ក្រសួងកសិកម្ម កំពុងពង្រីកការនាំចេញផលិផលកសិកម្ម មួយចំនួនពីកម្ពុជាទៅកាន់ទីផ្សារអាមេរិក និងជប៉ុន

អត្ថបទដោយ៖
CPA

ភ្នំពេញ៖​ ដើម្បីពង្រឹងលើកស្ទួយផលិតកម្ម និងផ្គត់ផ្គង់តម្រូវការ ក្នុងស្រុក និងការនាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារ អន្តរជាតិ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន កំពុងជំរុញ និងពង្រីក ដំណើរការនាំចេញផលិផលកសិកម្មមួយ ចំនួនពីកម្ពុជាទៅកាន់ទីផ្សារអាមេរិក និងជប៉ុនបន្ថែមទៀត។

ការជំរុញនេះ ត្រូវបានរដ្ឋមន្រ្តីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ឌិត ទីណា ធ្វើឡើងតាមរយៈជំនួបដាច់ដោយឡែកពី គ្នាចំនួនពីរ គឺជំនួបជាមួយសមាគមពាណិជ្ជកម្មអាមេរិក ក្រុម វិនិយោគអាមេរិក និងមួយទៀតជំនួបជាមួយលោក ម៉ាសាហ៊ីរ៉ូ មិកាមិ(Masahiro Mikami) ឯកអគ្គរាជទូតជប៉ុន មុនពេល លោកត្រូវបញ្ចប់អាណត្តិនៅកម្ពុជានាពេលដ៏ខ្លីខាងមុខ។

នៅក្នុងជំនួបជាមួយសមាគមពាណិជ្ជកម្មអាមេរិក ក្រុម វិនិយោគ អាមេរិក កាលពីថ្ងៃទី២ ខែធ្នូ ឯកឧត្តម ឌិត ទីណា បានឱ្យដឹងថាលោកបានពិភាក្សាអំពីការនាំចេញផលិតផលកសិកម្មមួយចំនួនពីកម្ពុជាទៅអាមេរិកដូចជា ផលិតផលទឹកត្រី បង្គារក្រៀម ដំណាប់ស្វាយ ចេក និងបន្លែស្រស់ជាដើម។
ឯកឧត្តមបន្តថា ៖ «ការចំណាប់អារម្មណ៍របស់ក្រុមអ្នក វិនិយោគ អាមេរិកមកលើផលិតផលកសិកម្មរបស់កម្ពុជា គឺជាការចាប់ផ្ដើមដ៏វិជ្ជមានមួយ ដើម្បីជំរុញវិស័យកសិកម្ម នៅកម្ពុជា សម្រាប់ផ្គត់ផ្គង់ដល់ការនាំចេញទៅកាន់ទី ផ្សារ អាមេរិក ដែលអាចនឹងសម្រេចទៅបានតាមរយៈកិច្ចសហការជា មួយអង្គភាពជំនាញ ដើម្បីធានាឱ្យបានទាំងបរិមាណ និង គុណភាព»។

តាមរយៈជំនួបជាមួយក្រុមវិនិយោគអាមេរិកនេះដែរ ឯកឧត្តម ឌិត ទីណា ក៏បានថ្លែងថា ៖ «ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរូបខ្ញុំផ្ទាល់ នឹងជួយសម្រួលដោះស្រាយនូវរាល់ បញ្ហាក្នុងដែនសមត្ថកិច្ចរបស់ក្រសួង ដើម្បីធ្វើយ៉ាងណាឱ្យ ក្រុមហ៊ុនអាចនាំចេញនូវផលិតផលកសិកម្ម និងចំណីអាហារ ពីកម្ពុជាទៅសហរដ្ឋអាមេរិក និងបណ្តាប្រទេសនានាបាន ប្រកបដោយ ជោគជ័យ»។

ដោយឡែក ក្នុងជំនួបជាមួយឯកអគ្គរាជទូតជប៉ុនវិញ រដ្ឋមន្រ្តី ក្រសួងកសិកម្មរូបនេះ ក៏បានលើកឡើងថា កម្ពុជានឹងបន្ត សហការជាមួយជប៉ុនអនុវត្តនូវគម្រោងដែលមានផលប្រយោជន៍ជួយគ្នាទៅវិញទៅមក។ ជាមួយគ្នានេះ ឯកឧត្តមមាន ប្រសាសន៍ ថា ក៏ស្នើសុំឱ្យភាគីជប៉ុនជួយជំរុញការវិ និយោគ ក្នុងការផលិតកសិផលប្រកបដោយគុណភាព និងស្តង់ដារ ជាពិសេសការវេចខ្ចប់ល្អ ដើម្បីឈានទៅធ្វើការនាំចេញទៅកាន់ ទីផ្សារប្រទេសជប៉ុនថែមទៀត។

ពាក់ព័ន្ធនឹងការជំរុញនេះដែរ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហាញពី ការគាំទ្រចំពោះការពង្រីកទីផ្សានាំចេញផលិតផលកសិកម្មកម្ពុជា ទៅកាន់ទីផ្សារក្រៅប្រទេសបន្ថែមទៀត ខណៈលោកក៏ បានស្នើឱ្យក្រសួងកសិកម្ម គួរខិតខំដោះស្រាយបញ្ហា ប្រឈម ផ្នែកទីផ្សារកសិកម្ម ដោយសារកសិករផលិតបានហើយតែ លក់ចេញបានតម្លៃទាប មិនរួចថ្លៃជី និងកម្លាំងពលកម្ម។
បញ្ហាទីផ្សារនេះ អ្នកសេដ្ឋកិច្ចរូបនេះ បានលើកឡើងថា ដោយសារកសិករ ខ្វះខាតចំណេះដឹងក្នុងការធ្វើកសិកម្ម។
លោកបានបន្តថា ៖ «វិស័យកសិកម្ម ការដាំដុះ មិនមែន មានតែនៅកម្ពុជានោះទេ ប្រទេសថៃ ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ក៏មានការដាំដុះដូចគ្នា។ ដូច្នេះការផ្គត់ផ្គង់មានការកើនឡើង តម្លៃនឹងធ្លាក់ចុះ»។

យោងតាមរបាយការណ៍ក្រសួងពាណិជ្ជកម្ម បានឱ្យថា គិតត្រឹម ៧ខែ ឆ្នាំ២០២២ ប្រទេសកម្ពុជានាំចេញមុខទំនិញនានា ទៅកាន់ទីផ្សារក្រៅប្រទេស មានតម្លៃទឹកប្រាក់ចំនួន ១៣ ៧៦៩ លានដុល្លារ កើនឡើង៣០.៧ភាគរយ បើធៀបនឹង រយៈពេលដូចគ្នា នៅឆ្នាំ២០២១ នៃចំនួន១០ ៥៣៧ លានដុល្លារ។ ចំណែកការនាំចូលសរុបវិញ មានទំហំទឹកប្រាក់ ចំនួន១៩,០៥ពាន់លានដុល្លារ កើនឡើង ១៥,៤ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ មានចំនួន ១៦ ៥១១លានដុល្លារ។

ក្នុងនោះក្រសួងពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា ប្រាំមួយខែ នៃឆ្នាំ២០២២ ទំហំពាណិជ្ជកម្មប្រទេសកម្ពុជា និងសហរដ្ឋ អាមេរិកមានចំនួនសរុប ៦.២ប៊ីលានដុល្លារអាមេរិក កើនឡើង ៦១.៥៤ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។
ចំណែកឯទំហំពាណិជ្ជកម្មទ្វេភាគីរវាង កម្ពុជា-ជប៉ុនវិញ នៅក្នុងឆ្នាំ២០២១ មានទំហំទឹកប្រាក់ប្រមាណជាង ១ ៧០០ លានដុល្លារអាម៉េរិក ក្នុងនោះកម្ពុជានាំចេញទៅជប៉ុនមាន ទំហំទឹកប្រាក់ប្រមាណជាង ១០៩៣ លានដុល្លារអាម៉េរិក ខណៈដែលជប៉ុននាំចូលមកកម្ពុជា មានទំហំទឹកប្រាក់ប្រមាណ ជាង ៦០៧លានដុល្លារម៉េរិក។

ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសជប៉ុនមានផលិតផលដូចជាសម្លៀកបំពាក់ ស្បែកជើង កាបូប និងផលិតផលផ្សេងៗ ទៀត។ នេះបើតាមរបាយការណ៍បន្ថែមពីក្រសួងពាណិជ្ជកម្ម កម្ពុជា។
ទន្ទឹមនេះក្រៅពីបានជំរុញការនាំចេញផលិផលកសិកម្ម កម្ពុជា ទៅកាន់ទីផ្សារប្រទេសទាំងពីរនេះ ក្រសួងកសិកម្ម ក៏បានជំរុញ និងលើកទឹកចិត្តឱ្យមានការវិនិយោគដោយផ្ទាល់ពីសំណាក់ក្រុមវិនិយោគិនអាមេរិក និងជប៉ុន ដែលមានរចនាសម្ព័ន្ធ និងខ្សែ ច្រវាក់សម្រាប់បម្រើដល់ការនាំចេញផលិតផលកម្ពុជាទៅកាន់ទីផ្សារប្រទេសទាំងពីរថែមទៀត ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ទ្វេភាគី៕
ដោយ៖បូរ ពេជ្រហ្សាលីន

ads banner