ឪពុកម្តាយមកលើកទឹកចិត្ត និងព្រួយបារម្ភកូនប្រឡងបាក់ឌុបតាមមណ្ឌលប្រឡងជាច្រើនទាំងរាជធានីភ្នំពេញនិងបណ្តាខេត្ត
ភ្នំពេញ៖ នៅតាមមណ្ឌលប្រឡងជាច្រើនមិនថា ជារាជធានីភ្នំពេញ ឬបណ្តាខេត្តទេ នៅថ្ងៃប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅថាបាក់ឌុប ស្ទើរជារៀងរាល់ឆ្នាំគេឃើញឪពុកម្តាយ ឬខ្លះជាញាតិមិត្តបងប្អូនតែងនាំគ្នាមកឈរក្បែររបងសាលា និងខ្លះខ្ចប់បាយទឹកមកទុកឱ្យកូនៗក្នុងថ្ងៃប្រឡងដែលបង្ហាញពីទឹកចិត្តឪពុកម្តាយ និងក៏ដូចជាការព្រួយបារម្ភពីកូនៗរបស់ពួកគាត់។
នៅក្នុងការប្រឡងសញ្ញាបត្របាក់ឌុប នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ ២០២២ដែលជាថ្ងៃដំណើរការប្រឡងដំបូង ដូចសព្វមួយដងឪពុកម្តាយ និងញាតិមិត្តបងប្អូនស្ទើរគ្រប់មណ្ឌលប្រឡងគេឃើញមកអង្គុយរង់ចាំកូនៗដោយក្នុងចំណោមនេះពួកគាត់ប្រាប់ថាមកលើកទឹកចិត្តកូនៗនិងខ្លះថាមកដើម្បីកុំឱ្យកូនភ័យព្រួយបារម្ភ ហើយអ្នកខ្លះទៀតប្រាប់ថាមកជួយកូនក្រែងខ្វះបាយទឹកក្នុងថ្ងៃប្រឡងដ៏សំខាន់មួយនេះ។
គួរបញ្ជាក់ថា តាមមណ្ឌលប្រឡងក្នុងរាជធានីភ្នំពេញ ឪពុកម្តាយដែលមានកូនមករៀននៅភ្នំពេញតែងនាំគ្នាឡើងមកពីស្រុកកំណើតជាមួយនឹងការខ្ចប់ចំណីំចំណុកដើម្បីផ្គត់ផ្គង់កូនៗរបស់ពួកគាត់កុំឱ្យខ្វះខាតក្នុងពេលប្រឡង និងក៏ដូចជាប្រការ ការពារកុំឱ្យជួបបញ្ហាសុខភាពក្នុងថ្ងៃប្រឡងផង។
កំពុងឈរនៅខាងមុខវិទ្យាល័យទូលទំពូង លោក ណូយវ៉ាន់ណាត មកពីតំបន់កួរស្រូវ២ ស្ថិតនៅក្នុងខណ្ដដង្កោ រាជធានីភ្នំពេញបានឱ្យដឹងថា៖”ខ្ញុំមកតាំងតែពីព្រឹកមកដើម្បីលើកទឹកចិត្តកូនឱ្យគាត់មានកម្លាំងចិត្ត ។កូនខ្ញុំគាត់ខំរៀន ហើយរៀនបានពូកែដែរតែខ្ញុំមកនេះដើម្បីលើកទឹកចិត្ត កុំឱ្យកូនព្រួយបារម្ភ “។
ក្នុងការឈរតាំងតែពីព្រឹកព្រឹកព្រលឹមរហូតដល់រសៀលថ្ងៃទី ០៥ ខែ ធ្នូ ឆ្នាំ ២០២២ លោក ណូយ វ៉ាន់ណាត បានប្រាប់ឱ្យដឹងដែរថា៖”វាជាធម្មតាកូនៗរបស់យើងនរណាក៏ព្រួយបារម្ភដែរ ហើយកូនខ្ញុំបានខំរៀនណាស់ ហេតុនេះបើគាត់ប្រឡងធ្លាក់ទៀតក៏ខ្ញុំអស់ចិត្តដែរ ខ្ញុំមិនបន្ទោសកូនទេ។ថ្ងៃនេះមកមើលថែទាំកូនក្រែងខ្វះខាត ឬជួបបញ្ហាអ្វីមួយយើងបានជួយគាត់”។
ដោយឡែកអ្នកស្រី គង់បូផា ដែលកំពុងឈរអើតមើលកូនពីរបងនៅវិទ្យាល័យជាស៊ីមសាមគ្គីបានបញ្ជាក់ប្រាប់ឱ្យដឹងថា៖”ខ្ញុំមកពីខេត្តព្រៃវែងមកគឺខ្ញុំភ័យណាស់ ភ័យជំនួសកូន។ខ្លាចប្រឡងធ្លាក់ព្រោះថាបើប្រឡងធ្លាក់នឹងជួបការលំបាក មិនអាចមានការងារល្អៗធ្វើនឹងគេ”។
ស្រ្តីដែលជាកសិករមកពីខេត្ត ហើយមានកូនរៀននៅភ្នំពេញរូបនេះបានប្រាប់ទៀតថា៖”ខ្ញុំមកចោលការងារនៅផ្ទះសម្បែងសិនព្រោះមកលើកទឺកចិត្តកូន មកជួយកម្លាំងចិត្ត ពីព្រោះថាថ្ងៃនេះគឺថ្ងៃសំខាន់ក្នុងជីវិតកូន ហើយបើថ្ងៃនេះមិនមកជួយមើលថែកូនទៀតគឺមិនសមសោះឡើយ”។
ស្រ្តីឈ្មោះ នីចាន់ថា កំពុងអង្គុយនៅក្បែររបងសាលាអនុវត្តរាជធានីភ្នំពេញដែលជាមណ្ឌលប្រឡងមួយទៀតបានប្រាប់ថា៖គាត់បានងើបភ្ញាក់តាំងតែម៉ោង ៤ទាបភ្លឺដើម្បីរៀបចំចំណីអាហារទុកឱ្យកូនមកប្រឡង។គាត់នៅរាជធានីភ្នំពេញនេះដែរតែដើម្បីលើកទឹកចិត្តកូនគាត់សុខចិត្តមិនទៅផ្ទះទេ ចាំមើលកូន គាត់ព្រួយបារម្ភខ្លាចកូនមានបញ្ហាដោយប្រការណាមួយពិសេសបញ្ហាសុខភាពតែម្តង។
ស្រ្តីរូបនេះបានប្រាប់ឱ្យដឹងបន្ថែមថា” ខ្ញុំភ័យជាងកូនទៅទៀត។បើកូនធ្លាក់គឺពិតជាជួបបញ្ហាលំបាករបស់គ្នាទៅថ្ងៃក្រោយ។ ហេតុនេះខ្ញុំមកជួយលើកទឹកចិត្តឱ្យកូនមានកម្លាំងចិត្តដើម្បីបានប្រឡងជាប់ហ្នឹងគេ”។
គួរបញ្ជាក់ថាក្នុងទំព័រហ្វេសប៊ុករបស់ក្រសួងអប់រំនៅថ្ងៃដដែលនេះក៏បានបង្ហោះពីរូបភាពឪពុកម្តាយជាច្រើនសន្លឹកពីការឈររង់ចាំកូននៅក្បែររបងមណ្ឌលប្រឡង។រូបភាពខ្លះបង្ហាញពីឪពុកបញ្ចុកបាយកូន ឪពុកម្តាយបរិភោគបាយជាមួយកូនក្រោមដើមឈើ និងខ្លះទៀតសំណេះសំណាលជាមួយកូនក្នុងម៉ោងសម្រាកថ្ងៃត្រង់ទៀតផង ៕ ដោយ ៖ ម៉ាដេប៉ូ