងៗទៀត។ ខ្ញុំនឹងលម្អិតបន្ថែមនៅពេលដែលយើងឆ្លើយឆ្លងគ្នាបន្តទៅទៀត។
សំណួរទី២៖ ភ្ជាប់គ្នាជាមួយនេះផងដែរ តើកិច្ចប្រជុំអាយប៉ាលើកទី៤៣នេះបញ្ចប់ទៅដោយទទួលបានលទ្ធផលជាដុំកំភួនយ៉ាងដូចម្ដេចខ្លះ?
កិច្ចប្រជុំមហាសន្និបាតអន្តរសភាអាស៊ានហៅថាអាយប៉ាលើកទី៤៣នេះ បានបញ្ចប់ទៅដោយទទួលបានលទ្ធផលយ៉ាងច្រើន ដែលខ្ញុំអាចសូមរំលេចជាត្រួសៗខ្លីៗដូចតទៅ៖ ទីមួយ៖ គឺជាការបញ្ជាក់អំពីសមត្ថភាពរបស់ស្ថាប័នសភា ក៏ដូចជាស្ថាប័នពាក់ព័ន្ធផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា នៅក្នុងការទទួលរៀបចំនូវកិច្ចប្រជុំមហាសន្និបាតថ្នាក់អន្តរជាតិ ដែលមានប្រទេសចូលរួមមកពីអាស៊ានផងលើកលែងតែសភាមីយ៉ាន់ម៉ា និងសភាមកពីប្រទេសម៉ាឡេស៊ីដែលពុំបានចូលរួមក្នុងពេលនេះ បូកនឹងប្រទេសចំនួន១៦ទៀតមកពីអាមេរិក មកពីអឺរ៉ុប មកពីជប៉ុន មានប្រទេសផ្សេងៗទៀតជាដើម មកតាំងពីទ្វីបអាហ្វ្រិកក៏បានចូលរួមដែរ។ នេះគឺបញ្ជាក់អំពីសមត្ថភាព និងការបង្កើតឱ្យមានជាវេទិកា ប្រកបដោយការទុកចិត្តខ្ពស់នៃថ្នាក់ដឹកនាំកំពូលៗមកពីស្ថាប័នសភានៅក្នុងតំបន់អាស៊ានផង មកពីបណ្ដាប្រទេសដែលខ្ញុំបានលើកឡើងអម្បាញ់មិញនេះផង។ លើសពីនោះទៀត គឺកិច្ចប្រជុំបានបញ្ចប់ទៅដោយបានអនុម័តនូវសេចក្ដីសម្រេចចិត្តដែលយើងហៅថាជា Resolution ជាង៣០សេចក្តីសម្រេចទៅលើគណៈកម្មការពិសេសៗ គណៈកម្មការបច្ចេកទេស និងជំនាញដែលខ្ញុំបានលើកឡើងអម្បាញ់មិញ។
នៅក្នុងនោះ យើងឃើញថា កិច្ចប្រជុំគណៈកម្មការសភាស្ត្រីអាយប៉ាបានចេញនូវសេចក្ដីសម្រេចចិត្តចំនួនបី រីឯកិច្ចប្រជុំសមាជិកសភាវ័យក្មេងអាយប៉ាបានចេញនូវសេចក្ដីសម្រេចមួយ គណៈកម្មការកិច្ចការនយោបាយអាយប៉ាបានចេញនូវសេចក្ដីសម្រេចចិត្តចំនួនប្រាំ កិច្ចប្រជុំគណៈកម្មការសេដ្ឋកិច្ចអាយប៉ាបានចេញនូវសេចក្ដីសម្រេចចំនួនបី គណៈកម្មការប្រជុំស្ដីពីសង្គមកិច្ចអាយប៉ាបានចេញនូវសេចក្ដីសម្រេចចំនួនបួន និងកិច្ចប្រជុំគណៈកម្មការរៀបចំ គឺបានចេញនូវឬក៏ឯកភាពទៅលើសេចក្ដីព្រាង ឬសេចក្ដីសម្រេចចិត្តចំនួនម្ភៃមួយ។ លើសពីនេះទៅទៀត គឺមហាសន្និបាតសន្និបាតលើកទី៤៣នេះបានអនុម័តជាសេចក្ដីថ្លែងការណ៍ និងនូវឯកសារជាលទ្ធផលផ្សេងៗ។ លើសពីនេះទៀតមានទាំង យើងហៅថាឯកសារស្ដីអំពីស្មារតីនៃការប្រជុំជាដើម ក៏ដូចជាការឯកភាពទៅកិច្ចប្រតិបត្តិការអន្តរសភាបន្តទៅទៀត ឬក៏ការជំរុញនូវការទូតសភាអន្តរជាតិ ក្នុងតំបន់ និងអន្តរតំបន់ដើម្បីជំរុញនូវទិសដៅនៃការធ្វើយ៉ាងណាសម្រេចបាននូវសន្តិភាពសកល សន្តិសុខសកល សន្តិសុខស្បៀង សន្តិសុខថាមពល និងការអភិវឌ្ឍប្រកបដោយចីរភាពទៅតាមក្របខ័ណ្ឌផ្សេងៗមួយចំនួន។
ខ្ញុំសូមរៀបរាប់បន្ថែមបន្តិចទៀតទៅនឹងលទ្ធផលនេះនៅក្នុងសេចក្ដីសម្រេចផ្សេងៗនោះ កម្ពុជាក៏បានជំរុញលើកទឹកចិត្តឱ្យអន្តរសភាទាំងអស់នេះ គឺគាំទ្រនូវគំនិតផ្ដួចផ្ដើមរបស់ប្រធានអាស៊ានឆ្នាំនេះ ដែលមានសម្តេចតេជោនាយករដ្ឋមន្ត្រីហ៊ុនសែនជាប្រធាននៃអាស៊ានឆ្នាំ២០២២នេះ ក្នុងការស្នើបង្កើតនូវគំនិតផ្តួចផ្តើមមួយស្តីអំពី «កិច្ចព្រមព្រៀងបៃតងអាស៊ាន» ដែលកិច្ចព្រមព្រៀងអាស៊ានបៃតងនេះ មានទិសដៅក្នុងការជំរុញយ៉ាងណាឱ្យមានការអភិវឌ្ឍទៅមុខប្រកបដោយភាពបៃតងប្រកបដោយចីរភាព និងប្រកបដោយដោយបរិយាប័ន្ន នៅក្នុងការដែលប្រទេសទាំងអស់នេះត្រៀមខ្លួនក្នុងការជំរុញឱ្យងើបឡើងវិញនូវសេដ្ឋកិច្ច និងការឈានសម្រេចបានក្នុងទិសដៅប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ។
សំណួរទី៣៖ ដូចដែលសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិនៃព្រះរាជាណាចក្រកម្ពុជា លោកបានលើកឡើងថា «សារៈសំខាន់របស់អាយប៉ាកំពុងតែកើនឡើង ហើយអាយប៉ាបានក្លាយជាវេទិកាមួយដ៏សំខាន់នៅក្នុងក្របខ័ណ្ឌអាស៊ានផងដែរ ដែលប្រទេសជាសមាជិករបស់អាស៊ានទាំង១០ បានប្រើប្រាស់វេទិកានេះក្នុងគោលបំណងរួម គឺដើម្បីប្រមូលមតិ យោបល់ទស្សនៈរបស់តំណាងរបស់ពលរដ្ឋ ដែលប្រទេសជាសមាជិក ក្រោមចក្ខុវិស័យទូលំទូលាយនិងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ក្នុងការដោះស្រាយនូវបញ្ហារួមរបស់ពិភពលោកប៉ះពាល់មកដល់តំបន់អាស៊ីអាគ្នេយ៍ ហើយក៏ដើម្បីជំរុញឱ្យមានសន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ផងដែរ»។ ពាក់ព័ន្ធទៅនឹងការលើកឡើងនេះ តើអាយប៉ាមានន័យ និងសារៈសំខាន់ដូចម្តេចចំពោះការកសាងសហគមន៍អាស៊ាន ក៏ដូចជាពិភពលោកទាំងមូលផងដែរ?
អាយប៉ាមកពីពាក្យពេញថាជាមហាសន្និបាតអន្តរសភាអាស៊ាន គឺជាបណ្ដុំនៃស្ថាប័នសភា ដែលជាស្ថាប័នកំពូលរបស់បណ្ដាប្រជាជាតិអាស៊ីអាគ្នេយ៍។ និយាយជារួម គឺជាតួអង្គដ៏សំខាន់នៅក្នុងការធ្វើច្បាប់ និងការដាក់ចេញនូវគោលនយោបាយ និងនីតិប្បញ្ញត្តិមួយចំនួន ដើម្បីឆ្លើយតបទៅនឹង គោលដៅរួមរបស់តំបន់ ក្នុងការកសាងសហគមន៍អាស៊ាន ក៏ដូចជាទៅតាមសសរស្តម្ភទាំងបីរបស់អាស៊ាន និងផែនការដែលយើងហៅថាផែនទីចង្អុលផ្លូវនៅក្នុងការកសាងសហគមន៍អាស៊ាន។
លើសពីនេះទៀត អាយប៉ាគឺដើរតួនាទីសំខាន់នៅក្នុងការភ្ជាប់ទៅនឹងប្រទេសនៅក្នុងតំបន់អាស៊ានផង ភ្ជាប់ទៅនឹងបណ្តាអន្តរសភាផ្សេងៗទៀត ឬស្ថាប័នសភាផ្សេងៗទៀតនៅលើពិភពលោក នៅក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមនៅក្នុងតំបន់ផង និងនៅក្នុងពិភពលោកផង។ ជាពិសេសនៅក្នុងការជំរុញឱ្យមានសន្តិសុខ ស្ថិរភាព វិបុលភាពរួមគ្នារវាងប្រទេសនីមួយៗ និងបណ្ដាប្រទេសផ្សេងៗទៀតនៅក្នុងពិភពលោក ដើរតួនាទីយ៉ាងសំខាន់នៅក្នុងការជំរុញនូវការទូតសភា ដូចខ្ញុំបានលើកឡើងថាគណៈកម្មការកិច្ចការងារបច្ចេកទេសមួយចំនួន ដែលបានលើកឡើងនោះក៏បានអនុម័ត នូវពង្រាងនៃសេចក្ដីសម្រេចចិត្តទាំងអស់នោះ គឺដើម្បីបញ្ជាក់អំពីការតាំងចិត្តរបស់បណ្តាស្ថាប័នរដ្ឋសភាជាតិនីមួយៗរវាងប្រទេសនៅក្នុងអាស៊ានផង និងប្រទេសនៅលើពិភពលោកផ្សេងទៀតនោះ ដើម្បីរួមគ្នាធ្វើយ៉ាងណា បង្កើតទៅជាវេទិកា បង្កើតទៅជាយន្ដការ បង្កើតទៅជាផែនការសកម្មភាពអភិវឌ្ឍន៍រួមគ្នា ដើម្បីជំរុញធ្វើយ៉ាងណាឱ្យបានក្លាយទៅជាមូលដ្ឋានគ្រឹះនៃសកម្មភាពជាពហុភាគីនិយម ដើម្បីជំរុញឱ្យមានស្ថិរភាព និងវិបុលភាពរួមគ្នា ដើម្បីធ្វើយ៉ាងណាឱ្យយើងបានឆ្លើយតបទាំងការដោះស្រាយបាននូវបញ្ហាប្រឈមទាំងឡាយផង និងសម្រេចបាននូវគោលដៅរួមនៅក្នុងការអភិវឌ្ឍសកលលោកផង។
បន្ថែមលើនេះទៀត គឺដូចដែលមូលបទ នៃអាយប៉ាលើកទី៤៣នៃមហាសន្និបាតលើកទី៤៣នេះបានលើកឡើងអ៊ីចឹង គឺការជំរុញការបោះជំហានរួមគ្នាទៅមុខដើម្បីឱ្យអាស៊ានក្លាយទៅជាសហគមន៍មួយមានការអភិវឌ្ឍប្រកបដោយចីរភាព មានការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន និងមានភាពធន់ទៅនឹងវិបត្តិផ្សេងៗ។ ដូចដែលខ្ញុំបានលើកឡើងមុនដូច្នេះដែរ គោលបំណងធំមួយទៀតគឺជ្រោងទង់ គឺលើកកម្ពស់នូវតម្លៃ និងមូលដ្ឋានគោលការណ៍នៃមជ្ឈិមភាពអាស៊ាន។ កិច្ចប្រជុំមហាសន្និបាតលើកទី៤៣នេះបានបញ្ចប់ទៅដោយជោគជ័យ ហើយបានបញ្ជាក់យ៉ាងច្បាស់អំពីមជ្ឈិមភាពអាស៊ាន អំពីឯកភាពរួមរវាងសមាជិកនៅក្នុងអាស៊ាន នៅក្នុងការសហប្រតិបត្តិការជាមួយនឹងដៃគូ ឬក៏ជាស្ថាប័នសង្កេតការណ៍ផ្សេងៗទៀតនៅលើពិភពលោក។
សំណួរទី៤៖ ពាក់ព័ន្ធទៅនឹងលទ្ធផលនៃកិច្ចប្រជុំអាយប៉ាដែល (វាគ្មិន) បានលើកឡើងកាលពីមុននេះ ខ្ញុំបាទមានចំណុចមួយដែលគួរឱ្យចាប់អារម្មណ៍ គឺពាក់ព័ន្ធទៅនឹងការសម្រេចឱ្យមានកិច្ចប្រជុំជាលើកដំបូងរបស់សមាជិកសភាវ័យក្មេងផងដែរ។ តើអ្វីទៅគឺជាសភាវ័យក្មេង? ហើយកិច្ចប្រជុំនៃសមាជិកសភាវ័យក្មេងនេះដើរតួនាទីសំខាន់យ៉ាងដូចម្ដេចខ្លះ នៅក្នុងក្របខ័ណ្ឌអាយប៉ា?
នៅក្នុងមហាសន្និបាតលើកទី៤៣ដែលកម្ពុជាធ្វើជាប្រធាននៅក្នុងឆ្នាំនេះ យើងឃើញថាមានសារៈសំខាន់ខ្លាំងមែនទែនដោយសារសមាជិកសភាទាំងអស់ ក្រោមការដឹកនាំក្នុងពេលដែលសភាជាតិកម្ពុជាធ្វើជាប្រធាន គឺបានស្នើសុំនិងជំរុញឱ្យមានការគាំទ្រខ្លាំងនៅក្នុងការបង្កើតទៅជាយន្តការណ៍មួយ ដែលមានភាពផុសផុលខ្លាំងក្លាជាងមុន នោះគឺការជំរុញឱ្យមានកិច្ចប្រជុំសភាវ័យក្មេង នឹងបញ្ចូលទៅក្នុងក្របខ័ណ្ឌជាក្របខ័ណ្ឌអចិន្ត្រៃយ៍ នៅក្នុងប្រព័ន្ធនៃមហាសន្និបាតអន្តរសភាអាស៊ាននេះ។
សភាវ័យក្មេងកម្ពុជារួមទាំងសភាវ័យក្មេងមកពីបណ្ដាប្រទេសអាស៊ានផ្សេងទៀតបានធ្វើការតាំងចិត្តគ្នា ហើយក៏បានសម្រេចទៅសេចក្ដីព្រាងនៃសេចក្ដីសម្រេចមួយដើម្បីធ្វើយ៉ាងណាបង្កើននូវកិច្ចទំនាក់ទំនង កិច្ចសហការ និងសហប្រតិបត្តិការរួមគ្នារវាងបណ្ដាប្រទេស នៅក្នុង អាស៊ាននេះឆ្លើយតបទៅនឹងសេចក្ដីត្រូវការរបស់សង្គម នៅក្នុងបណ្តាប្រទេសមួយៗ និងឆ្លើយតបទៅនឹងសេចក្ដីត្រូវការរបស់ប្រជាជនរស់នៅក្នុងតំបន់។ សភាវ័យក្មេងដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការឆ្លើយតបយ៉ាងសកម្ម និងបុរេសកម្មនៅក្នុងសម័យឌីជីថលូបនីយកម្ម ក៏ដូចជានៅក្នុងបរិបទដែលពិភពលោកកំពុងឆ្លងកាត់បច្ចុប្បន្ននេះ គឺនៅក្នុងពេលដែលពិភពលោកកំពុងតែរងការវាយប្រហារដោយមនោគមន៍វិជ្ជាផ្សេងៗដូចជា ការប្រកួតប្រជែងនៃភូមិសាស្ត្រនយោបាយ ការឈ្លោះប្រកែកគ្នានៃភូមិសាស្ត្រនយោបាយ ការប្រជែងគ្នាអំពីអត្ថប្រយោជន៍នៃភូមិសាស្ត្រសេដ្ឋកិច្ច ក៏ដូចជាការឆ្លើយតបទៅនឹងបញ្ហាប្រឈមមិនប្រពៃណីផ្សេងៗទៀតជាដើម។
យើងឃើញថាប្រជាជនវ័យក្មេងនៅក្នុងប្រទេសសមាជិកអាស៊ាននេះ គឺមានចំនួនច្រើនលើសលប់ ហើយការជំរុញសភាវ័យក្មេងនោះគឺឆ្លើយតបទៅនឹងតម្រូវការ ក៏ឆ្លើយតបទៅនឹងភាពជាក់ស្ដែងនៃប្រជាជននៅក្នុងប្រទេសអាស៊ាននេះ។ តាមរយៈការបង្កើននូវតួនាទីរបស់សមាជិកសភាវ័យក្មេង មិនគ្រាន់តែនៅក្នុងការធ្វើច្បាប់បញ្ញត្តិផ្សេងៗទៀតនោះទេ ក៏ប៉ុន្តែទាក់ទងទៅនឹងការពង្រឹងតួនាទីសភាវ័យក្មេង ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជនវ័យក្មេង ហើយក៏ដូចជាការភ្ជាប់នៅសភាវ័យក្មេងនៅតំបន់អាស៊ាននេះទៅបណ្តាសភាវ័យក្មេងនៅក្នុងតំបន់បណ្ដាប្រទេសផ្សេងៗ និងតំបន់ផ្សេងៗនៅក្នុងពិភពលោក។
សំណួរទី៥៖ ជារួមកិច្ចប្រជុំមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ពេលនេះ យើងឃើញថាបានបញ្ចប់ដោយជោគជ័យ និងជាមួយលទ្ធផលផ្លែផ្កាជាច្រើនផងដែរ។ តើការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ អាយប៉ាលើកទី៤៣នេះ កម្ពុជាទទួលបាននូវផលប្រយោជន៍ ឬក៏ផលចំណេញអ្វីខ្លះសម្រាប់ជាតិរបស់យើង?
ជារួម យើងឃើញថាកិច្ចប្រជុំ ឬយើងហៅថាមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣នេះបានបញ្ចប់ទៅដោយជោគជ័យគួរជាមោទនភាព ហើយខ្ញុំបានរៀបរាប់ត្រួសៗនូវលទ្ធផលដែលយើងទទួលបានកន្លងមក។ លើសពីនេះទៀត ក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ានលើកទី៤៣នេះ កម្ពុជាបានបញ្ជាក់នូវតួនាទីដ៏សំខាន់របស់កម្ពុជានៅក្នុងតំបន់មេគង្គ តំបន់អាស៊ាន ក៏ដូចជាតួនាទីនៅក្នុងការជំរុញក្បាលម៉ាស៊ីនដឹកនាំអន្តរជាតិ ក្នុងក្របខ័ណ្ឌរបស់អង្គការសហប្រជាជាតិ ក៏ដូចជាឆ្លើយតបទៅនឹងការបំពេញតួនាទីរបស់ខ្លួនជាសមាជិកមួយដើរតួនាទីសំខាន់នៅក្នុងប្រព័ន្ធពហុភាគីនិយម ហើយយើងឃើញថាកម្ពុជាបានបំពេញតួសម្រាប់ជាសមាជិករបស់អាស៊ានផង សម្រាប់ជាសមាជិកមួយរបស់អង្គការសហប្រជាជាតិផង បញ្ជាក់អំពីតួនាទីរបស់ខ្លួននៅក្នុងការផ្សារភ្ជាប់ទៅនឹងបណ្ដាប្រទេសផ្សេងៗទៀត ហើយលើសពីនេះទៅទៀត សម្រាប់កម្ពុជាជាមហាកិត្តិយសដែលយើងបានរៀបចំកម្មវិធីអាយប៉ាលើកទី៤៣នេះ ដែលមានសមាសភាពសមាជិកចូលរួមមកពីបណ្ដាប្រទេសអាស៊ានផង និងប្រទេស១៦ទៀត រួមទាំងអង្គការក្នុងស្រុក និងអង្គការក្រៅស្រុកប្រមាណ១០ទៀត ហើយចំនួនសមាសភាពអ្នកចូលរួមលើកនេះ គឺមានចំនួនច្រើនជាងកិច្ចប្រជុំមហាសន្និបាតអាយប៉ាលើកណាទាំងអស់ ក្នុងទន្ទឹមពេលដែលពិភពលោកកំពុងប្រឈមទៅនឹងវិបត្តិកូវីដ១៩ ក៏ដូចជាវិបត្តិនៃជម្លោះផ្សេងៗនៅលើពិភពលោកដែលបង្កឱ្យមានការអាក់ខាន និងការធ្លាក់ចុះនៃខ្សែចង្វាក់ផលិតកម្ម និងការកើនឡើងនៃបញ្ហាប្រឈមនៃថ្លៃប្រេងឥន្ធនៈ និងម្ហូបអាហារផ្សេងៗទៀត។
លើសពីនោះទេ កម្ពុជាបានបង្កលក្ខណៈងាយស្រួលដល់ប្រទេសដែលជាសមាជិកផងនៅក្នុងអាស៊ាន និងប្រទេសដែលមកពីបណ្ដាប្រទេសផ្សេងៗក្នុងនាមជាសមាជិកសភាសង្កេតការណ៍នោះ ឱ្យបានជួបប្រជុំគ្នាជារូបភាពទ្វេភាគីនិងពហុភាគីផ្សេងៗ។ ចំណុចចុងក្រោយ គឺការបញ្ជាក់អំពីតួនាទីរបស់កម្ពុជាក្នុងការលើកកម្ពស់នូវតម្លៃរួមរបស់អាស៊ាន គឺមជ្ឈិមភាពរបស់អាស៊ាន និងអំពីឯកភាពរួមរបស់អាស៊ាន នៅក្នុងទន្ទឹមពេលដែលអាស៊ានកំពុងនៅមានភាពផ្សេងៗគ្នា មានភាពចម្រុះផ្សេងៗគ្នា ហើយបានបង្ហាញនូវគុណតម្លៃ ដែលកម្ពុជាបានកសាងតាមរយៈស្មារតីនៃការទុកចិត្តខ្ពស់នៅក្នុងពេលដែលកម្ពុជាធ្វើជាប្រធានម្ចាស់ផ្ទះ។ លើសពីនេះទៀត គឺបញ្ជាក់ថាកម្ពុជាយើងមានសមត្ថភាពគ្រប់គ្រាន់នៅក្នុងការរៀបចំកិច្ចប្រជុំថ្នាក់អន្តរជាតិនេះផង ក៏ដូចជាមានសមត្ថភាពក្នុងការដាក់ចេញឯកសារគន្លឹះផ្សេងៗតាមរយៈការធ្វើសេចក្តីពង្រាង ដែលមានលក្ខណៈខ្លឹមសារសម្រាប់ជាតិ សម្រាប់តំបន់ និងអន្តរជាតិ ក៏ដូចជាសកលលោករួមឆ្លើយតបទៅនឹងបញ្ហាប្រឈមនៅលើពិភពលោក។
**********
វាគ្មិនកិត្តិយស៖ លោកបណ្ឌិត ឆេង គីមឡុង អនុប្រធានប្រតិបត្តិនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI)
អ្នកសម្របសម្រួល៖ លោក ទន់ លីណាសុផាឬទ្ធិ