គ.ជ.ប នឹងជួបជាមួយភាគីពាក់ព័ន្ធ ដើម្បីប្រកាសពីការបិទ បញ្ចប់ដំណើរការចុះឈោ្មះ និងពិនិត្យឈ្មោះបោះឆ្នោត នៅថ្ងៃទី៨ ខែធ្នូ ខាងមុខ

ភ្នំពេញ៖​ អគ្គលេខាធិការដា្ឋននៃគណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត (គ.ជ.ប.) នឹងកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគី ពាក់ព័ន្ធនៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ ស្ដីពីការ ប្រកាសបិទបញ្ចប់ដំណើរការចុះឈោ្មះបោះឆ្នោតតាមឃុំ សង្កាត់ ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី២០ ខែតុលានៅតាម សាលាឃុំ សង្កាត់ និងនៅតាមភូមិមួយចំនួនក្នុងឃុំ សង្កាត់ ទូទាំង ប្រទេស។

កិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ នៅពេលខាងមុខនេះ នឹងធ្វើការប្រកាសបិទបញ្ចប់ដំណើរការចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់, លទ្ធផលបណ្តោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត, ការបញ្ជូនលទ្ធផលបណ្តោះ អាសន្ននៃការពិនិត្យបញ្ជីឈ្មោះ បោះឆ្នោតមក គ.ជ.ប, បណ្តឹង ទាក់ទងទៅនឹងការចុះឈ្មោះបោះឆ្នោត រួមនឹងការរៀបចំបញ្ជី បោះឆ្នោតដំបូងផងដែរ។

ឯកឧត្តម សោម សូរីដា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យ គ.ជ.ប បានប្រាប់ឱ្យដឹងថា ការចុះឈ្មោះ និងពិនិត្យឈ្មោះ បោះឆ្នោត មកដល់ថ្ងៃទី៥ ខែធ្នូ មានរយៈពេល៤៧ថ្ងៃហើយ ហើយក្នុងអំឡុងពេលនៃដំណើរការការងារនេះ មិនមាន បាតុភាព ឬបញ្ហាអ្វីកើតមានឡើង ដែលធ្វើឱ្យរាំងស្ទះ ដល់ដំណើរការនេះឡើយ។

យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឱ្យដឹងថា គិតត្រឹមថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២ ប្រជាពលរដ្ឋដែលបានចុះឈ្មោះឆ្នោតថ្មីមានជាង៥៤ម៉ឺននាក់ ដែលចំនួននេះមានការកើនឡើងជាង១៤ម៉ឺននាក់ បើប្រៀប ធៀបជាមួយនឹងចំនួនប្រជាពលរដ្ឋដែលគ.ជ.ប ធ្វើការប៉ាន់ ស្មាន។

ឯកឧត្តម សោម សូរីដា មានប្រសាសន៍ថា ៖ «គ.ជ.ប មានការកត់សម្គាល់ឃើញថា ប្រជាពលរដ្ឋខ្មែរ បានចូលរួម យ៉ាងច្រើនក្នុងការចុះឈ្មោះបោះឆ្នោត ជាពិសេសគឺការត្រៀម ខ្លួនដើម្បីបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ»។
អ្នកនាំពាក្យគ.ជ.ប រូបនេះ ក៏បានអំពាវនាវទៅដល់ប្រជាពលរដ្ឋ ដែលមិនទាន់បានចុះឈ្មោះបោះឆ្នោត ត្រូវរួសរាន់ទៅចុះ ឈ្មោះឱ្យបានគ្រប់ៗគ្នា ដោយសារដើម្បីអាចបោះឆ្នោតបាន ប្រជាពលរដ្ឋត្រូវមានឈ្មោះនៅក្នុងបញ្ជីឈ្មោះបោះឆ្នោត និងមានអត្តសញ្ញាណបត្រសញ្ញាណខ្មែរ។

លោកថា ៖ «យើងនៅសល់រយៈពេលតែបួនថ្ងៃទៀតទេ ដោយរាប់ពីថ្ងៃទី៥ ខែធ្នូនេះ ហើយការបិទបញ្ចប់ការចុះឈ្មោះ និងពិនិត្យឈ្មោះបោះឆ្នោតនេះនឹងផុតនៅថ្ងៃទី៨ ខែធ្នូ ខាងមុខនេះ»។
មន្រ្តីគ.ជ.ប រូបនេះធ្លាប់បានប្រាប់នាពេលកន្លងមកថា គ.ជ.បនឹងមិនមានការពន្យារពេល ឬបន្ថែមថ្ងៃសម្រាប់ការ ចុះឈ្មោះនិងពិនិត្យបញ្ជីឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ឡើយ ប្រសិនបើមានប្រជាពលរដ្ឋណាដែលខកខាន ឬយឺតយ៉ាវ ក្នុងការមកចុះឈ្មោះបោះឆ្នោតតាមកាលកំណត់របស់គណៈកម្មាធិការនេះ។

សូមបញ្ជាក់ថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះ បោះឆ្នោត ឆ្នាំ២០២២ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ គិតទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។
ប្រជាពលរដ្ឋដែលទើបគ្រប់អាយុ ១៨ឆ្នាំ គិតដល់ថ្ងៃបោះ ឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ គឺអ្នកដែលកើតមុន ឬត្រឹមថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០០៥ ប្រជាពលរដ្ឋដែលមិនធ្លាប់ចុះឈ្មោះបោះឆ្នោតពីមុនមក និងប្រជាពលរដ្ឋដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ ចូលក្នុងឃុំ សង្កាត់ថ្មី អញ្ជើញទៅចុះឈ្មោះបោះឆ្នោតឱ្យ បានគ្រប់ៗគ្នា៕
ដោយ៖នាង សុគន្ធា

ads banner