អាជ្ញាធរមីនកម្ពុជា ជំរុញឱ្យប្រតិបត្តិករពន្លឿនល្បឿន នៃការ បោសសម្អាតមីនឱ្យបានមួយឆ្នាំយ៉ាងតិចចន្លោះពី ២០០ទៅ ៣០០ គីឡូម៉ែត្រក្រឡាដើម្បីសម្រេចបានគោលដៅកម្ពុជា គ្មានមីន នៅឆ្នាំ ២០២៥

ភ្នំពេញ៖​ មន្រ្តីជាន់ខ្ពស់នៃអាជ្ញាធរមីនកម្ពុជាបានស្នើដល់​ប្រតិបត្តិករទាំងអស់លើកកម្ពស់និងប្រសិទ្ធភាពការងាររបស់ខ្លួនក្នុងពន្លឿនល្បឿននៃការបោសសម្អាតមីនឱ្យបានមួយឆ្នាំយ៉ាងតិចចន្លោះពី ២០០ទៅ ៣០០ គីឡូម៉ែត្រក្រឡា ដើម្បីឈាន​ដល់​​ការសម្រេចបានគោលដៅកម្ពុជាគ្មានមីន នៅឆ្នាំ ២០២៥។
ការជំរុញនេះបានធ្វើឡើងនៅក្នុងអំឡុងពេលនៃបើកកិច្ចប្រជុំរវាងអាជ្ញាធមីនកម្ពុជា ជាមួយនឹងភាគីពាក់ព័ន្ធស្តីពីផែនការ​បោស​សំអាតមីនគាំទ្រដោយមូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥ នៅ​ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ ដើម្បីដាក់ទិសដៅឱ្យទទួលបាន​ជោគជ័យ។
អនុប្រធានទី១ អាជ្ញាធរមីន ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងថា បច្ចុប្បន្ននេះ មានប្រជាជនកម្ពុជាជាង ១,១លាននាក់ ដែលកំពុងរស់នៅក្នុងសហគមន៍មូលដ្ឋាន ក្រោមការគំរាមកំហែងដ៏ធ្ងន់ធ្ងរពីសំណល់ដែលសល់ពីជំនាន់សង្គ្រាម។ បន្ទាប់ពីទទួលបានកញ្ចប់ថវិកាបន្ថែមពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបោសសម្អាតមីនឱ្យមានប្រសិទ្ធភាព អាជ្ញាធរមីននិង​ដៃគូពាក់ព័ន្ធ នឹងខិតខំជំរុញបន្ថែមលើការងារនេះ។
លោកបានគូសបញ្ជាក់ថា តាមរយៈកិច្ចប្រជុំនាពេលនេះ គឺបានសម្រេចអនុម័តសម្រេចជាខ្លឹមសារមួយចំនួន រួមមាន ពង្រឹងកិច្ចការងារបោសសម្អាតមីនឱ្យមានប្រសិទ្ធភាពកាន់តែខ្ពស់ និងមានល្បឿនលឿនជាងមុន ព្រោះនៅឆ្នាំ ២០២៥ កម្ពុជានៅមានចម្ការមីន ៧០៥ គីឡូម៉ែត្រក្រឡា (ប្រហែល​ភូមិសាស្រ្តភ្នំពេញទាំងមូល)។

ឯកឧត្តម លី ធុជ មានប្រសាសន៍ថា ៖ «ការឯកភាពនោះ ស្នើសុំឱ្យប្រតិបត្តិករទាំងអស់ លើកកម្ពស់ និងប្រសិទ្ធភាព​ការងាររបស់ខ្លួន និងពន្លឿនល្បឿននៃការបោសសម្អាត ដោយត្រូវបោសសម្អាតឱ្យបានមួយឆ្នាំយ៉ាងតិច ២៦៥ គីឡូម៉ែត្រក្រឡា ឬជាង ៣០០ គីឡូម៉ែត្រក្រឡា ដើម្បីទទួលជោគជ័យនៅឆ្នាំ ២០២៥ កម្ពុជាគ្មានមីន»។
ឆ្លៀតឱកាសនោះ ឯកឧត្តមក៏បានស្នើសុំឱ្យអង្គភាព​ពាក់ព័ន្ធទាំងអស់ប្រតិបត្តិករជាតិ លើកកម្ពស់ពីសន្តិសុខ​សុវត្ថិភាពចំពោះអ្នកសម្អាតមីន ដើម្បីធានាដល់អ្នកដោះមីន គ្មានគ្រោះថ្នាក់ដោយសារការងារនេះផងដែរ។

ឯកឧត្តម លី ធុជ បានថ្លែងថា ៖ «យើងនឹងរៀបចំផែនទី​ចម្ការមីនចែកជូនប្រតិបត្តិការទាំងអស់ ដើម្បីបោសសម្អាត ដោយមិនឱ្យជាន់គ្នាជាមួយនឹងចម្ការមីនដែលយើងបានកំពុងធ្វើប្រើធនធានពីប្រទេសជាមិត្ត ពីសហគមន៍ផ្តល់ជំនួយដៃ​គូអភិវឌ្ឍន៍។ អ៊ីចឹង ការចូលរបស់សម្តេច ជាថ្មីម្តងទៀតក្នុង​ការងារបោសសម្អាតមីន ចំនួន៣០លានដុល្លារ ដែលមូលនិធិ​នេះគឺ ជាការចូលរួមដ៏សំខាន់ចំពោះការសង្គ្រោះ​អាយុវជីវិតនៃ​ប្រជាជនរបស់យើង និងផ្តល់ដីសុវត្ថិភាពជូនប្រជាជនដើម្បី​ធ្វើស្រែចម្ការ» ។

ក្នុងនាមអាជ្ញាធរមីន នៅតែទទូចបន្តស្នើសុំឱ្យប្រទេសជា​មិត្តសហគមន៍ផ្តល់ជំនួយបន្តជួយកម្ពុជា ដើម្បីឈាន​ទៅដល់​បញ្ចប់ជោគជ័យ។

ឯកឧត្តមបន្តថា ៖ «ម្ចាស់ជំនួយបានចូលរួមជាមួយយើង​ជាច្រើនឆ្នាំ ទសវត្សមកហើយ ក៏ប៉ុន្តែការចូលរួមរបស់រាជ​រដ្ឋាភិបាលពេលនេះ មិនមែនមានន័យថា ឱ្យម្ចាស់ជំនួយ​មិនបន្តផ្តល់ឱ្យយើងនោះទេ ដូច្នេះយើងនៅតែទទូចផ្តល់ជំនួយ​បន្ថែមនូវការចូលរួមវិភាគទានរបស់គាត់ដើម្បីយើងអាចបញ្ចប់រួមគ្នាបាន»។

ការងារបន្ទាប់ គឺត្រូវការបណ្តុះបណ្តាលកម្លាំងបន្ថែម ខណៈ​កងទ័ពមានជាងមួយ ពាន់នាក់បានទទួល​បានការប​ណ្តុះ​បណ្តាល ហើយអាជ្ញាធរមីននឹងទិញសម្ភារៈទំនើបៗដើម្បី​បំពាក់ដល់កងទ័ពរបស់។

លោកថា ៖ « ខ្ញុំយល់ថាកងទ័ពយើងមិនអាចចុះទៅចម្ការមីន​ដោយ​ប្រើសម្ភារៈដែលចាស់ពេក ឬក៏មិនមានប្រសិទ្ធភាពខ្ពស់​ដែលអាចប៉ះពាល់ដល់អាយុវជីវិត ដូច្នេះយើងត្រូវតែរក​លទ្ធភាព​​ដើម្បី ទទួលបាននូវសម្ភារៈទំនើប ទាន់ពេលវេលា និងសភាពការណ៍ដើម្បីដំណើរការវែងឆ្ងាយទៅមុខទៀត ព្រោះការងារសម្អាតមីន មិនមែនចប់ត្រឹមឆ្នាំ ២០២៥ នោះទេ»។
នាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) ឯកឧត្តម ហេង រតនា បានលើកឡើងថា ការសម្រេចបង្កើត​មូលនិធិសម្រាប់ទ្រទ្រង់សកម្មភាពបោសសំអាតគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ ដែលមានឈ្មោះថា «មូលនិធិ​កម្ពុជា​គ្មានគ្រាប់មីនឆ្នាំ២០២៥» នឹងជួយសម្រួលដល់ការងារ​បោសសម្អាតមីននៅកម្ពុជាបន្ថែមទៀត។

លោកបានថ្លែងថា ៖ «តាងនាមប្រតិបត្តិករជំនាញក៏ដូច​ជាប្រជាពលរដ្ឋកម្ពុជាទាំងអស់ដែលទទួលរងការគំរាមកំហែងដោយសារគ្រាប់មីន និងយុទ្ធភណ្ឌសង្គ្រាម សូមសំដែងនូវ​ការដឹងគុណជាអនេគចំពោះស្មារតីយកចិត្តទុកបំផុតរបស់សម្តេចតេជោ ក្នុងបុព្វហេតុសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ និង​រំដោះទឹកដីសុវណ្ណភូមិនេះរួចចាកផុតពីគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះជាមរតកសង្គ្រាម ដោយប្រែក្លាយទឹកដីនៃព្រះរាជាណា​ចក្រដ៍កំសត់នេះប្រកបដោយក្តីសុខក្សេមក្សាន្តតរៀងទៅ»។
បើតាម ឯកឧត្តម លី ធុជ ការបោសសម្អាតមីនឱ្យអស់​នៅត្រឹម​ឆ្នាំ ២០២៥ ពុំមានន័យថា កម្ពុជាមានសុវត្ថិភាទាំងស្រុងនោះ​ទេ ពោលនៅមានប្រភេទគ្រាប់បែកផ្សេងទៀតដែលត្រូវបន្ត​បោសសម្អាត។
ឯកឧត្តមបានបញ្ជាក់ថា ៖ «ឆ្នាំ២០២៥ និយាយពីរឿងមីន ដែលមានផ្ទៃដី ៧០៥ គីឡូម៉ែត្រក្រឡា ប៉ុន្តែយើងនៅមាន ៧០០គីឡូម៉ែត្រក្រឡា ទៀតដែលជាគ្រាប់បែកចង្កោម យើងមាន ៦០០គីឡូម៉ែត្រក្រឡាទៀតដែលជាគ្រាប់ទូទៅ។ អ៊ីចឹង! បូកមកនៅសល់ជាងមួយពាន់គីឡូម៉ែត្រក្រឡាទៀត។ ប៉ុន្តែយើងផ្តោតសំខាន់លើបោសសម្អាតមីន ៧០៥គីឡូម៉ែត្រ​សិន ព្រោះមីនធ្វើឱ្យយើងស្លាប់ច្រើនជាងគេ ព្រោះមីនគ្រោះ​ថ្នាក់ណាស់»៕
ដោយ៖​ ឡាយ សាមាន

ads banner