រាជរដ្ឋាភិបាលកម្ពុជា អង្គការយូនីសេហ្វ និងដៃគូពាក់ព័ន្ធ រួមគ្នាដោះស្រាយហានិភ័យបរិស្ថានមកលើសុខភាពកុមារ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា យូនីសេហ្វ និងដៃគូនានាបាន ចូលរួមសិក្ខាសាលាលើកទីមួយដើម្បីដោះស្រាយហានិភ័យបរិស្ថានមកលើសុខភាពដែលកំពុងកើនឡើងចំពោះកុមារ ដែល ហានិភ័យទាំងនោះមានដូចជា ការបំពុលខ្យល់ ការរងឥទ្ធិពល ពី កាកសំណល់ និងសម្ភារដែលមានជាតិពុល និងគ្រោះថ្នាក់ សុខភាពពីបរិស្ថាន ដែលបង្កឡើងដោយបម្រែបម្រួល អាកាស ធាតុ។

យោងតាមសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី៥ ខែធ្នូ របស់ អង្គការ យូនីសេហ្វប្រចាំកម្ពុជា បានឱ្យដឹងថា ក្រសួងចំនួន១៨ បានចូលរួមជាមួយដៃគូអភិវឌ្ឍន៍នានៅក្នុងសិក្ខាសាលាបច្ចេកទេសមួយ ដែលបានរៀបចំឡើងនៅក្នុងសប្ដាហ៍មុន នៅក្នុង ខេត្តកំពង់ចាម ក្រោមការគាំទ្រពីយូនីសេហ្វ។

គោលបំណងនៃសិក្ខាសាលានេះគឺដើម្បីចែករំលែកចំណេះដឹង និងផ្ដួចផ្ដើមឲ្យមានវិធានការដើម្បីឆ្លើយតបទៅនឹងហានិភ័យបរិស្ថានមកលើសុខភាពដែលកំពុងកើនឡើងចំពោះកុមារ ដែល ហានិភ័យទាំងនេះមានដូចជា ការបំពុលខ្យល់ ការរងឥទ្ធិពល ពីកាកសំណល់ និងសម្ភារដែលមានជាតិពុល និងគ្រោះថ្នាក់ សុខភាពពីបរិស្ថាន ដែលបង្កឡើងដោយបម្រែបម្រួលអាកាស ធាតុ។

ប្រធាននាយកដ្ឋានការពារសុខភាពនៃក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត កុល ហេរ៉ូ បានថ្លែងនាសិក្ខាសាលានេះថា បរិស្ថាននិងអាកាសធាតុ គឺជាបញ្ហាដ៏សំខាន់សម្រាប់រដ្ឋាភិបាល ដោយសារបញ្ហាទាំងពីរនេះកំពុងតែបង្កនូវផលប៉ះពាល់កាន់តែច្រើនឡើងៗដល់ប្រជាជន និងកុមារ។

លោកបានលើកឡើងថា ៖ «សិក្ខាសាលានេះគឺជាជំហាន មួយឆ្ពោះទៅមុខដ៏សំខាន់ ដោយបានស្នើសុំដល់ដៃគូនានាឱ្យ គិតគូរមែនទែនទៅលើស្ថានភាពនេះ និងកំណត់នូវវិស័យ ដែលត្រូវការស្រាវជ្រាវបន្ថែមទៀត ដែលចាំបាច់សម្រាប់ ការតាក់ តែងគោលនយោបាយនៅក្នុងវិស័យនេះ»។

លោកវេជ្ជបណ្ឌិត កុល ហេរ៉ូ ក៏បានពិភាក្សាអំពីគោលនយោ បាយដែលមានស្រាប់ផងដែរ ពាក់ព័ន្ធនឹងបរិស្ថាន និង សុខភាពសាធារណៈ ហើយលោកក៏បានអំពាវនាវដល់ភាគី ទាំងអស់ឱ្យ ធ្វើការរួមគ្នា ដើម្បីបង្កើនចំណេះដឹងស្ដីពីហានិភ័យ សុខភាពបង្កឡើងដោយបរិស្ថាន ក្នុងគោលបំណងតម្រង់ផ្លូវ សម្រាប់ការចាត់វិធានការនាពេលខាងមុខ។

ក្នុងសិក្ខាសាលានោះដែរ អង្គការយូនីសេហ្វបានធ្វើបទបង្ហាញ អំពីសារៈសំខាន់នៃបរិស្ថានដែលប្រកបដោយសុខភាពសម្រាប់កុមារ និងអំពាវនាវឲ្យមានការយកចិត្តទុកដាក់លើការឈាន ទៅរកប្រព័ន្ធសុខភាព ការអប់រំ ទឹក និងអនាម័យ ដែលធន់នឹង អាកាសធាតុ។

ចំណែក លោកបណ្ឌិត អានៀរបាន ឆាតឺរជី តំណាងស្តីទីនៃ អង្គការយូនីសេហ្វប្រចាំកម្ពុជា ក៏បានមានប្រសាសន៍ដែរថា ៖ «សិទ្ធិទទួលបានសុខភាពល្អ និងការអភិវឌ្ឍ គឺជាសិទ្ធិមួយ ក្នុងចំណោមសិទ្ធិមូលដ្ឋានបំផុតរបស់កុមារ»។

លោកបានបន្តថា នៅពេលនេះ ទាំងអស់គ្នាមកជួបជុំគ្នា ដើម្បីចែករំលែកចំណេះដឹងទៅលើការកើនឡើងនូវការគំរាមកំហែងនានាមកលើសុខភាពដោយសារបញ្ហាអាកាសធាតុ និងបរិស្ថាន ដែលកុមារកំពុងប្រឈម ហើយទាំងអស់គ្នា បានប្ដេជ្ញាចិត្តថានឹងធ្វើការរួមគ្នា ដើម្បីដោះស្រាយបញ្ហា ប្រឈមទាំងនោះ។

លោក បណ្ឌិត អានៀរបាន ឆាតឺរជី ថា ៖ «យូនីសេហ្វ នឹងបន្តធ្វើការ ដើម្បីធានាថាកុមារគឺជាបេះដូងនៃរាល់ ការធ្វើសេចក្ដីសម្រេចចិត្ត ពាក់ព័ន្ធនឹងបញ្ហាសុខភាព-បរិស្ថាន»។

យោងតាមសេចក្តីប្រកាសព័ត៌មានដដែលនេះ អង្គការ យូនីសេហ្វបានបង្ហាញអំពីការព្យាករណ៍របស់ខ្លួនទៅលើកត្តាហានិភ័យបរិស្ថាន ដែលប៉ះពាល់មកលើកុមារ ដោយ ដកស្រង់ចេញពីរបាយការណ៍ស្រាវជ្រាវសកលអំពីការពិតនៃសារធាតុពុល (Toxic Truth Report) ចេញផ្សាយ ដោយយូនីសេហ្វ និងអង្គការ Pure Earth កាលពីឆ្នាំ ២០២០។

របាយការណ៍នេះបានដាក់បញ្ចូលនូវលទ្ធផលរកឃើញដែលថាមានកុមារកម្ពុជាលើសពី ៥០ភាគរយ អាចមានកម្រិត លោហៈសំណកើនទ្បើងនៅក្នុងឈាមរបស់ពួកគេ ដែលនេះ ជាកត្តាលីករតម្រូវឲ្យមានវិធានការបន្ថែមដែលនាំឲ្យមានការរៀបចំសិក្ខាសាលានាពេលនេះ។

ប្រភពដដែលបានបញ្ជាក់ទៀតថា ជាតិលោហៈសំណ គឺជា ជាតិពុលសកម្មចំពោះសរសៃប្រសាទ ដែលអាចបណ្ដាលឱ្យ ខួរក្បាលកុមារមានការខូចខាតមិនអាចស្ដារឡើងវិញបាន នាំឲ្យមានបញ្ហារៀនមិនចេះ មានបញ្ហាសុខភាពផ្លូវចិត្ត និងបញ្ហាអាកប្បកិរិយា រួមទាំងកាត់បន្ថយសក្ដានុពល ពេញ លេញក្នុងការរកប្រាក់ចំណូលសម្រាប់ចិញ្ចឹមជីវិត។ បន្ថែមពីលើការបំពុលដោយជាតិលោហៈសំណនេះ កម្ពុជាក៏មានកម្រិតការបំពុលខ្យល់ចេញពីការរស់នៅតាមផ្ទះ ខ្ពស់បំផុតចំណាត់ថ្នាក់ទីបីនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នេះផងដែរ។
យោងតាមទិន្នន័យបឋមពីការអង្កេតប្រជាសាស្ត្រ និងសុខភាព កម្ពុជា នាពេលថ្មីៗនេះកន្លងមកនេះ បានឱ្យដឹងថា ប្រទេស កម្ពុជាសម្រេចបាននូវវឌ្ឍនភាពគួរឲ្យកត់សម្គាល់នាទសវត្សរ៍ថ្មីៗនេះ នៅក្នុងការកាត់បន្ថយអត្រាមរណភាពកុមារ។

អត្រាមរណភាពកុមារអាយុក្រោមប្រាំឆ្នាំ បានធ្លាក់ចុះពី ១២៤ នាក់ ក្នុងចំណោមកំណើតរស់ចំនួន ១០០០ នាក់ នៅក្នុងឆ្នាំ ២០០០ មកនៅត្រឹម ១៦ នាក់ ក្នុងចំណោមកំណើតរស់ចំនួន ១០០០ នាក់ នៅក្នុងឆ្នាំ ២០២១។

ការកាត់បន្ថយហានិភ័យបរិស្ថានមកលើសុខភាព គឺជាការចាំ បាច់ណាស់នៅក្នុងពេលនេះ ក្នុងគោលបំណងគាំទ្រកា រលូតលាស់ និងការអភិវឌ្ឍរបស់កុមារកាន់តែប្រសើរ ដើម្បីឲ្យពួកគេអាចសម្រេចបាននូវសក្ដានុពលពេញលេញរបស់ខ្លួន និងបានទទួលផលពីការអភិវឌ្ឍរបស់ប្រទេស៕
ដោយ៖នាង សុគន្ធា

ads banner