CamDX ទទួលបានជ័យលាភីនៃពានរង្វាន់ការសម្របខ្លួនប្រើប្រាស់បច្ចេកវិទ្យាបើកចំហកូដប្រចាំឆ្នាំ២០២២
ភ្នំពេញ៖ ថ្នាលផ្លាស់ប្ដូរទិន្នន័យកម្ពុជា ដែលហៅកាត់ថា CamDX បានទទួលជ័យលាភីនៃពានរង្វាន់ការសម្របខ្លួនប្រើប្រាស់បច្ចេកវិទ្យាបើកចំហកូដប្រចាំឆ្នាំ (Open Source Adaptation of the Year) ២០២២ ពី Future of Government Awards (ពានរង្វាន់អនាគតនៃរដ្ឋាភិបាល) ដែលជាកិច្ចសហការគាំទ្ររវាងវិទ្យាស្ថាន AWS (Amazon Web Services), អង្គការ UNDP (United Nation Development Program) និងបណ្តាញសាកលសម្រាប់រដ្ឋាភិបាល Apolitical។
នេះគឺជាពានរង្វាន់អន្តរជាតិទី ១ ដែលកម្ពុជាទទួលបានសម្រាប់ថ្នាល CamDX បន្ទាប់ពីរាជរដ្ឋាភិបាលបានដាក់ថ្នាលនេះ ឱ្យដំណើរការបានរយៈពេលជាង ២ឆ្នាំកន្លងមក។ ពានរង្វាន់អនាគតនៃរដ្ឋាភិបាល គឺជាកម្មវិធីលើកទឹកចិត្តដល់ការធ្វើបរិវត្តកម្មឌីជីថលរបស់ រដ្ឋាភិបាលដើម្បីបង្កើនគុណភាពជីវិត និងការរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋ។
ពានរង្វាន់នេះ មានគោលបំណងសំដៅដល់ការលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាបើកចំហកូដ ក្នុងប្រព័ន្ធបច្ចេកវិទ្យារបស់រាជរដ្ឋាភិបាល ដែលជះផលជាវិជ្ជមានដល់សង្គមជាតិ តាមរយៈការផ្តល់សេវាសាធារណៈរបស់រាជរដ្ឋាភិបាលប្រកបដោយតម្លាភាព និងប្រសិទ្ធភាព។
សូមជម្រាបថា ក្នុងការទទួលបានជ័យលាភីខាងលើនេះ ថ្នាល CamDX របស់កម្ពុជាបានស្ថិតក្នុងចំណោមគម្រោង ១០ មកពីប្រទេសចំនួន ៨ ដែលបានសម្រាំងរួច (Shortlisted) រួមមាន កាណាដា, ចក្រភពអង់គ្លេស, អាហ្វ្រិកខាងត្បូង, ប៉ាគីស្ថាន, ហ្គីនេបីសោវ (Guinea-Bissau), អាហ្សង់ទីន, ហ្វីលីពីន និង សាធារណរដ្ឋបេនីន (Benin)។
ការវាយតម្លៃត្រូវឆ្លងកាត់ការដាក់ពិន្ទុរបស់គណៈកម្មការចំនួន ១៧រូបមកពីប្រទេសផ្សេងៗគ្នា និងមានបទពិសោធន៍ក្នុងការងាររដ្ឋាភិបាល និងបច្ចេកវិទ្យាជាច្រើនឆ្នាំ។ ការទទួលបានជ័យលាភី តាមរយៈការឆ្លងកាត់ការវាយតម្លៃដ៏ម៉ត់ចត់នេះ ជាមោទនភាពដ៏ធំធេងរបស់កម្ពុជា ជាពិសេសក្នុងដំណើររបស់កម្ពុជា ក្នុងការចាប់យកបច្ចេកវិទ្យាឌីជីថលជារបៀបវារៈនៃការអភិវឌ្ឍរបស់ជាតិ តាមរយៈការដាក់ចេញនូវក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥៕ ដោយ៖ ទីណា