អាជ្ញាធរជាតិព្រះវិហារ និងសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា បានធ្វើព្យុះហយាត្រារួមគ្នា ដើម្បីផ្សព្វផ្សាយបេតិកភណ្ឌ និងការទាក់ទាញភ្ញៀវទេសចរ មកទស្សនាខេត្តព្រះវិហារឲ្យកាន់តែការកើនឡើង
ខេត្តព្រះវិហារ ៖ អាជ្ញាធរជាតិព្រះវិហារ និងសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក ប្រចាំកម្ពុជា (PATACC) សមាគមទេសចរណ៍ប្រទេសថៃ និងក្រុមហ៊ុនទេសចរណ៍ ៥ប្រទេសទៀត បានរួមគ្នាធ្វើព្យុះហយាត្រា ដើម្បីផ្សព្វផ្សាយបេតិកភណ្ឌ និងរួមចំណែកទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាលើកដំបូង មកទស្សនាប្រាសាទព្រះវិហារកាន់តែច្រើនឡើង ថែមទៀត។
ដំណើរព្យុះហយាត្រារួមគ្នា រវាងអាជ្ញាធរជាតិព្រះវិហារ និងសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក ប្រចាំកម្ពុជា (PATACC) បានធ្វើឡើងនៅថ្ងៃទី៤ធ្នូ ម្សិលមិញ ដោយដើរថ្មើរជើងលើចម្ងាយផ្លូវ ៧គីឡូម៉ែត្រ ចេញពីជើងភ្នំប្រាសាទព្រះវិហារ រហូតដល់គោបុរៈទី៤ នៃប្រាសាទព្រះវិហារ ដែលមានការចូលរួមពីភ្ញៀវទេសចរជាតិ និងអន្តរជាតិជិត ៣០០នាក់ ក្រោមការគាំទ្រពីក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអាជ្ញាធរមូលដ្ឋាន ផងដែរ។
សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក (PATA) ប្រចាំនៅកម្ពុជា លោក ធួន ស៊ីណាន ថ្លែងថា ការធ្វើព្យុះហយាត្រាក្នុងចំណោមអ្នកចូលរួម ភ្ញៀវជាតិ និងអន្តរជាតិជិត ៣០០នាក់ បានដើរថ្មើរជើង ចេញពីជើងភ្នំប្រាសាទព្រះវិហារ រហូតដល់គោបុរៈទី៤ នៃប្រាសាទព្រះវិហារ នាពេលនេះ គឺធ្វើឡើងក្នុងគោលបំណង ដើម្បីពង្រឹងកិច្ចទំនាក់ទំនងសមាគម និងក្រុមហ៊ុននានាក្នុងវិស័យទេសចរណ៍នៅកម្ពុជា និងមកពីថៃ មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី អេស្ប៉ាញ និងប្រទេសនានាទៀត ដើម្បីផ្សព្វផ្សាយគោលដៅទេសចរណ៍ខេត្តព្រះវិហារ និងការរៀបចំកញ្ចប់ទេសចរណ៍ មកទស្សនាខេត្តព្រះវិហារឲ្យមានកំណើនឡើងវិញ។
អ្នកចូលរួមព្យុះហយាត្រា ឡើងភ្នំប្រាសាទព្រះវិហារនៅកម្ពុជា និងមកពីប្រទេសថៃ បានថ្លែងថា នៅក្រោយការរៀបចំព្រឹត្តិការណ៍ព្យុះហយាត្រា ដើម្បីបេតិកភណ្ឌនេះ គឺនឹងរួមគ្នាខិតខំព្យាយាមផ្សព្វផ្សាយ ទេសចរជាតិ អន្តរជាតិ មកទស្សនាប្រាសាទព្រះវិហារ និងប្រាសាទបុរាណ នានាទៀតនៅកម្ពុជា ឲ្យមានចំនួនកើនឡើងថែមទៀត។
អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ លោក គង់ ពុទ្ធិការ បានថ្លែងថា នេះជាលើកដំបូងហើយ ដែលប្រាសាទព្រះវិហារ បានទទួលកម្មវិធីព្យុះហយាត្រា ដើរថ្មើរជើងឡើងទៅកាន់ប្រាសាទព្រះវិហារ តាមរយៈព្រឹត្តិការណ៍នេះ នឹងទាញបាននូវអត្ថប្រយោជន៍ជាច្រើន ជាពិសេស ការផ្សព្វផ្សាយគោលដៅទេសចរណ៍ប្រាសាទព្រះ វិហារ មកទស្សនាកាន់តែច្រើន។
ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះវិហារ លោក គង់ វិបុល បានបញ្ជាក់ថា ក្នុងរយៈពេល ១០ខែ ឆ្នាំ២០២២នេះ ខេត្តព្រះវិហារ មានភ្ញៀវទេសចរក្នុងស្រុកទៅទស្សនាជិត ៣០ម៉ឺននាក់ ចំណែក ភ្ញៀវអន្តរជាតិ មកទស្សនាមានប្រមាណ ៦ពាន់នាក់ តែប៉ុណ្ណោះ ៕ ដោយ៖ឡុង សំបូរ