អ្នកនាំពាក្យក្រសួងផែនការ៖ រាជរដ្ឋាភិបាលកម្ពុជាគិតពីជីវភាពប្រជាជនជាធំ ដើម្បីសម្រេចបំណងការកាត់បន្ថយភាពក្រីក្រ

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងផែនការបានអះអាងថា រាជរដ្ឋាភិបាលកម្ពុជាគិតពីជីវភាពប្រជាជនជាធំ ដើម្បីសម្រេចបំណងការកាត់បន្ថយភាពក្រីក្រ ដែលពិភពលោកមានការកោតសរសើរលើការកាត់បន្ថយភាពក្រីក្របានឆាប់រហ័សជាងគោលដៅក្នុងគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍កម្ពុជា មកត្រឹម១៣,៥% ត្រឹមឆ្នាំ២០១៤ ដែលគោលដៅកំណត់ ១៩,៥% នៅឆ្នាំ២០១៥។ មិនដូចជាការលើកឡើងរបស់អ្នកតាមដានស្ថានការណ៍នយោបាយ និងអង្គការសង្គមស៊ីវិលដែលបានលើកឡើងថា វិធានការគាំពារសង្គមពិសេសដែលរដ្ឋាភិបាលទើបតែដាក់ចេញថ្មីៗនេះ អាចជានយោបាយទាក់ទាញទឹកចិត្តប្រជាពលរដ្ឋសម្រាប់ការបោះឆ្នោតឆ្នាំ២០២៣នោះទេ។

ឯកឧត្តម ស្រី ដា អ្នកនាំពាក្យក្រសួងផែនការ បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជាគិតពីជីវភាពប្រជាជនជាធំ ដើម្បីសម្រេចបំណងការកាត់បន្ថយភាពក្រីក្រ ដែលពិភពលោកមានការកោតសរសើរលើការកាត់បន្ថយភាពក្រីក្របានឆាប់រហ័សជាងគោលដៅក្នុងគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍កម្ពុជា មកត្រឹម១៣,៥% ត្រឹមឆ្នាំ២០១៤ ដែលគោលដៅកំណត់១៩,៥% នៅឆ្នាំ២០១៥។ កិច្ចខិតខំនេះ ត្រូវបានអង្គការសហប្រជាជាតិជ្រើសកម្ពុជា ជាក្រុមប្រទេសចំនួន៦ ដែលសម្រេចគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍បានច្រើនគោលដៅ។ ជាពិសេសក្នុងពេលប្រទេសស្ទើរពេញពិភពលោករងគ្រោះដោយសារជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលមិនត្រឹមតែស្វះស្វែងរកវ៉ាក់សាំងមកចាក់សង្រ្គោះជិវិតរបស់ប្រជាជនប៉ុណ្ណោះទេ គឺបានអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ដោយបើកសាច់ប្រាក់សុទ្ធជូនដល់ប្រជាជនក្រីក្រដែលមានប័ណ្ណសមធម៌ និងគ្រួសាររងផលប៉ះពាល់ដោយសារជំងឺកូវីដ ចាប់តាំងពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ មកដល់ពេលនេះនិងកំពុងបន្ត គឺមានរយ:ពេលជិត៣ឆ្នាំហើយ ដល់ប្រជាជនជាង៧០ម៉ឺនគ្រួសាររង្វង់២,៨លាននាក់ និងចំណាយប្រាក់ជាង៩០០លានដុល្លារ និងកម្មវិធីជំនួយសង្គមជាច្រើនរួមទាំងកម្មវិធីស្តារសេដ្ឋកិច្ចក្រោយកូវីដ និងដោយសារសង្រ្គាមរុស្សី អ៊ុយក្រែន បណ្តាលឱ្យកើនអតិផរណា បណ្តាលឱ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាជនបន្ថែមទៀត ជាពិសេសអ្នកមានចំណូលទាប ឬអ្នកកំពុងរស់នៅក្បែរខ្សែបន្ទាត់ភាពក្រីក្រ ទើបរាជដ្ឋាភិបាលសម្រេចផ្តល់អន្តរាគមន៍បើកជាសាច់ប្រាក់ដល់គ្រួសារដែលងាយរងហានិភ័យ ឬគ្រួសារកំពុងរស់នៅក្បែរខ្សែបន្ទាត់ភាពក្រីក្រ ឬរងសម្ពាធអតិផរណា តាមរយ:ទិន្នន័យរបស់ក្រសួងផែនការ គឺជំហានទី១ មានចំនួនគ្រួសារជាង៣០ម៉ឺនគ្រួសារ នឹងបើកប្រាក់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២នេះ។

អ្នកនាំពាក្យក្រសួងផែនការបានបញ្ជាក់ថា អ្វីដែលរាជរដ្ឋាភិបាលកំពុងអនុវត្តនេះ គឺដើម្បីរក្សាលំនឹងជីវភាពរបស់ប្រជាជនប៉ុណ្ណោះជាច្រើនអាណត្តិកន្លងមកហើយ រាជរដ្ឋាភិបាលមិនដែលបានបើកប្រាក់ដល់ប្រជាជនដូចអំឡុងពេលកូវីដ និងសម្ពាធអតិផរណា ក៏ទទួលបានជោគជ័យក្នុងការបោះឆ្នោតភ្លូកទឹកភ្លីកដី៕
ដោយ៖ពលជ័យ

ads banner